ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិការភាពមិនអាចរារាំង ណារ៉េត មិនឱ្យបន្តក្តីសុបិន្តរបស់នាងបានទេ !

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូបតែងតែមានការតស៊ូនៅក្នុងឆាកជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ទៅតាមស្ថានការណ៍ និងស្ថានភាពជីវិតរស់នៅ ។ មិនថាមនុស្សធម្មតា ឬពិការនោះទេ អ្នកខ្លះមានការតស៊ូយ៉ាងខ្លាំងក្លា និងបានប្រយុទ្ធឆាំងនឹងការរើសអើងទៀតផង…

រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូបតែងតែមានការតស៊ូនៅក្នុងឆាកជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ទៅតាមស្ថានការណ៍ និងស្ថានភាពជីវិតរស់នៅ ។ មិនថាមនុស្សធម្មតា ឬពិការនោះទេ អ្នកខ្លះមានការតស៊ូយ៉ាងខ្លាំងក្លា និងបានប្រយុទ្ធឆាំងនឹងការរើសអើងទៀតផង តួយ៉ាងដូច ឈួយ ណារ៉េត គាត់ជាស្ត្រីម្នាក់ដែលមានកម្សោយផ្នែករាងកាយ ហើយនៅកុមារភាពរបស់នាង នាងមានអារម្មណ៍ធ្លាក់ទឹកចិត្ត នៅពេលនាងប្រឈមមុខនឹងការរើសអើង មិនលើកទឹកចិត្ត ។ ទោះយ៉ាងណាក៏ដោយ កត្តាទាំងនេះមិនបានរារាំងនាង មិនឱ្យបន្តក្តីសុបិន្តរបស់នាង ដើម្បីក្លាយជាមនុស្សដែលពឹងផ្អែកលើខ្លួនឯងទេ ។

យោងតាមស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះថា ដោយមានការគាំទ្រពីកម្មវិធី ACCESS របស់អូស្ត្រាលី ណារ៉េត បានចូលរួមក្នុងការបណ្តុះបណ្តាល ដើម្បីកែលម្អអាជីវកម្មរបស់នាង និងបានចូលរួមជាមួយបណ្តាញសហគ្រិន ។ ក្នុងកំឡុងពេលការរាតត្បាតរបស់ជំងឺកូវីដ-១៩ នាងបានដេរកាបូប សម្លៀកបំពាក់នារី និងម៉ាស់ ព្រមទាំងគ្រឿងអលង្ការ សម្រាប់លក់ផងដែរ ។

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពី Agile Development Group ដែលជាសហគ្រាសសង្គម បង្កើតឱកាសសេដ្ឋកិច្ចដល់ជនដែលមានពិការភាព ដើម្បីលើកកម្ពស់បរិយាបន្នភាព និងឯករាជ្យភាព ឥឡូវនេះ ណារ៉េត កំពុងគ្រប់គ្រងការលក់ផលិតផលរបស់នាងតាមអុីនធឺណេត តាមរយៈទំព័រហ្វេសប៊ុក ដែលលោកអ្នកអាចទិញផលិតផលរបស់នាងបាន គឺ Nareth –Wear Your Elephant ។

ណារ៉េត បាននិយាយថា ៖ «ក្តីសង្ឃឹមមិនបាត់បង់ទេ ដរាបណាយើងនៅរស់ ។ ពេលដែលអ្នកអស់កម្លាំង អ្នកអាចសម្រាក ប៉ុន្តែអ្នកមិនអាចឈប់បានទេ ។ អ្នកត្រូវតែបន្តដំណើររបស់អ្នក» ។

សូមជម្រាបជូនផងដែរថា កម្មវិធី ACCESS បង្កើតឡើង ពីការគាំទ្រជាយូរមកហើយរបស់យើង ដើម្បីលុបបំបាត់អំពើហឹង្សាលើស្ត្រីនៅកម្ពុជា ។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់អូស្ត្រាលី ក្នុងការគាំទ្រសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍដែលរាប់បញ្ចូលពិការភាព នៅក្នុងតំបន់របស់យើង ៕

អត្ថបទសរសេរ ដោយ