ខេត្តបាត់ដំបង ៖ សត្វកណ្ដូបរាប់លានក្បាលបាននិងកំពុងបំផ្លាញស្រូវប្រជាកសិកររាប់រយហិចតាដែលប៉ះពាល់ទៅលើភូមិចំនួន៦ ក្នុងឃុំរកា ស្រុកសង្កែ ជិត២ខែកន្លងមកហើយ តែអាជ្ញាធរទើបមានការភ្ញាក់ផ្អើលនិងចុះទៅពិនិត្យនៅព្រឹកថ្ងៃទី០១ តុលា ២០១៥នេះ។
ប្រជាកសិករបាននិយាយថា គេបានប្រទះឃើញសត្វកណ្ដូបនេះបង្ហាញខ្លួននៅតាមស្រែនានានៅតំបន់នោះតាំងពីអំឡុងខែសីហាកន្លងទៅ តែមិនច្រើនប៉ុន្មានទេ។ ប៉ុន្តែវាមានចំនួនកាន់តែច្រើនឡើងៗ ប្រហែលជាង១សប្ដាហ៏មុននេះ។
ប្រជាពលរដ្ធបន្តថា សត្វកណ្ដូបទាំងនេះបានស៊ីផ្ដាច់ដើមស្រូវតែម្ដង ហើយប៉ះពាល់ទៅលើដំណាំស្រូវរបស់កសិករចំនួន៦ភូមិ នៅក្នុងឃុំរកា ស្រុកសង្កែ។ ប្រភពដដែលថា អ្នកភូមិគ្មានវិធីសាស្ត្រដើម្បីកំចាត់សត្វកណ្ដូបរាប់លានក្បាលទាំងនេះទេ គឺបានត្រិមតែដេញបង្អើលតែប៉ុណ្ណោះ។ ដូច្នេះពួកគាត់ស្នើឲ្យអាជ្ញាធរជួយរកមធ្យោបាយកំទេចសត្វចង្រៃទាំងនេះផង បើមិនចឹងទេស្រូវរាប់រយហិកតាអាចប្រឈមនឹងការខូចខាតជាមិនខាន។
ជុំវិញសត្វកណ្ដូបរាប់លានក្បាលកំពុងស៊ីបំផ្លាញស្រូវប្រជាកសិករខាងលើជិត២ខែកន្លងទៅនេះ អាជ្ញាធរហាក់មិនបានដឹងឡើយ ប៉ុន្តែមន្ត្រីនានាទើបបានដឹងនៅព្រឹកថ្ងៃទី០១ តុលា ទើបចុះទៅពិនិត្យផ្ទាល់តែម្ដង។ អភិបាលស្រុកសង្កែ លោកគឹម វណ្ណៈ ដែលបានដឹកនាំកម្លាំងចុះទៅពិនិត្យផ្ទាល់បានឲ្យដឹងថា ពិតជាមានសត្វកណ្ដូបស៊ីបំផ្លាញដំណាំស្រូវប្រជាពលរដ្ធមែន តែលោកទើបទទូលបានដំណឹងនេះដែរ។
លោកថា សត្វកណ្ដូបកំពុងបំផ្លាញទៅលើដំណាំស្រូវប្រជាកសិករចំនួន៦ភូមិ ក្នុងឃុំរកា តែលោកមិនទាន់អាចប៉ាន់ប្រមាណអំពីទំហំនៃការខូចខាតដំណាំស្រូវនោះទេ ហើយលោក និងមន្ត្រីកសិកម្មក៏កំពុងរកមធ្យោបាយដោះស្រាយហើយដែរ។
បើតាមប្រជាពលរដ្ឋនិយាយថា ប៉ុន្មានថ្ងៃចុងក្រោយនេះសត្វកណ្ដូបហាក់មានការថមថយបន្តិចហើយ តែដំណាំស្រូវជាច្រើនហិកតាបានរងការខួចខាត។ ជាមួយគ្នានេះដែរ មន្ត្រីកសិកម្មហាមមិនឲ្យប្រជាកសិករប្រើប្រាស់ថ្នាំផ្សេងៗ យកទៅបាញ់សម្លាប់សត្វកណ្ដូបទាំងនេះទេ ព្រោះខ្លាចប៉ះពាល់ដំណាំស្រូវ។ ប៉ុន្តែមន្ត្រីបានណែនាំប្រជាពលរដ្ឋឲ្យប្រើប្រាស់មុង ឬសំណាញ់អូសចាប់សត្វកណ្ដូបទាំងនេះវិញ ខណៈមន្ត្រីជំនាញកំពុងរិះរកវិធានការកំចាត់សត្វទាំងនេះ៕



ចែករំលែកព័តមាននេះ