ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្តារសេដ្ឋកិច្ចពីកូវីដ ១៩ រដ្ឋបានចំណាយថវិកាប្រមាណ ១,១៦ ប៊ីលានដុល្លារអាមេរិក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា នៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាប្រមាណ…

រាជធានីភ្នំពេញ ៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា នៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាប្រមាណ ១,១៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ កន្លងទៅដោយក្នុងនោះថវិកាប្រមាណ ៨២៩ លានដុល្លារ ត្រូវបានបើកផ្តល់រួចហើយនិងប្រមាណជាង ៧១៩ លានដុល្លារអាមេរិកទៀត ក្នុងឆ្នាំ ២០២១ នេះ ។ 

លោកបានបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំដាក់ចេញនូវផែនការស្តាសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ មានទី ១ ការងើបឡើងវិញ និងការរស់រាន (Revival and Survival) ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច ។ ទី ២ ការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថលូបនីយកម្ម និងទី ៣ ការលើកកម្ពស់ភាពធន់ (Resilience) ទាំងក្នុងវិស័យសាធារណៈ, វិស័យឯកជន និងទាំងជាសេដ្ឋកិច្ច, ធនធានលំហរថវិកា, វិស័យហិរញ្ញវត្ថុ ទាំងយន្តការឆ្លើយតបវិបត្តិ និងការបង្កើតប្រភពហិរញ្ញប្បទានក្នុងស្រុក, ប្រព័ន្ធគាំពារសង្គម និងសុខាភិបាល ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅដើម្បីពង្រឹងការត្រៀមខ្លួនរបស់កម្ពុជាទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអានាគត ។

លោក វង្សី វិស្សុត បានលើកឡើងពីផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ នេះ នៅក្នុងកិច្ចប្រជុំលើកទី ២ តាមអនឡាញកាលពីពេលថ្មីៗនេះ របស់គណៈកម្មការគោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES ជាមួយតំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ជាដើមកាលពីពេលថ្មីៗនេះ ។

លោក Ahmed Muneeb Saeed ក្នុងនាម ADB បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការរីករាល ដាលនៃជំងឺកូវីត-១៩ ជាពិសេសភាពការខិតខំប្រឹងប្រែង ក្នុងស្មារតីបុរេសកម្មរបស់កម្ពុជា ក្នុងការទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបានចាប់ផ្តើមនូវកម្មវិធីចាក់វ៉ាក់សាំង ក្នុងសន្ទុះមួយដ៏លឿន ។ ជាមួយគ្នានេះ ឯកឧត្តម Ahmed Muneeb បានមានប្រសាសន៍ផងដែរថា ADB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចឡើងវិញ ។

ក្រៅពីនេះកិច្ចប្រជុំបានធ្វើការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្នែកសុខាភិបាល, ជំនួយសង្គម, និងការទ្រទ្រង់សេដ្ឋកិច្ច នៃកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES)។ អង្គប្រជុំក៏បានធ្វើការពិភាក្សាលើបញ្ហាមួយចំនួននៅក្នុងការអនុវត្តកម្មវិធី ដែលបានលើកឡើងដោយក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា លទ្ធភាពនៃការទទួលបានឥណទានរបស់វិស័យឯកជន ដែលនៅតែជាបញ្ហាចម្បង ដែលជាហេតុធ្វើអោយមានភាពប៉ះពាល់ខ្លាំងដល់ការងារជំរុញ E-COMMERCE ដែលជាគន្លឹះក្នុងការងារស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា និងវិធានការណ៍កំណែទម្រង់ ដើម្បីជួយវិស័យឧស្សាហកម្មឱ្យងើបឡើងវិញ ព្រមទាំងបញ្ហា Big Data។ 

ប្រភពព័ត៌មានបានឲ្យដឹងថា គណៈកម្មការគោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិលើប្រធានបទមួយចំនួនទៀត ដូចជាបញ្ហាហិរញ្ញប្បទានតាមខ្សែសង្វាក់តម្លៃ (Value Chain Financing) ក្នុងវិស័យអាទិភាព ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម, ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធបៃតង (Green Infrastructure) ពិសេសនៅតាមទីក្រុង ដោយគិតគូរទាំងប្រភពទុនក្នុងការវិនិយោគ និងយន្តការស្រងថ្លៃដើម (Cost recovery) ព្រមទាំងនិន្នាការនៃវិស័យឧស្សាហកម្ម និងបច្ច័យមកលើកម្ពុជា ។ 

សូមជម្រាបថា កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់សរុបប្រមាណ ២៥០ លាន ដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់ JICA ប្រមាណ ២៣៨ លានដុល្លារអាមេរិក និងមូលនិធិ EDCF របស់សាធារណរដ្ឋកូរ៉េប្រមាណ ៥០ លានដុល្លារអាមេរិកទៀត ដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធី CARES នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ