ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ឈ្វេងយល់​ពី​របៀប​រៀប​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដូច​តទៅ

3 ឆ្នាំ មុន

យោង​តាម​សៀវភៅ​មហាសង្ក្រាន្ត​បាន​បរិយាយ​ថា មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ពុធ ៣ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែមេសា គ​.​ស…

យោង​តាម​សៀវភៅ​មហាសង្ក្រាន្ត​បាន​បរិយាយ​ថា មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ពុធ ៣ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែមេសា គ​.​ស ២០២១ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ។

ទេពធីតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​គ្រប់គ្រង​ថែរក្សា​ជម្ពូទ្វីប​មនុស្សលោក​ចាប់​ពេល​នេះ​តទៅ ជា​ទេវធីតា​មួយ​ព្រះ​អង្គ ជា​អគ្គ​នាយិកា​ព្រះ​នាម ម​ណ្ឌា​ទេវី ជា​បុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​អន (​ខៀវខ្ចី​) លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​ចម្ប៉ា អ​ភ​រណៈ​កែវ​ពិទូរ្យ ភក្សាហារ​ទ្រង់​សប្បិ (​ទឹកដោះ​) ព្រ​ហ​ស្ថ​ស្ដាំ​ទ្រង់​ម្ជុល ព្រ​ហ​ស្ថ​ឆ្វេង​ទ្រង់​ឈើច្រត់ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះ​នេត្រ​នៅ​លើ​ខ្នង គ​ទ្រ​ភៈ (​សត្វ​លា​) ជា​យានពាហនៈ ។ ទើប​នាំ​អស់​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ​ធម្ម​មាលី​នាទី​ភ្នំ​កៃលាស​ខេត្ត​ហិមពាន្ត ជាទី​តម្កល់​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី ។

សូម​ខេមរជន​គ្រប់​រូប​ឈ្វេងយល់​អំពី​រណ្ដាប់​ទទួល​ទេវធីតា​ឆ្នាំ​ថ្មី ព្រះ​នាង​ម​ណ្ឌា​ទេវី​ដូច​តទៅ​៖

រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស​ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា​មាន​ជា​អាទិ៍​៖
១- បាយសី ៩​ថ្នាក់​មួយគូ​, ២-​បាយសី ៧​ថ្នាក់​មួយគូ​, ៣-​បាយសី ៥​ថ្នាក់​មួយគូ​, ៤-​បាយសី​៣​ថ្នាក់​មួយគូ​, ៥-​បាយសី​ប៉ាឆា​ម​មួយគូ​, ៦-​ស្លាធម៌​មួយគូ​, ៧-​ទឹកអប់​មួយគូ​, ៨-​ទៀន​៥ ធូប​៥ លា​ច​៥ ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ​, ៩-​ចេកនួន ចេកណាំវ៉ា ដាក់​លើ​ជើងពាន​មួយគូ​, ១០-​ផ្លែ​ឈើ​១១​មុខ រៀប​ដាក់​ជើងពាន​១​គូ​, ១១-​ដូង​ឡៅ​មួយគូ និង​១២-​ទឹក​ស្អាត​ពីរ​កែវ ។

សូម​បញ្ជាក់ ចំពោះ​បាយសី ៩​ថ្នាក់ ៧​ថ្នាក់ ជា​ទំនៀម​មាន​ចែង​នៅ​ក្នុង​សៀវភៅ​ព្រ​រាជពិធី​ទ្វាទសមាស និង​មាន​អនុវត្ត​នៅ​ព្រះ​បរមរាជវាំង តែ​ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះ​មក​ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា ដែល​មាន​ទៀន​ប្រាំ ធូប​ប្រាំ ស្លាធម៌ កូន​ចេក​មួយគូ ក៏​ល្មម​សមគួរ​ដែរ ។

ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជារាស្ត្រ​គួរ​រៀប​ឲ្យ​បាន​ត្រឹម​៣ ឬ​៥​មុខ​ក៏​ជា​ការ​ប្រសើរ គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន​ចុះ​មិន​ទាស់​ខុស​អ្វី​ទេ ។ នៅ​គ្រប់​តង្វាយ​ទាំងអស់​ត្រូវ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​តង្វាយ នៅ​លើ​ជើងពាន​និង​លើ​បាយសី ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ ។ លោក​អ្នក​អាច​ក្រាល​សំពត់​ព​ណ៍​ស​ក៏​បាន​ខៀវខ្ចី​ក៏​បាន តាម​អម្ពរ​របស់​ទេពធីតា ។

ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក​ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ នមស្សការ​ព្រះ​រតនត្រ័យ​សមាទានសីល​ហើយ​តាំងចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរឭក លោក​អ្នក​នឹង​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​តរៀង​ទៅ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ