រាជធានីភ្នំពេញ ៖ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន ធ្វើបទបង្ហាញពីសក្ដានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមប្រព័ន្ធវីដេអូដល់ក្រុម ហ៊ុនអន្តរជាតិប្រមាណ ៥០ក្រុមហ៊ុន ដើម្បីទាក់ទាញ ការវិនិយោគពីខាងក្រៅមកកម្ពុជាក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យ ដឹងថា ការធ្វើបទបង្ហាញនេះរៀបចំឡើង ដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពទាក់ទងនឹងការ អភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរបស់កម្ពុជា ក៏ដូចជាដើម្បីជួយឱ្យវិនិយោគិនបានឈ្វេងយល់អំពី កាលានុវត្តភាពនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់នៅកម្ពុជាដើម្បី ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ពីការតភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេស គម្រោងផ្លូវថ្នល់ដែលបាននឹងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវពីរគន្លងទៅ បួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវ បេតុងកៅស៊ូ (AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាព សេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា ។
ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបន្តខិតខំប្រឹង ប្រែងកសាងផ្លូវ និងបណ្តា ញតភ្ជាប់បន្ថែមទៀត ដែលក្នុងនោះរួមមានគម្រោងជាច្រើនទៀតដូចជា ៖ គម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែនៅខេត្តព្រះសីហនុ គម្រោងសាងសង់ហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវពីបាត់ដំបងទៅខេត្ត កោះកុង ដើម្បីកាត់ បន្ថយពេលវេលានៃការដឹកជញ្ជូនពីខេត្តបៃលិន សំឡូតទៅកាន់កំពង់ផែ ទឹកជ្រៅ គម្រោងសាងសង់ផ្លូវ ក្រវាត់ក្រុងទីបួន គម្រោងសាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបងទៅ ខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវពី ខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំជាដើម ។

យោងតាមសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ញើ ជូនជនរួមជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានឱ្យដឹងថា នៅក្នុងដំណាក់ កាលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍវិស័យហេដ្ឋារចនា សម្ព័ន្ធនៅតាមបណ្ដាខេត្តគោលដៅជាច្រើនដើម្បីបម្រើដល់វិស័យដឹកជញ្ជូន និងការធ្វើដំ ណើររបស់ពលរដ្ឋ ។ រហូតមកដល់បច្ចុប្បន្ន សមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះមានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ ស្ពានឆ្លងកាត់ ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញជាដើម ។
ក្នុងឆ្នាំ ២០២០ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ដំណើរការមានជាអាទិ៍ ផ្លូវជាតិលេខ ១១ ប្រវែង៩៦,៤៥គីឡូម៉ែត្រ ការលើកកម្រិតថែទាំផ្លូវជាតិលេខ ១ ប្រវែង ៩៥,៧០គីឡូម៉ែត្រ ការលើកកម្រិតនិងថែទាំផ្លូវជាតិលេខ ៦ ផ្លូវ ៣៤ខ្សែនៅក្រុងព្រះសីហនុ ផ្លូវ ៣៨ខ្សែនៅ ខេត្តសៀមរាប និងផ្លូវសំខាន់ៗជាច្រើននៅខេត្តត្បូងឃ្មុំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមាន ជ័យ និងកំពង់ចាម ផងដែរ ៕
ចែករំលែកព័តមាននេះ