ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កើត​កូ​វី​ដ-​១៩ ​ធនាគារ​ពន្យារ​ពេល​បង់ប្រាក់​ដើម ​៣​ ខែ​ចំណែក​អ្នក​ធ្វើ​ច​ត្តា​ឡីស័ក​ពន្យា​របាន​តែ​មួយ​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​ប្រកាស​ពី​គោលការណ៍​អនុគ្រោះ និង​បន្ធូរបន្ថយ​ដល់​ពលរដ្ឋ​ដែល​ជា​អ្នក​ខ្ចីប្រាក់​របស់​ខ្លួន បើ​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​ ១៩ ​និង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ ។…

រាជធានីភ្នំពេញ ៖ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​ប្រកាស​ពី​គោលការណ៍​អនុគ្រោះ និង​បន្ធូរបន្ថយ​ដល់​ពលរដ្ឋ​ដែល​ជា​អ្នក​ខ្ចីប្រាក់​របស់​ខ្លួន បើ​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​ ១៩ ​និង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ ។ សម្រាប់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ធនាគារ​នឹង​លើកលែង​ការ​បង់ការ​ប្រាក់ និង​រាល់​ការ​ផាកពិន័យ​ទាំងអស់​រយៈពេល​យ៉ាងតិច​មួយ​ខែ ព្រមទាំង​ទទួល​បានការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ ប្រសិនបើ​អតិថិជន​យល់ព្រម រួម​ទាំង​ការ​ពន្យារ​ការ​បង់ប្រាក់​ដើម​រយៈពេល​បី​ខែ ​។ រាល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ។ ចំណែក​ពលរដ្ឋ​ដែល​ជាប់បំណុល​ធនាគារ ហើយ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ខាង​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នឹង ផ្តល់​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ ប្រសិនបើ​អតិថិជន​យល់ព្រម រួម​ទាំង​ពន្យារ​ការ​បង់​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់​រយៈពេលមួយ​ខែ និង​លើកលែង​រាល់​ការ​ផាកពិន័យ​ទាំងអស់​ ។

ក្រៅពី​នេះ ទាំង​ធនាគារ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ បាន​អះអាង​ថា ​ខ្លួន​នឹង​បន្ត​ធ្វើការ​ផ្តល់​ជូន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស និង​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩​ និងបញ្ចេញ​ឥណទាន​សង្គ្រោះ​បន្ទាន់ ឬ​បន្ថែមដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ ព្រមទាំង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ដើម្បី​ជួយ​បន្ត និង​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​មុន និង​ក្រោយ​ពេល​មាន​វិបត្តិ ព្រមទាំង​ធ្វើការ​រៀបចំ​ឥណទាន​ឡើង​វិញ ព្រមទាំង​លើកលែង​រាល់​ការ​ផាកពិន័យ​ទាំងអស់ សម្រាប់​អតិថិជន​ដែល​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​ទី​មួយ សម្រាប់​រស់នៅ (First Home Owner) និងផ្តល់​នូវ​ការ​អនុគ្រោះ​សម្រាប់​អតិ​ថ​ជន​ដែល​ទទួលមរណភាព​ដោយ​ជំងឺ​កូ​វី​ដ​-១៩ តាម​លទ្ធភាព​ជាក់ស្តែង​របស់​គ្រឹះស្ថាន​នីមួយ​ៗ ​។

សូម​ជម្រាប​ការ​នេះ​ជា​ការ​ប្រកាស​ពី​គោលការណ៍​អនុគ្រោះ​ដល់​ពលរដ្ឋ​ដែល​បាន​ជំពាក់​បំណុល​ធនាគារ​ហើយ​មានការ​លំបាក​ខាង​ហិរញ្ញវត្ថុ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ​១៩ នា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​អនុវត្ត​គោលការណ៍​រៀបចំ​ឥណទាន​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ ​១៩ ​តាំងពី​ឆ្នាំ​ ២០២០ ​។

នៅ​សេចក្តី​ប្រកាស​រួម​នៅ​ថ្ងៃ​ទី ​៧ ​មេ​សា​នេះ ស្ថាប័នហិរញវត្ថុ​ទាំង​ពីរ​បាន​បញ្ជាក់​ថា​គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​ ២០២១​ នេះ មាន​អតិថិជន​ប្រមាណ ​៣៤​ ម៉ឺន​នាក់ ទទួល​បានការ​រៀបចំ​ឥណទាន​ឡើង​វិញ ក្នុង​ទំហំ​ឥណទាន​ប្រមាណ ៤​ ប៊ី​លាន​ដុល្លារ ​។ ចំពោះ​យន្តការ​នៃ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ភាគច្រើន​នៃ​អតិថិជន​ទាំងនោះ បាន​ជ្រើស​យក​ជម្រើស​បង់​តែ​ការ​ប្រាក់​ក្នុង​រយៈពេល ៣​ ទៅ​៦ ​ខែ ពន្យារ​រយៈពេល​សង​កម្ចី ឬ​ផ្អាក​បង់​ទាំង​ការ​ប្រាក់ និង​ប្រាក់​ដើម​រយៈពេល ៣ ​ទៅ ​៦ ​ខែ ក្នុង​ករណី​ដែល​អតិថិជន​រង​ផល​ប៉ះពាល់​ខ្លាំង ​។ ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ត្រូវធ្វើ​ឡើង អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន ហើយនឹង​ត្រូវធ្វើ​បន្ត​ទៅ​ទៀត​ក្នុងអំឡុងពេល​ដែល​វិបត្តិ​នេះ​មិន​ទាន់​បញ្ចប់​នៅឡើយ​ ។

សេចក្តី​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្នុង​ការ​សម្រួលការ​លំបាក​របស់​ពលរដ្ឋ​ដែល​ជា​អតិ​ថ​ជន​របស់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​មាន​អង្គការ​ជាង ​១០០ ​ស្ថាប័ន​បាន​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល ដាក់​ចេញ​ជា​វិធានការ​ណែនាំ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្អាក​ការ​បង់​សង​ប្រាក់​កម្ចី និង​ការ​ប្រាក់​បង្គរ​ទាំងអស់ សម្រាប់​រយៈពេល​យ៉ាងតិច ៣ ​ខែ ដើម្បី​ផ្ដល់​ឱ្យ​អ្នក​ខ្ចីប្រាក់​នូវ​ឱកាស​ក្នុង​ការ​ស្នាក់​នៅផ្ទះ និង​រក្សា​សុវត្ថិភាព អំឡុង​ពេល​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ ១៩ ដែល​ពួក​គេ​មិន​គួរ​ត្រូវ​ភ័យ​ខ្លាច​ក្នុង​ការ​បាត់បង់​ដីធ្លី ឬ ផ្ទះសម្បែង ប្រសិនបើ​ពួក​គេ​គ្មាន​លទ្ធភាព​សង​ប្រាក់​វិញ​ទេ​នោះ ។
បើ​តាម​សង្គម​ស៊ី​វិល វិស័យ​កាត់ដេរ ទេសចរណ៍ សេវា​កម្សាន្ត និង​សំណង់ កំពុង​ត្រូវ​បាន​រង​គ្រោះជា​ខ្លាំង​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ។ វិស័យ​ទាំងនេះ​ផ្ដល់​ការងារ​ដល់​ស្ត្រី​រាប់​សែន​នាក់ ខណៈ​ដែល​អត្រា​នៃ​អ្នក​ខ្ចី​កម្ចី​ខ្នាត​តូច​គឺ​មាន​ស្ត្រី​ចំនួន ៧៥% មាន​ន័យ​ថា មាន​ករណី​ជា​ច្រើន ដែល​វិបត្តិ​ជំងឺ​រីក​រាលដាល​នេះ ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ស្ត្រី​ជា​អ្នក​ខ្ចីប្រាក់ ។ ក្រៅពី​នេះ កសិករ ពលករ​ចំណាកស្រុក សហគមន៍​ក្រីក្រ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អ្នក​ធ្វើ​ជំនួញ អាជីវករ និង​អ្នក​លក់ដូរ​តាម​ដងផ្លូវ ក៏​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ប្រាក់​ចំណូល​ផង​ដែរ ។ មាន​មនុស្ស​តិចតួច​ណាស់​ដែល​មិន​ទទួល​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ពី​ជំងឺ​កូ​វី​ដ​ ១៩ ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ