រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ព្រឹកនេះ សាលាខណ្ឌទួលគោកបានធ្វើពិធីបើកការដ្ឋានជួសជុលផ្លូវ និងដាក់ប្រព័ន្ធលូរួមគ្នាក្នុងសង្កាត់ទាំង១០ ដែលជាគម្រោងអភិវឌ្ឍជួសជុលផ្លូវ ដាក់ប្រព័ន្ធលូរបស់សាលាខណ្ឌឆ្នាំ២០១៥។
ពិធីនេះបានធ្វើឡើងនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក កែងផ្លូវ៥៦៦ ក្រោមអធិបតីភាពលោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក។
ផ្លូវដែលត្រូវជួសជុល និងស្ថាបនាមានផ្លូវចាក់កៅស៊ូបេទីមីណឺ១២.៤៥៧ម៉ែត្រការ៉េ ដាក់ប្រព័ន្ធលូមុខ៨តឹក ១.២៧៦ម៉ែត្រ ជួសជុលប្រព័ន្ធលូមុខ៦តឹក ១.២៣១ម៉ែត្រ ព្រមទាំងស្តារលូ និងអណ្តូងលូប្រវែង៧.៩៥៦ម៉ែត្រ ចំណាយអស់ថវិកា៣ពាន់៥រយលានរៀលជាគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ២០១៥។
ក្នុងឱកាសនោះលោកឯក ឃុនឌឿន បានមានប្រសាសន៍ថា ការស្ថាបនាផ្លូវ លូនេះជាការឆ្លើយតបតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងរូបមន្តរបស់អភិបាលរាជធានីដើម្បីជួយសម្រួលការលំបាកជូនពលរដ្ឋក្នុងមូលដ្ឋាន៕
ចែករំលែកព័តមាននេះ