រាជធានីភ្នំពេញ ៖ ក្រុមអង្គការសង្គមស៊ីវិល ប្រមាណ ១០៣ បានស្នើទៅរដ្ឋាភិបាលដាក់ចេញវិធានការ ដើម្បីអោយធនាគា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្អាកអោយពលរដ្ឋសងប្រាក់ទៅខ្លួននៅក្នុងគ្រាលំបាកដោយសារជំងឺកូវីដ ១៩ នេះ ។ ការផ្អាកសងប្រាក់ពលរដ្ឋទៅធនាគារនៅគ្រាមានបញ្ហាលចំណូលនេះ មិនត្រឹមជួលសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលរដ្ឋនោះទេ តែជាឱកាសអោយពលរដ្ឋការពារខ្លួនពីការឆ្លងរាតត្បាតជំងឺកូវីដ ១៩ ផង ពីព្រោះពលរដ្ឋអាចមានឱកាសសម្រាកនៅផ្ទះដោយសុវត្ថិភាព ។
«យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលសូមស្នើសុំឱ្យរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរទាំងអស់ សម្រាប់រយៈពេលយ៉ាងតិច ៣ ខែ ដើម្បីផ្ដល់ឱ្យអ្នកខ្ចីប្រាក់នូវឱកាសក្នុងការស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលពួកគេមិនគួរត្រូវភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬ ផ្ទះសម្បែង ប្រសិនបើពួកគេគ្មានលទ្ធភាពសងប្រាក់វិញទេនោះ» នេះជាការអំពាវនាវក្រុមសង្គមស៉ីវិល ។

ក្នុងសេចក្តីការណ៍ចេញនៅថ្ងៃទី ៦ មេសានេះ អង្គការក្រៅរដ្ឋាភិបាល ថា វិស័យកាត់ដេរ ទេសចរណ៍ សេវាកម្សាន្ត និងសំណង់ កំពុងត្រូវបានរងគ្រោះជាខ្លាំងពីការរីករាលដាលនៃជំងឺនេះ ។ វិស័យទាំងនេះផ្ដល់ការងារដល់ស្ត្រីរាប់សែននាក់ ខណៈដែលអត្រានៃអ្នកខ្ចីកម្ចីខ្នាតតូច គឺមានស្ត្រីចំនួន ៧៥% មានន័យថា មានករណីជាច្រើនដែលវិបត្តិជំងឺរីករាលដាលនេះ ប៉ះពាល់យ៉ាងខ្លាំងចំពោះស្ត្រីជាអ្នកខ្ចីប្រាក់ ។ ក្រៅពីនេះ កសិករ ពលករចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ និងអ្នកលក់ដូរតាមដងផ្លូវ ក៏ប្រឈមនឹងការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូលផងដែរ ។ មានមនុស្សតិចតួចណាស់ដែលមិនទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ ១៩ នេះ ។ រាជរដ្ឋាភិបាលបានចាត់វិធានការមួយចំនួនរួចមកហើយ ដើម្បីកាត់បន្ថយមនុស្សមួយចំនួនពីការរងគ្រោះ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចជាងមួយឆ្នាំកន្លងមកនេះ ។ សាច់ប្រាក់ដែលត្រូវបានផ្ដល់ឱ្យទៅប្រជាពលរដ្ឋជាច្រើនដែលមានប័ណ្ណក្រីក្រ និងប្រាក់ឧបត្ថម្ភសម្រាប់ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី រោងចក្រ បានផ្ដល់ប្រភពដ៏សំខាន់មួយនៃប្រាក់ចំណូល ដល់ប្រជាពលរដ្ឋរាប់សែននាក់ ដែលត្រូវការជំនួយ ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ៖ ប្រសិនបើគ្មានគោលនយោបាយទាំងនេះទេ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៃការរីករាលដាលជាសកលនេះ នឹងកាន់តែមានស្ថានភាពអាក្រក់ខ្លាំងជាងនេះ ។

សូមជម្រាបថាគោលនយោបាយរបស់ធនាគារកំពុងជួយសម្រួលការលំបាកពលរដ្ឋនាពេលកូវីដ ១៩ រាតត្បាតនេះ គឺការអនុគ្រោះតាមរយៈយន្តការរៀបចំឥណទានឡើងវិញ ។ ការរៀបចំឥណទានឡើងវិញដែលបានអនុវត្តតំាងពីឆ្នាំ ២០២០ មក គឺតម្រូវអោយពលរដ្ឋបានរងផលប៉ះពាល់សេដ្ឋកិច្ចពីជំងឺកូដ ១៩ អាចដាក់ពាក្យស្នើសុំរៀបចំឥណទានឡើងវិញ ទៅគ្រឹះស្ថានហិរញ្ញវត្ថុដែលខ្លួនបានខ្ចីប្រាក់ ។ ការរៀបចំឥណទានឡើងវិញអាចមានជាការកាត់បន្ថយចំនួនប្រាក់ត្រូវបង់ប្រចាំខែហើយបង្កើនរយៈពេលបង់វិញ ឬជាការបង់តែការប្រាក់នៅក្នុងរយៈពេលណាមួយ តាមការចចារ ។ គេនៅមិនទាន់ដឹងថា រដ្ឋាភិបាល ឬស្ថាប័នហិរញ្ញវត្ថុទទួលយកសំណើរបស់សង្គមស៊ីវិលនាពេលនេះ ឬយ៉ាងណានោះ ៕




ចែករំលែកព័តមាននេះ