ទិដ្ឋភាពជុំវិញផ្សារអូរឬស្សីនាព្រឹកនេះ ក្រោយរកឃើញអាជីវករ និងសន្តិសុខកើតកូវីដ(វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយពីរដ្ឋបាលសាលារាជធានីភ្នំពេញ បានសម្រេចបិទផ្សារអូរឫស្សី រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញមានអាជីវករជាច្រើនរូប រួមទាំងសន្តិសុខនៅផ្សារអូរឫស្សីមានវិជ្ជមានកូវីដ១៩ ឃើញថា ស្ថានភាពនៅជុំវិញផ្សារអូរឫស្សីមានសភាពស្ងាត់ជ្រងំ ។

ហើយដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមេសា រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក លឹម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ដោយចុះសហការជាមួយគណៈកម្មការផ្សារអូរឬស្សី ដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានធ្វើការបាញ់ទឹកលាងសម្អាតបរិវេណជុំវិញផ្សារ និងបាញ់ថ្នាំសម្លា.ប់មេរោគតាមតូបលក់ដូរនីមួយៗ របស់អាជីវករក្នុងផ្សារអូរឬស្សីទាំងមូល ។
ជាការកត់សម្គាល់ឃើញថា ផ្លូវធ្វើដំណើរទាំងឡាយជុំវិញផ្សារអូរឬស្សី ក៏ត្រូវបានបិទហាមមិនអនុញ្ញាតិ ឲ្យអ្នកគ្មានភារៈកិច្ចចេញ-ចូលរហេតរហូតដែរ ចៀសវាងការប៉ះពាល់នូវជំងឺរាតត្បាតកូវីដ១៩ ។
គួរបញ្ជាក់ថា ជាមួយគ្នានោះផងដែរ រដ្ឋបាលសាលារាជធានីភ្នំពេញក៏បានអំពាវនាវឱ្យបងប្អូនដែលបានចេញ-ចូលផ្សារអូរឫស្សី ឬក៏បងប្អូនដែលបានប្រាស្រ័យទាក់ទងជាមួយអាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សីដែលមានផ្ទុកវិជ្ជមានកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នេះ សូមអញ្ជើញរួសរាន់ទៅធ្វើតេស្ត ដើម្បីយកសំណាក់រកមើលកូវីដ១៩ ។
សូមមកមើលទិដ្ឋភាពទាំងអស់គ្នាពីស្ថានភាពជុំវិញផ្សារអូរឫស្សីនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ៖










































ចែករំលែកព័តមាននេះ