រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរ
ថ្នាំញៀនម្នាក់ ដោយដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៩២កញ្ចប់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០១ តុលា ២០១៥ ស្ថិតនៅមុខផ្ទះលេខ៧៩ ផ្លូវលេខ៧០ ក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពបានដឹងថា ក្រោយពីកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរថ្នាំញៀននៅចំណុចមុខផ្ទះលេខ៧៩ ផ្លូវលេខ៧០ ស្ថិតក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងតាមបទបញ្ជារបស់លោកអធិការកម្លាំងនគរបាលជំនាញ បានចុះទៅដល់គោលដៅដែលប្រជាពលរដ្ឋរាយការណ៍ ក៏ប្រទះឃើញបុរសម្នាក់ ហើយធ្វើការឃាត់ខ្លួន និងឆែកឆេររកថ្នាំញៀនប្រភេទម៉ាទឹកកកបានចំនួន៩២កញ្ចប់តូច ក្នុងនោះមានកញ្ចប់តូចតម្លៃ២ម៉ឺនរៀល ចំនួន៧៩កញ្ចប់ និងតម្លៃ១០ដុល្លារចំនួន១៣កញ្ចប់ ដែលជនសង្ស័យរូបនេះលាក់ទុកក្នុងកាបូបពណ៌ខ្មៅទុក ក្នុងរូបតុក្កតាខ្លាឃ្មុំ ។
ជនសង្ស័យឈ្មោះទេព ថុល ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលប្លុក បច្វុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕
ចែករំលែកព័តមាននេះ