ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ កុមារ​ និង​មនុស្ស​ចាស់នឹង​មិន​ទុក​ព្យាបាល​នៅផ្ទះ​ទេ បើសិនជា​កើត​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល ដាក់​ចេញ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​តាម​ផ្ទះ​ដែល​មាន​១៥​ទំព័រ បាន​ចែង​ច្បាស់​ថា​ក្រុម​មនុស្ស ៣ ប្រភេទ​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​-១៩ គឺ ស្ត្រី​មាន​ផ្ទៃពោះ…

ក្រសួងសុខាភិបាល ដាក់​ចេញ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​តាម​ផ្ទះ​ដែល​មាន​១៥​ទំព័រ បាន​ចែង​ច្បាស់​ថា​ក្រុម​មនុស្ស ៣ ប្រភេទ​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​-១៩ គឺ ស្ត្រី​មាន​ផ្ទៃពោះ កុមារ​និង​មនុស្ស​ចាស់ នឹង​មិន​ទុក​ព្យាបាល​នៅផ្ទះ​ទេ បើសិនជា​កើត​កូ​វី​ដ​-១៩ ។

ក្នុង​នោះ​ផង​ដែរ បើ​យោង​តាម នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​តាម​ផ្ទះ បាន​បញ្ជាក់​ផង​ដែ​ថា តាម​ការ​ប៉ាន់ស្មាន​នៅ​កម្ពុជា បញ្ជាក់​ថា​អ្នកមាន​ជំងឺ​កូ​វី​ដ ១៩​ចំនួន ៨០​ភាគរយ ស្ថិត​ក្នុង​កម្រិត​គ្មាន​រោគ​សញ្ញា និង​កម្រិត​ស្រាល ដូច្នេះ​អ្នកជំងឺ កម្រិត​ស្រាល​ដែល​គ្មាន​កត្តា​ប្រឈម អាច​ទទួល​ការ​ព្យាបាល​តាម​ផ្ទះ ក្រោម​ការ​គ្រប់គ្រង ថែទាំ និង​ព្យាបាល​ជាប់​ជា​ប្រចាំ​ដោយ​មន្ត្រី​-​បុគ្គលិក សុខាភិបាល និង​អ្នក​ស្ម័គ្រចិត្ត ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ ដើម្បី​អនុវត្ត​នៅ​តាម​មូលដ្ឋាន​និង​តាម​ការ​វាយតម្លៃ​ផ្ទះ​របស់​អ្នកជំងឺ​ឱ្យ​បាន​ហ្មត់ចត់​ជា​មុន ពី​មន្ត្រី​-​បុគ្គលិក​ពាក់ព័ន្ធ ។

នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​តាម​ផ្ទះ ដែល​ត្រូវ​បាន​ផ្តល់​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​ករណី​ការ​ឆ្លង​មិន​មាន​សញ្ញា​ថមថយ គឺ​ត្រូវ​ទុក​អ្នកជំងឺ​កូ​វី​ដ​-១៩ កំរិត​ស្រាល ឱ្យ​សម្រាក​ព្យាបាល​នៅផ្ទះ ខណៈ​មន្ទីរពេទ្យ​សម្រាប់​ដាក់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ ១៩ មិន​មាន​ច្រើន​នោះ​ទេ ហើយ​មន្ទីរពេទ្យ​រដ្ឋ​ផ្សេង​ៗ​ក៏​ត្រូវការ​ទុក​សម្រាប់​ព្យាបាល​អ្នកជំងឺ​ផ្សេង​ទៀត ដែល​មិនមែន​ជា​អ្នកជំងឺ​កូ​វី​ដ ។

ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា «​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​នេះ បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ ការ​កំណត់​លក្ខខណ្ឌ​ក្នុង​ការ​បិទ​ទីតាំងនិង​តំបន់​ក្នុង​ការ​អនុវត្ត​គោលការណ៍​ព្យាបាល​នៅ​តាម​ផ្ទះ ការ​កំណត់​យន្តការ គោលការណ៍​អនុវត្ត​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ផ្ទះ ការ​បង្ការ និង​ការ​ត្រួតពិនិត្យ​ការ​ចម្លងរោគ សម្រាប់​អ្នក​ថែទាំ ការ​គ្រប់គ្រង សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​តាម​គោលដៅ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ផ្ទះ ក្នុង​គំនិត​ផ្តួចផ្តើម​រួម​មួយ ដ៏​សំខាន់​សម្រាប់​ការ​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩» ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា «​ក្នុង​នាម​ក្រសួងសុខាភិបាល និង​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ក្រុមការងារ​ផ្នែក​វេជ្ជសាស្ត្រ ដែល​មាន​សមាសភាព​មក​ពី​ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងការពារជាតិ ដែល​បាន​ចូលរួម​រៀបចំ​ជា​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ (SOPs) ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ​។

ក្រសួងសុខាភិបាល​សង្ឃឹម​យ៉ាង​មុតមាំ ចំពោះ​កិច្ចសហការ​ដ៏​ល្អ ក្នុង​ការ​អនុវត្ត និ​តិ​វិធី​ស្តង់​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ផ្ទះ​នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល​»​។ បន្ថែម​ពីលើ​នេះ ក្រសួង​នឹង​ធ្វើការ​បណ្តុះបណ្តាល​ក្រុម​គ្រូពេទ្យ និង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដោយ​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ (SOPs) សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ផ្ទះ​ចាប់ពី​ពេល​នេះ​តទៅ​។

សូម​រម្លឹក​ថា សម្តេច​តេ​ជោ កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ បាន​ធ្វើការ​ណែនាំ​ថ្មី​មួយ​ដល់​ក្រសួងសុខាភិបាល និង​អ្នក​ពាក់ព័ន្ធ​គិតគូរ និង​រៀបចំ​ទុកជា​មុន​ពី​លទ្ធភាព​ផ្តល់​ការ​ព្យាបាល​នៅ​តាម​ផ្ទះ​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មាន​កំរិត​ស្រាល និង​ត្រូវ​ចាត់​រៀបចំ​គ្រូពេទ្យ​មូលដ្ឋាន​ដើម្បី​ត្រៀម​ព្យាបាល​អ្នកជំងឺ​តាម​ផ្ទះ និង​ការ​រៀបចំ​ប្រាក់​ឧបត្ថម្ភ​ផង​ដែរ ។ ក្នុង​ន័យ​នេះ គឺជា​ការ​រៀបចំ​គិតគូរ និង​ជា​ការ​រៀបចំ​ផែនការ​ទុកជា​មុន ក្នុង​ករណី​អ្នកជំងឺ កូ​វី​ដ ១៩ បន្ត​កើនឡើង​កាន់តែ​ច្រើន ហើយ​មិន​អាច​មាន​ទីតាំង​សម្រាប់​ព្យាបាល​តាម​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ