ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់ នៅភ្នំពេញ ដែលអាជ្ញាធររកពុំទាន់ឃើញ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៣​ ខែមេសា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានប្រកាស​ឈ្មោះអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់ ដែលអាជ្ញាធររកពុំឃើញ​។ អ្នកជំងឺទាំង…

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៣​ ខែមេសា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានប្រកាស​ឈ្មោះអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់ ដែលអាជ្ញាធររកពុំឃើញ​។ អ្នកជំងឺទាំង ១២នាក់នោះ រកឃើញឆ្លងកូវីដ១៩ កាលពី​ថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា «ករណីវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ត្រូវក្រុម​គ្រូពេទ្យ ពុំទាន់រកទីតាំងឃើញ ព្រោះពួកគាត់ ពុំបានផ្ដល់នូវព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទ និងអាសយដ្ឋានពិតប្រាកដ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងក្រោម សូមជូនដំណឹងដល់ពួកគាត់​អោយទៅទទួលការព្យាបាល»។​

យ៉ាងណាក៏ដោយ បន្ទាប់ពីប្រកាសដូច្នេះ តាមហ្វេសប៊ុក ក៏មានអ្នកប្រើហ្វេសប៊ុកឈ្មោះ Nak Nak បាន Comment លើហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញថា លេខរៀងទី១ ទាក់ទងទៅ ១១៥ ( ទូរស័ព្ទ Hotline របស់ពេទ្យ ) ហើយ តែឲ្យចាំនៅផ្ទះសិន ព្រោះពេទ្យអត់កន្លែងដាក់ទេ​។

អ្នកលេងហ្វេសប៊ុកដដែល បានសុំសួរទៅរដ្ឋបាលរាជធានីភ្នំពេញថា «គេឲ្យទាំងលេខ ទាំងអត្តសញ្ញាណប័ណ្ណ​ ពេលពិនិត្យ ហេតុអ្វីក៏ទាក់ទងមិនបាន​? ហើយពេលបុគ្គល​ ដែលគ្នាឈឺនៅផ្ទះ ( ឡើង​កំដៅជិត ៤០°C ) ខំខ្នះខ្នែង​តេទៅ ១១៥ តែគេ​ឲ្យរង់ចាំពេទ្យ​ទាក់ទងទៅ។ ចាំដល់ថ្ងៃនេះហើយ បើឲ្យតែថ្នាំគ្នាញ៉ាំនៅផ្ទះ​ក៏បានដែរ​»។​

យ៉ាងណាក៏ដោយ ជុំវិញករណីនេះ ត្រូវបាន​អាជ្ញាធរខណ្ឌ​​ បាន​ឆ្លើយតបនឹងក្រុមគ្រួសារ​អ្នកទើប​រកឃើញឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែមេសានេះថា ពេទ្យ​អស់​កន្លែងសម្រាក​ព្យាបាលហើយ​។ អាជ្ញាធររាជធានីភ្នំពេញ កំពុងរៀបចំ​កន្លែងសម្រាប់​អ្នកជំងឺ​កូវីដ​ ហើយ​អ្នកទើបឆ្លងថ្មី ក្នុងកម្រិតស្រាល គឺ​ត្រូវសម្រាក​នៅផ្ទះ​ ព្យាបាល​ដោយខ្លួនឯង​សិន ដោយអាចខល​ទូរស័ព្ទទាក់ទងពេទ្យ​ ហើយក៏មានពេទ្យ ​ចុះមក​ពិនិត្យ​ដែរ បើសិនជា​មានអាការៈ​ធ្វើទុក្ខណាមួយ។

សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ​ ក៏បានប្រកាសឈ្មោះ​អ្នកជំងឺកូវីដ១៩ ចំនួន ៩នាក់ ដែលរកមិនឃើញដូចករណីអ្នកជំងឺកូវីដ១៩ ទាំង ១២នាក់ខាងលើនេះដែរ។ តែម្សិលមិញ តែប៉ុន្មានម៉ោងប៉ុណ្ណោះ អ្នកជំងឺកូវីដ១៩ ទាំង ៩នាក់នោះ បានទាក់ទង​ទៅកាន់អាជ្ញាធរ និងពេទ្យ​អស់ទាំង ៩នាក់​។ ការប្រញាប់ប្រញាល់ទាក់ទងនោះ ដោយសារតែអាជ្ញាធរសមត្ថកិច្ច បានព្រមានថា អ្នកគេចវេះ មិនចូលមកព្យាបាល ត្រូវមានទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ​។ ដូច្នេះ​បានសេចក្តីថា អ្នកជំងឺកូវិដ១៩ទាំងនោះ ខ្លាចជាប់គុក ច្រើនជាង​ខ្លាច​ស្លាប់ ដោយសារជំងឺកូវីដ១៩៕