ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារតែកម្មកររោងចក្រកាត់ដេរ ឌីម ហាន ៦៣១នាក់ទៀត ឆ្លងកូវីដ ទើបត្រូវ Lock Down បិទខ្ទប់សង្កាត់ ២ នៅខណ្ឌមានជ័យ និង ៧ភូមិ នៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅក្នុងសន្និសីទកាសែត នៅម៉ោងជាង ១០យប់ ថ្ងៃទី៩ ខែមេសានេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង…

ភ្នំពេញ៖ នៅក្នុងសន្និសីទកាសែត នៅម៉ោងជាង ១០យប់ ថ្ងៃទី៩ ខែមេសានេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ប្រកាសពីការបិទខ្ទប់​សង្កាត់ ២នៅខណ្ឌមានជ័យ គឺសង្កាត់​​​ស្ទឹងមានជ័យ​ទី១ និង​សង្កាត់ស្ទឹងមានជ័យ​​ទី២។​ ភូមិទ្រុងមាន់ ក្នុង​សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ និងបិទ​ ៦ភូមិ នៅខណ្ឌពោធិ៍សែនជ័យ រួមមាន៖ ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឳឡឹក១ នៃសង្កាត់កាកាបទី២។

ទីតាំងទាំងអស់នេះ ត្រូវបានបិទមិន​ឲ្យចេញចូល ចាប់ពីម៉ោងសូន្យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ តទៅ។ មូលហេតុ ដោយសារតែកម្មកររោងចក្រកាត់ដេរ​ ឌីម ហាន ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ មានកម្មករកាត់ដេរ​ សរុបជាង ២៦០០នាក់។

នៅថ្ងៃទី៩មេសានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា រកឃើញកម្មករនៅរោងចក្រ ឌីម ហាន ឆ្លងកូវីដ១៩ កើនឡើងរហូតដល់ ៦៣១​នាក់ទៀត​។

លោក ឃួង ស្រេង បានថ្លែងថា  វិធីសាស្ត្របិទខ្ទប់ Lockdown សង្កាត់ និង​ភូមិនៅរាជធានីភ្នំពេញនេះ គឺធ្វើដូចនៅបណ្តាប្រទេសមួយចំនួន បានប្រើ ប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩​ ដូចជា​នៅប្រទេស​អូស្ត្រាលី និងនៅអ៊ីតាលី ព្រមទាំង​នៅទីក្រុងហាណូយ ប្រទេស​វៀតណាម ជាដើម។​

លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បន្តថា វិធានការបិទខ្ទប់សង្កាត់ និងភូមិទាំងនេះ ត្រូវ​អនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី១០មេសា​ តទៅ​។ ក្នុងនោះ នៅ​ភូមិ​ទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានប្រជាជនរស់នៅ ១ម៉ឺននាក់។ នៅ​ភូមិទ្រុងមាន់ មានកម្មកររោងចក្រកាត់ដេរ ឌីម ហាន ទៅជួលផ្ទះរស់នៅច្រើន​។ ចំណែកនៅ​ខណ្ឌពោធិ៍សែនជ័យ មាន ៦ភូមិ ក៏មាន​កម្មកររោងចក្រកាត់ដេរ ឌីន ហាន ស្នាក់នៅ​ច្រើនដែរ​។

យ៉ាងណាក៏ដោយ លោក ឃួង ស្រេង បានលើកឡើងថា ប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ Lockdown ទាំង​នេះ អាចស្នើសុំ​​ចេញ​ទៅទិញម្ហូប ចំណី​អាហារ និងទិញថ្នាំពេទ្យ​បាន​ ក្រោមការត្រួតពិនិត្យរបស់កងកម្លាំង​អាជ្ញាធរសមត្ថកិច្ច​។

បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ បានប្រកាសពីការបិទខ្ទប់សង្កាត់ និងភូមិទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិត ៣ផ្សេងទៀត ពីការសម្រេចបិទតំបន់ទាំងនោះផងដែរ​៕

This image has an empty alt attribute; its file name is 3ce2ed84560dc9fdfc4a8962698497c2.jpg
This image has an empty alt attribute; its file name is 6ddc7a5d37fa582e3a354e3ff14d29ef.jpg
This image has an empty alt attribute; its file name is 0d9227297d481ee2e4c8894306287385-1.jpg