បន្ទាយមានជ័យ ៖ ភ្លៀងលាយខ្យល់កន្ត្រាកបានបោកបក់យ៉ាងខ្លាំងលើទឹកដីក្រុងប៉ោយប៉ែត នារសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នេះបង្កឲ្យលំនៅដ្ឋានពលរដ្ឋមួយចំនួនរងការខូចខាត ខណៈផ្សារចំនួន២ទៀតលើទឹកដីកាស៊ីណូប៉ើងរាបដល់ដី ប៉ុន្តែចាត់ទុកជាសំណាងល្អ ដោយសារតែមានអ្នករបួសស្រាលតែ២នាក់ប៉ុណ្ណោះ។
តាមព័ត៌បឋមនៅព្រលប់ថ្ងៃដដែលលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតប្រាប់កោះសន្តិភាពនៅកន្លែងកើតហេតុលើទឹកដីកាស៊ីណូថា គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់នាថ្ងៃនេះបង្កឲ្យលំនៅដ្ឋានពលរដ្ឋចំនួន១៣ខ្នងនៅភូមិសាមគ្គីមានជ័យ រងការខូចខាត និងផ្សារចំនួន២លើទឹកដីកាស៊ីណូរងការខូចខាតធ្ងន់ធ្ងរ ព្រោះខ្យល់វាយប៉ើងដួលរាបដល់ដី។
គួរបញ្ជាក់ថាភ្លៀងនៅរសៀលនេះមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងថែមទាំងលាយឡំសម្លេងផ្គររន្ទះផងដែរ។ បើមើលពីទិដ្ឋភាពចំណុចកើតហេតុលើទឹកដីកាស៊ីណូពិតជាគួរឲ្យខ្លាចហើយអ្នកមិនដឹងហេតុការណ៍ច្បាស់ប្រាកដជាយល់ថាមនុស្សមិនតិចទេដែលអាចរងរបួស ព្រោះទីតាំងផ្សារក៏ដួលរាបនិងរមូរចូលគ្នាសូម្បីចំណុចសួនកំសាន្តកុមារដែលមានកន្ត្រកហោះកូនក្មេងក៏ត្រូវបាក់ដួលរាបដល់ដីដូចគ្នា។
បើតាមអាជ្ញាធរបានឱ្យដឹងបន្តថា ភ្លៀងលាយខ្យល់កន្ត្រាក់នេះបានបណ្តាលឱ្យខូចខាតតូបលក់ទំនិញចំនួន៦០តូប ផ្ទះចំនួន ១៤ខ្នង នៅភូមិសាមគ្គីមានជ័យ ចំនុចដើមស្រល់ និងមាត់អូរព្រំដែន និងបណ្តាលឱ្យមនុស្ស២នាក់រងរបួស ។
បើតាមសន្តិសុខកាស៊ីណូម្នាក់និយាយថាមូលហេតុដែលមិនមានអ្នករបួសច្រើន ដោយសារមុនកើតហេតុអ្នកគ្រប់គ្រងមើលឃើញពពកខ្មៅខ្លាំង និងគិតថាភ្លៀងនិងខ្យល់អាចបោកបក់ខ្លាំង ក៏ទាក់ទងគ្នាតាមអាយកូមឲ្យប្រាប់អាជីវករចាកចេញពីតាមតូបរកកន្លែងមានសុវត្ថិភាព បន្ទាប់មកស្រាប់តែកើតហេតុខ្យល់វាយបំបាក់ទីតាំងផ្សារនិងកន្លែងកម្សាន្តរបស់ក្មេងៗផងដែរ ៕
ចែករំលែកព័តមាននេះ