ខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី៣០ កញ្ញា ២០១៥នេះ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានដឹកនាំសមត្ថកិច្ចចំរុះមានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង និងសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ខេត្ត ចុះទៅបោះខ្សែកំណត់ព្រំចិញ្ចើមផ្លូវឱ្យអាជីវករលក់ដូរនៅចំណុចមុខផ្សារឆ្នាំង សង្កាត់ និងក្រុងកំពង់ឆ្នាំង ដែលតែងតែបង្កឱ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។
ការអនុវត្តបែបនេះ បន្ទាប់ពីលោកអភិបាលខេត្តកំពង់ឆ្នាំងបានព្រមានក្នុងកិច្ចប្រជុំមួយកាលពីចុងសប្តាហ៍កន្លងទៅ ថានឹងដកនាយនគរបាលសណ្តាប់ធ្នាប់ខេត្ត និងមន្ត្រីអសកម្មទាំងឡាយដែលអសកម្មមិនធ្វើការ បណ្តោយឱ្យមានការលក់ដូរគ្មានសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវសាធារណៈ បាត់បង់សោភ័ណភាព និងស្ទះចរាចរណ៍ ពិសេសនៅចំណុចមុខផ្សារឆ្នាំងនេះជាដើម ។
លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា ការចុះបោះព្រំកំណត់ឱ្យអាជីវករលក់ដូរនេះ គឺដើម្បីឱ្យអាជីវករទាំងអស់ចូលរួមគោរពច្បាប់ និងគោលការណ៍របស់អាជ្ញាធរខេត្ត និងក្រុងក្នុងការរៀបចំលក់ដូរឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាព បញ្ជៀសបាននូវការកកស្ទះចរាចរណ៍ដែលបណ្តាលមកពីការលក់ដូរលានលយមកលើផ្លូវថ្នល់។
នៅក្នុងការកំណត់ព្រំនេះ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានកំណត់វាស់ពីអ័ក្សផ្លូវប្រវែង៥ម៉ែត្រ ទើបអនុញ្ញាតឱ្យអាជីវករដាក់អីវ៉ាន់លក់ដូរបាន និងហាមមិនឱ្យលក់លានលយចូលលើផ្លូវថ្នល់ទៀតឡើយ។ ក្រោយពីការណែនាំ និងបោះព្រំកំណត់រួចហើយ បើសិនជាមានអាជីវករណានៅតែបំពានយកផ្លូវសាធារណៈមកដាក់តាំងអីវ៉ាន់លក់ដូរទៀតនោះ អាជ្ញាធរក្រុងនឹងអនុវត្តតាមផ្លូវច្បាប់ គឺចាប់ធ្វើការផាកពិន័យឱ្យតឹងរ៉ឹងតែម្តង ព្រោះអាជីវករទាំងអស់បានផ្តិតមេដៃក្នុងកិច្ចសន្យាយល់ព្រមតាមគំរោងរបស់អាជ្ញាធរក្រុង និងខេត្តរួចហើយក្នុងការកំណត់រៀបចំនេះ៕






ចែករំលែកព័តមាននេះ