ខេត្តមណ្ឌលគិរី ៖ ក្នុងបំណងទប់ស្កាត់ការបញ្ចេញលក់នូវមុខទំនិញ និងម្ហូបអាហារដែលខូចគុណភាពក្នុងរដូវភ្ជុំបិណ្ឌពីសំណាក់អាជីវករក្នុងក្រុងសែនមនោរម្យ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបើកប្រតិបត្តិការចុះត្រួតពិនិត្យគ្រប់មុខទំនិញ និងម្ហូបអាហារនៅតាមហាងលក់ទំនិញជាច្រើនកន្លែង ព្រមទាំងតូបនីមួយៗក្នុងផ្សារក្រុងសែនមនោរម្យ ដែលប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ តុលា ២០១៥ ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានត្រួតពិនិត្យគ្រប់មុខទាំងអស់រួមមានគ្រឿងកំប៉ុង អាហារវិចខ្ចប់រួច ត្រី-សាច់គ្រប់ប្រភេទ និងបន្លែបង្ការគ្រប់មុខ ព្រោះខ្លាចរាល់មុខទំនិញទាំងនោះហួសកាលបរិច្ឆេទ ក្លែងបន្លំម៉ាកសញ្ញាគ្មានស្លាកសញ្ញាត្រឹមត្រូវ ហើយរាល់មុខទំនិញខ្លះដែលជាគ្រឿងកំប៉ុង គឺខ្លាចអាជីវករដាក់លក់ទំនិញច្រែះស៊ី ចំណែកឯបន្លែបង្ការ និងត្រី-សាច់ គឺមន្ត្រីបានធ្វើការពិសោធន៍យ៉ាងច្បាស់លាល់ ខ្លាចក្រែងមានផ្ទុកសារធាតុគីមី ។
លោកចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរីបានឲ្យដឹងថា សម្រាប់ប្រតិបត្តិការចុះត្រួតពិនិត្យទំនិញ និងម្ហូបអាហារលើកនេះ គឺជាលើកទី៤ហើយក្នុងឆ្នាំ២០១៥នេះនៅក្រុងសែនមនោរម្យ ហើយការចុះត្រួតពិនិត្យនេះដើម្បីប្រមូលនូវគ្រប់មុខទំនិញនិងម្ហូបអាហារខូចគុណភាពយកទៅដុតកម្ទេចចោលជៀសវាងការលក់ដូរទំនិញខូចគុណភាពទាំងអស់នោះ ទៅឲ្យប្រជាលពលរដ្ឋដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងនៅពេលប្រើប្រាស់ និងបរិភោគ ។
លោកប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរីបានឲ្យដឹងទៀតថាអ្វីដែលជាភាពល្អប្រសើរនោះគឺអាជីវករក្នុងក្រុងសែ នមនោរម្យទាំងអស់ពុំមានលក់នូវទំនិញ និងម្ហូបអាហារ ដែលខូចគុណភាពឡើយដូច្នេះបានស្ដែងបញ្ជាក់ឲ្យឃើញថា អាជីវករ ទាំងអស់គឺពួកគាត់មានការយល់ដឹងខ្ពស់ជាងមុន ដោយពួកគាត់អាចពិនិត្យទំនិញពីក្រុមហ៊ុនបានដោយខ្លួនឯង មុនពេលយកមកលក់ឲ្យប្រជាពលរដ្ឋ ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញក៏បានពន្យល់បន្ថែមទៅអាជីវករពីបញ្ហាអំពីអនាម័យនិងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទទំនិញនីមួយៗដោយទំនិញហូបចុកនិងទំនិញប្រើប្រាស់ផ្សេងៗ
ត្រូវដាក់ដាច់ដោយឡែកពីគ្នានិងបានណែនាំមិនឲ្យអាជីវករឆ្លៀតឱកាសយកទំនិញដែលខូចគុណភាព
លក់បន្តឲ្យអាជីវករនៅតាមទីជនបទដែលពុំសូវមានការ យល់ដឹងពីព្រោះមន្ត្រីជំនាញសង្កេតឃើញថា នៅតាមទីជនបទក្នុងមណ្ឌលគិរីគឺមានលក់នូវទំនិញដែលខូចគុណច្រើន ៕
ករុណា29040


ចែករំលែកព័តមាននេះ