ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសខ្មែរ២នាក់ ត្រូវទាហានឈុតខ្មៅថៃធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃទី០១ តុលា ២០១៥ ស្ថិតនៅចំណុចប៉ម០១០ក្នុងទឹកដីថៃ ទល់មុខប៉ុស្តិ៍គីឡូ១៣ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយចោទប្រកាន់ថា បានចូលទៅថតយកព័ត៌មានក្នុងទឹកដីគេដោយខុសច្បាប់ (សង្ស័យចារកម្មព័ត៌មាន) តែត្រូវបានដោះលែងវិញបន្ទាប់ពីសួរនាំដឹងរឿងរួចហើយ ។
ប្រភពបានឱ្យដឹងថា បុរសទាំង២នាក់ខាងលើ ១-ឈ្មោះកាយ សុធា ភេទប្រុស អាយុ៣២ឆ្នាំ និង២-ឈ្មោះស៊ឹម វុន អាយុ៥៦ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិស្រឡៅជ្រំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។
ប្រភពបន្តថា កម្លាំងនគរបាលការពារព្រំដែនលេខ៨១៧ ក៏បានចូលទៅសួរនាំបុរសទាំង២នាក់ដោយផ្ទាល់ទើបដឹងថា ការពិតពួកគេមកឈរចាំបងប្អូនវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃនោះទេ ខណៈដែលពួកគេអត់ស្គាល់ភូមិសាស្ត្រនោះ ទើបទៅឈររេរនៅទីតាំងខាងលើ ហើយក៏ត្រូវក្រុមទាហានថៃឃាត់ខ្លួនតែម្តង ។ ប៉ុន្តែបន្ទាប់ពីសួរនាំដឹងរឿងរួចហើយទើបដឹងថា មានការយល់ច្រឡំ ខាងទាហានថៃក៏បានដោះលែងពួកគេវិញទៅ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ