ខេត្តសៀមរាប ៖ មន្ត្រីតុលាការខេត្តសៀមរាបបានបង្ហើបប្រាប់ថា អតីតនិស្សិតនៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ កាលពីថ្ងៃទី៣០ កញ្ញា ២០១៥នេះ បន្ទាប់ពីនិស្សិតរូបនោះបានសរសេរនៅក្នុងAccount Facebook របស់ខ្លួនថា «ចាំសម្ដេចមកនាំគ្នាបោកគ្រាប់បែកឲ្យងាប់ទាំងអស់គ្នាតែម្ដង»។
នៅរសៀលថ្ងៃទី៣០ កញ្ញា អតីតនិស្សិតនៅសាកលវិទ្យាល័យរូបនោះត្រូវបានឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារហើយ តែមិនទាន់ដឹងពីបទចោទប្រកាន់នៅឡើយទេ។
លោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនកាលពីម៉ោង១២ ថ្ងៃទី២៨ កញ្ញា បន្ទាប់ពីទទួលព័ត៌មានពីសាលាអំពីការគំរាមតាម comment ថា នឹងសម្លាប់សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសទទួលសញ្ញាបត្រ។
លោកបន្តថា ជននេះមានឈ្មោះតៅ សារឿន អាយុ២៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ លោកបន្តថា ទោះបីជាយ៉ាងណាការចែកសញ្ញាប័ត្រនៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៌អេយសៀនេះ បានប្រព្រឹត្តទៅដោយរលួន។
តាមប្រភពនៅក្នុងសាលាបានឲ្យដឹងថា កាលពីថ្ងៃទី២៦ កញ្ញា ដោយសារការទទួលព័ត៌មានពីការពន្យារពេលពីសម្តេចក្រឡាហោមស ខេង ទើបបានធ្វើឲ្យអតីតនិស្សិតរៀននៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀ មិនសប្បាយចិត្តយ៉ាងខ្លាំង ហើយបាន comment គំរាមបោកគ្រាប់បែកសម្លាប់សម្តេច ស ខេង តែម្តង ដោយបានសរសេរថា «ចាំសម្តេចមកដល់នាំគ្នាដាក់គ្រាប់បែក ឲ្យងាប់ទាំងអស់គ្នាតែម្តង»។
ប៉ុន្តែទោះបីជាយ៉ាងណាការចែកសញ្ញាបត្រនៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀ បានប្រព្រឹត្តទៅធម្មតាគ្មានបញ្ហាអ្វីនោះទេ៕




ចែករំលែកព័តមាននេះ