មានមនុស្សមិនតិចក្នុងមួយថ្ងៃៗ ពួកគេបានខ្ជះខ្ជាយកាកសំណល់ សំរាម ប្លាស្ទិក និងលុយផងដែរ ដែលនេះជាការប៉ះពាល់ខ្លះទៅដល់សុខភាពមនុស្សនិងបរិស្ថាន ។ យោងតាមការដកស្រង់អត្ថបទពីវេបសាយ Discover បាននិយាយថា តើអ្នកដឹងទេ ? គ្រាន់តែអ្នកសន្សំសំចៃដោយព្យាយាមមិនប្រើប្លាស្ទិក វាជួយអ្នកបានច្រើនប៉ុនណា ? មនុស្សជាច្រើនបានបោះចោលលុយ តាមរយៈការចោលម្អូបអាហារ ដបទឹកសុទ្ធ (ដបប្លាស្ទិក) សម្រាប់ដបប្លាស្ទិកសុទ្ធតែអាចយកមកប្រើប្រាស់ម្តងទៀតបាន ។ យោងតាមទីភ្នាក់ងារការពារបរិស្ថាន (EPA) ជនជាតិអាមេរិកម្នាក់ ជាធម្មតាផលិតកាកសំណល់ប្រហែល ៤ ផោនជាងជារៀងរាល់ថ្ងៃ ។ ដូចនេះតោះ ! មកឈ្វេងយល់អំពីចំណេះដឹងខ្លះ ដើម្បីជួយផ្នែកហិរញ្ញ និងជួយដល់បរិស្ថាន ៖

ទី ១) អ្នកត្រូវរៀនតាមដានកាកសំណល់របស់អ្នក
វិធីល្អដើម្បីមើលថាតើសំរាម (និងលុយ) ប៉ុន្មាន ? អ្នកត្រូវឈ្វេងយល់អំពី អ្វីខ្លះដែលអ្នកខ្ជះខ្ជាយទៅលើ គឺត្រូវតាមដាននូវអ្វីដែលអ្នកបោះចោល ។ ជំហានដំបូងក្នុងការសន្សំប្រាក់ជាមួយកាកសំណល់សូន្យ គឺកត់ត្រារាល់អ្វីៗ ដែលគ្រួសារអ្នកបោះចោលអស់មួយសប្តាហ៍ ។ វាមិនមែនជារឿងកប្លែងទេណា អ្នកត្រូវដឹងថា សំរាមដែលអ្នកបោះចោលសុទ្ធតែជាលុយ នៅពេលអ្នកដឹងបែបនេះអ្នកនឹងមានការគិតពិចារណាថា អ្វីគួរទិញ ហើយនឹងខាតបង់ប៉ុនណានៅពេលអ្នកបោះវាចោលដោយប្រើបានតែបន្តិច ឬក៏សម្លៀកបំពាក់ធ្លុះធ្លាយបន្តិចអ្នកអាចប៉ះវាបាន ។ បន្ទាប់មកអ្នកគួរចេះបែងចែកប្រភេទសំរាម (សំរាមខ្លះយើងអាចទុកលក់ទៅវិញ សំរាមខ្លះយើងអាចបំលែងវាទៅជាជីកំប៉ុស ហើយសំរាមខ្លះយើងអាចបំលែងវាឱ្យប្រើប្រាស់ម្តងទៀតបាន)។ តើសំរាមភាគច្រើនដែលអ្នកបោះចោល គឺជាប្លាស្ទិក សម្ភារៈក្រដាស ឬកាកសំណល់អាហារមែនទេ ?

ទី ២) អ្នកត្រូវពិចារណាឡើងវិញ នូវវិធីសាស្ត្រថ្មី ក្នុងការដើរទិញអីវ៉ាន់
ជំហាននេះដើម្បីសន្សំប្រាក់ជាមួយកាកសំណល់សូន្យ គឺត្រូវពិនិត្យមើលរបៀបដែលអ្នកទិញគ្រឿងទេស ការទិញចំណីអាហារគ្មានកញ្ចប់ ដូចជាផ្លែឈើ បន្លែ និងទំនិញស្ងួត ដែលត្រូវបានថ្លឹងដោយទម្ងន់ វាគឺជាយុទ្ធសាស្ត្រមួយដែល Schulhof ព្យាយាមបង្ហាញ ដើម្បីឱ្យមានការផលិតកាកសំណល់តិចបំផុត និងសន្សំប្រាក់លើការចំណាយគ្រួសារ ។ នៅគ្រប់ពេលអ្នកចូលទៅក្នុងហាងលក់គ្រឿងទេស ឬម្ហូប អ្នកតែត្រៀម ដូចជាកាបូប ថង់ក្រណាត់ ឬក្រឡ ដែលអាចដាក់គ្រឿងទេសបាន ឬម្ហូបរបស់អ្នកបាន វាគឺជាការសន្សំការវេចខ្ចប់ ប្រាក់សម្រាប់ទិញថង់ប្លាស្ទិកផងដែរ ។

ទី ៣) ការរៀបចំផែនការ និងការរៀបចំអាហារទុកជាមុន
ការរៀបចំផែនការចំណីអាហារ មានន័យថា អ្នកបានគូសផែនទី សម្រាប់ការបរិភោគអាហាររាល់ថ្ងៃ (គិតគូថាថ្ងៃនេះ និងត្រូវញុំាអ្វីខ្លះ) ដែលគួរតែអាចំណត់ពេលឱ្យជាក់លាក់ក្នុងការញុំា (បីដងក្នុងមួយថ្ងៃ ឬប៉ុន្មានដងក្នុងមួយថ្ងៃ) ។ អ្នកអាចរៀបចំម្ហូបរបស់អ្នកមួយសប្តាហ៍ឬមួយខែម្តង វាអាស្រ័យទៅលើការរស់នៅផ្ទាល់របស់អ្នកនិងគ្រួសារ (មានន័យថាបរិភោគទាំងអស់នោះអស់ហើយ ទើបយើងត្រូវទិញចូលថ្មីទៀត ធ្វើដូចនេះអ្នកមិនខ្ជះខ្ជាយម្ហូប) ។ មុនអ្នកចូលទៅទិញអាហារ អ្នកគួរមានក្រដាសសម្រាប់កត់ត្រា មុខអាហារណាដែលអ្នកត្រូវទិញ គ្រឿងទេសនានា ហើយអ្នកត្រូវតែមានការកំណត់ ឱ្យជាក់លាក់ផងដែរ នូវថវិកាក្នុងការទិញម្ហូប (ដាក់គម្រោងថាមួយអាទិត្យនឹង ត្រូវតែចំណាយត្រឹមនេះ ឬប៉ុណ្ណោះ) ។ ចំពោះគ្រឿងទេសវិញ ប្រសិននៅក្នុងផ្ទះរបស់អ្នកនៅសល់ច្រើនហើយ គួរតែព្យាយាមប្រើឱ្យអស់សិន ឬក៏ទិញចូលបន្ថែមតិចតួចបានហើយ ។ ត្រង់ចំណុចនេះ អ្នកជំនាញសូមណែនាំ ឱ្យអ្នកគ្រប់គ្នាទិញអាហារត្រឹមតែមួយសប្តាហ៍ម្តងបានហើយ ដើម្បីចៀសវាងការខូតខាតអាហារ ដែលធ្វើឱ្យអ្នកអាចមានចិត្តចង់បោះចោលអាហារ (នៅអ្នកឃើញវារលួយឬទុកយូរថ្ងៃ) សូមបញ្ជាក់ផងដែរ សម្រាប់ពេលបច្ចុប្បន្ន កំពុងមានកូវីដ ១៩ មានមនុស្សជាច្រើនមិនបានចេញទៅណា ហើយប្រសិនជាអ្នកមានទូរទឹកកកធំ ជាមតិយោបល់អ្នកគួរទិញទុកម្តងមួយខែ ។

ទី ៤) ដាំគ្រឿងផ្សំ បន្លែ ឬអ្វីៗដែលយើង អាចធ្វើបានដោយខ្លួនឯង
យុទ្ធសាស្ត្រមួយនេះ សំខាន់ណាស់ (ជាពិសេសសម័យកូវីដ ១៩) ក្នុងការដាំដុះ និងការផលិត អ្វីៗមួយចំនួននៅផ្ទះខ្លួនឯង ។ អ្នកប្រហែលជាអាច ចំណាយលុយបន្តិចបន្តួចសម្រាប់ការទិញគ្រាប់ពូជ និងដីសម្រាប់ដាំនៅពេលអ្នកចាប់ផ្តើមដំបូង ប៉ុន្តែប្រសិនជាអ្នកមានដីរាងធំល្មម នោះអ្នកប្រាកដជាអាចដាំបានច្រើន និងអាចសន្សំប្រាក់ពីការទិញបន្លែ ផ្លែឈើពីក្នុងហាងផងដែរ ជាពិសេសអ្នកទទួលបានបន្លែធម្មជាតិទៀតផង ។ ហើយប្រសិនជាអ្នកគិតថាវាមានផលច្រើន នោះអ្នកក៏អាចលក់បានលុយមកវិញខ្លះ ។ ប្រសិនបើអ្នកកំពុងសិក្សាអំពីវិធីសាស្ត្រ និងរបៀបដែលមិនខ្ជះខ្ជាយ និងអាចជួយសន្សំប្រាក់អ្នក អ្នកគួរដឹងបន្ថែមទាំង វិធីសាស្ត្រក្នុងការធ្វើជីកំប៉ុសផងដែរ ដើម្បីកាត់បន្ថយកាកសំណល់ ដែលចេញពីក្នុងបន្លែ ឬម្ហូបអាហារដែលនៅសល់ ។ ជីកំប៉ុស គឺបានមកពីចំណីរលួយ គឺជាវិធីមួយ ដើម្បីបង្កើតជីធម្មជាតិ សម្រាប់សួនបន្លែនៅផ្ទះ ឬសួនក្នុងផ្ទះជាដើម។ វាមិនត្រឹមតែជួយសន្សំលុយនោះទេ តែវាបានជួយកាត់បន្ថយកាកសំណល់អាហារ ដែលគេយកទៅចាក់ចោលនៅទីលានសំរាមផងដែរ ។

ទី ៥) តាមដានម្ហូបអាហារ ដែលយើងបានខ្ជះខ្ជាយ
គ្រឿងទេស និងកាកសំណល់អាហារ អាចជាចំណុចសំខាន់បំផុតរបស់អ្នក (ជាពិសេសប្រសិនជាអ្នក ជាអ្នកលក់អាហារ) ប៉ុន្តែមានគំនិតជាច្រើនខាងក្រោម សម្រាប់ណែនាំអ្នក ដោយមិនផលិតកាកសំណល់ និងជួយសន្សំប្រាក់អ្នក ។
- ដូចជាការ ពិនិត្យមើលសារពើភ័ណ្ឌផ្ទាល់ខ្លួនរបស់អ្នក មុនពេលអ្នកចង់ទិញថ្មី ។ ឧទាហរណ៍ក្រឡអ្វីមួយ ប្រើរបស់ក្នុងនោះអស់ហើយ ដូចនេះអ្នកទុកវាសម្រាប់ដាក់គ្រឿងទេសផ្សេងទៀតបាន ដូចជាស្ករ ប៊ីចេង ជាដើម ឬក៏ទុកសម្រាប់ធ្វើជីកំប៉ុសខ្នាតតូច ក៏ល្អប្រសើរដែរ វាបានជួយលុបបំបាត់ នូវគំនិតចង់ទិញថ្មី ។ ខោអាវចាស់ៗ ក្រណាត់ សុទ្ធតែអាចទុកជូតតុទូ សម្រាប់លាងចានបាន ដូចនេះអ្នកគួរពិចារណាទៅលើសម្ភារៈៗទាំងអស់បាន ។
- របស់ខ្លះអាចទិញជជុះបាន ដើម្បីជំនួសការទិញរបស់ថ្មី ។ អ្នកអាចរកឃើញគ្រឿងសង្ហារឹម សម្លៀកបំពាក់ សៀវភៅ ល្បែង សម្ភារៈសម្រាប់ការងារក្នុងសួនច្បារ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ជាច្រើនទៀត នៅតាមហាងលក់ទំនិញមួយតឹក ឬក៏គេដាក់លក់តាមផ្សារអនឡាញក៏មាន ។
- មានគ្រឿងទេសខ្លះ របស់ប្រើប្រាស់ខ្លះ អ្នកប្រាកដជាអាចធ្វើដោយខ្លួនឯងបាន ឧទាហរណ៍ថា អ្នកចង់មានសម្រស់ស្រស់ស្អាត ដូចនេះអ្នកអាចថែរក្សាដោយផ្ទាល់ខ្លួនឯងបាន វាមានគ្រឿងផ្សំជាច្រើនដែលអ្នកអាចធ្វើតាមការណែនាំ ពីអ្នកជំនាញបាន ដើម្បីចៀសវាងក្នុងទិញផលិតផលថែរក្សាមុខជាដើម ។

ទី ៦) ការជួយកាត់បន្ថយកាកសំណល់ ពេលអ្នកកំពុងធ្វើដំណើរផ្សេងៗ
អ្នកប្រាកដជាអាចជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការចំណាយលុយកាក់ផ្សេងៗនៅពេលអ្នកធ្វើដំណើរ ឬនៅក្រៅផ្ទះ ។ ឧទាហរណ៍ អ្នកដើរទៅសល់កន្លែងណាមួយ ហើយអ្នកបានស្រេកទឹកដូចនេះ អ្នកទិញទឹកញុំា ចុះប្រសិនជាអ្នកដាក់ទឹកក្នុងដបទឹករបស់អ្នក ហើយអ្នកកាន់ទៅគ្រប់ទីកន្លែង នោះអ្នកនឹងមិនចាំបាច់ទិញទឹកសុទ្ធគេញុំាទេ ហើយប្រសិនជាអ្នកមានដបស្រាប់ អ្នកចង់ញុំាកាហ្វេ ជាដើម ក៏អ្នកអាចឱ្យគេដាក់នៅក្នុងដបទឹករបស់អ្នកបានដែរ ។ ចំណែកម្ហូបអាហារវិញ អ្នកអាចធ្វើបានដែរ នៅពេលអ្នកចង់ទិញអ្វីមួយ អ្នកអាចយកប្រអប់បាយផ្ទាល់ខ្លួនអ្នកឱ្យគេដាក់ក្នុងនោះបាន ចៀសវាងអ្នកលក់វេចខ្ចប់ប្លាស្ទិកឱ្យយើង ហើយមួយវិញទៀត ប្រសិនជាអ្នកជាអ្នកធ្វើការ អ្នកអាចចំណិនអាហារ ឬវេចខ្ចប់ម្ហូបអាហារពីផ្ទះរបស់អ្នកទៅ វាអាចជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាច្រើន និងការចំណាយលុយការញុំាខាងក្រៅ ៕
ចែករំលែកព័តមាននេះ