ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ត្អូញត្អែរ​​បណ្តុះ​ផ្សិត​លក់​អត់​សូវ​ដុះ​​ល្អ​ដូច​រាល់​ឆ្នាំ​ដោយសារ​អាកាសធាតុ​មានការ​ប្រែប្រួល

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​កសិករ​ជា​ច្រើន​ដែល​ប្រកប​របរ​ខ្ចប់​មេ​ផ្សិត និង​បណ្តុះ​ផ្សិត​លក់​ក្នុង​ក្រុងប៉ៃលិន​បាន​នាំ​គ្នា​ត្អូញត្អែរ​ពីមុខ​របរ​របស់​ខ្លួន​ខណ​:​នៅ​ដើមឆ្នាំ​២០២១​នេះ​មិនសូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​ដូច​រាល់​ឆ្នាំ ដោយ​ពួក​គាត់​អះអាង​ថា​មក​ពី​អាកាសធាតុ​ប្រែប្រួល​ដូច​ជា ក្តៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង​ជាដើម ជា​ហេតុ​ធ្វើ​ឱ្យ​មេ​ផ្សិត​មិន​អាច​ដុះ​ចេញ​តាម​កញ្ចប់​នីមួយ​ៗ​បាន​គ្រប់​ចំនួន ។ រីឯ​តម្លៃ​ទីផ្សារ​ផ្សិត…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​កសិករ​ជា​ច្រើន​ដែល​ប្រកប​របរ​ខ្ចប់​មេ​ផ្សិត និង​បណ្តុះ​ផ្សិត​លក់​ក្នុង​ក្រុងប៉ៃលិន​បាន​នាំ​គ្នា​ត្អូញត្អែរ​ពីមុខ​របរ​របស់​ខ្លួន​ខណ​:​នៅ​ដើមឆ្នាំ​២០២១​នេះ​មិនសូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​ដូច​រាល់​ឆ្នាំ ដោយ​ពួក​គាត់​អះអាង​ថា​មក​ពី​អាកាសធាតុ​ប្រែប្រួល​ដូច​ជា ក្តៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង​ជាដើម ជា​ហេតុ​ធ្វើ​ឱ្យ​មេ​ផ្សិត​មិន​អាច​ដុះ​ចេញ​តាម​កញ្ចប់​នីមួយ​ៗ​បាន​គ្រប់​ចំនួន ។

រីឯ​តម្លៃ​ទីផ្សារ​ផ្សិត ដែល​ប្រមូល​ផល​លក់​នៅ​ទីផ្សារ​ក៏​មានការ​ធ្លាក់​ថ្លៃ​ជាង​មុន ខណ​:​ជំងឺ​កូ​វី​ដ​-១៩ កំពុង​តែ​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មួយ​ចំនួន​ស្ទើរតែ​បោះបង់​ចោល​របរ​មួយ​នេះ​ទៅ​ហើយ ។

ជួប​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ អ្នកស្រី យ៉ែ​ម សុ​ម៉ា​លី អាយុ​៥៥​ឆ្នាំ ជា​គ្រូបង្រៀន​រស់នៅ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​ប្រកប​មុខរបរ​បណ្តុះ​ផ្សិត​លក់​បន្ថែម​លើ​អាជីព​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​បាន​បណ្តុះ​ផ្សិត​ជាង​៥០០០​កញ្ចប់ ដោយ​ដាក់​ចងខ្សែ​ព្យួរ​បន្តុប​លើ​គ្នា​ជា​ជួរ​នៅ​ក្នុង​រោង​ក្បែរ​ផ្ទះ​របស់​ខ្លួន ។

គាត់​បន្ត​ទៀត​ថា មុខរបរ​មួយ​នេះ​ពេល​ប្រមូល​ផល​ភាគច្រើន គឺ​លក់​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​បំពង​លក់ និង​អ្នកខ្លះ​ទៀត​យក​ទៅ​លក់​ក្នុង​ផ្សារ​សាមគ្គី និង​ផ្សារ​ប៉ា​ង​រលឹម​ជាដើម សម្រាប់​លក់​បន្ត​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ស្ល ឆា ទទួល ទាន​ជួបជុំ​គ្រួសារ ។ គាត់​បញ្ជាក់​ទៀត​ថា កាលពីមុន​ក្នុង​មួយ​ថ្ងៃ​អាច​ដក​ផ្សិត​នេះ​លក់​បាន​ថវិកា​ផ្គត់ផ្គង់​ជីវភាព ចន្លោះ​ពី​៥​ទៅ​៨​ម៉ឺន​រៀល ។ ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០២១​នេះ​ការ​ប្រកប​របរ​បណ្តុះ​ផ្សិត​លក់​នេះ មានការ​ធ្លាក់​ចុះ​ខ្លាំង ព្រោះ​ផ្សិត​អត់​សូវ​ដុះ​ច្រើន​ដូច​រាល់​ឆ្នាំ​នោះ​ឡើយ​ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​មានការ​ព្រួយបារម្ភ​ពី​ជីវភាព​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក្រៅពី​បណ្តុះ​ផ្សិត​លក់ អ្នកស្រី យ៉ែ​ម សុ​ម៉ា​លី ក៏​មានការ​ចំហុយ​មេ​ផ្សិត​លក់​ឱ្យ​ប្រជាពលរដ្ឋ​យក​ទៅ​បណ្តុះ​លក់​ផង​ដែរ ។ គាត់​បាន​រៀបរាប់​ពី​របៀប​បណ្តុះ​ផ្សិត​អំបោះ និង​បាន​ពន្យល់​ពី​បច្ចេកទេស​បណ្តុះ​ផ្សិត​នេះ​ដែរ​ថា ធាតុ​ផ្សំ​របស់​វា​មាន​ដូច​ជា ស្នូលពោត​, កំបោរ​ស​, ម្សៅដំណើប​, អង្ករដំណើប និង​កន្ទក់​លាយ​បញ្ចូល​គ្នា ច្រក​ថង់​ផ្អាប់​ទុក ទើប​បង្កើត​បានជា​មេ​ផ្សិត ។

បន្ទាប់​មក​គាត់​យក​មេ​ផ្សិត​ដែល​បាន​លាយ​រួច​នោះ​ច្រក​ក្នុង​ថង់​ប្លា​ស្ទីក​ដាក់​រៀប​លើ​គ្នា​ជា​ជួរ​នៅ​ក្នុង​រោង ដោយ​ត្រូវ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ទាំង​ការ​ស្រោច​ទឹក និង​ការ​គ្រប់គ្រង​សីតុណ្ហភាព​ជាដើម ហើយ​រយៈពេល​នៃ​ការ​ទទួលផល​ពី​ផ្សិត​អំបោះ​នេះ គឺ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​អាច​ប្រមូល​ផល​បាន ហើយ​ក្នុង​មួ​យស​ប្តា​ហ៍​អាច​កាត់​លក់​បាន​ម្តង​រហូត​ដល់​រយៈពេល​៦​ខែ​ទើប​ផ្សិត​ឈប់​ចេញ​គាត់​ក៏​រៀបចំ​ដាក់​ថង់​ថ្មី​បណ្តុះ​បន្ត ។

ចំណែក​កសិករ​ម្នាក់​ទៀត ឈ្មោះ​ប៊ុត សុធា បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា ៖ ជា​រៀងរាល់ថ្ងៃ​គ្រួសារ​របស់​គាត់​គ្មាន​ដីធ្លី​សម្រាប់​ធ្វើស្រែ​ចម្ការ​នឹង​គេ​នោះ​ទេ​មាន​តែ​ជំនាញ​មួយ​មុខ គឺ​វេច​ខ្ចប់​មេ ផ្សិត និង​បណ្តុះ​ផ្សិត​លក់ ដើម្បី​យក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ រហូត​មក​ដល់​ពេល​នេះ គ្រួសារ​របស់​គាត់​បាន​ចំហុយ​មេ​ផ្សិត​ច្រក​ថង់​បាន​ជាង​៦០០០​កញ្ចប់ ដោយ​រៀប​ជា​ជួរ ងាយស្រួល​ស្រោច​ទឹក ។

គាត់​បន្ត​ទៀត​ថា មុន​ពេល​ជួប​វិបត្តិ​កូ​វី​ដ​-១៩ គាត់​អាច​ប្រមូល​ផល​ផ្សិត​យក​ទៅ​លក់​នៅ​ក្នុង​ផ្សារ ដែល​មាន​តម្លៃ​ចាប់ពី​៥០០០​រៀល​ទៅ​៦០០០​រៀល ក្នុង​១​គីឡូក្រាម ។ តែ​ពេល​នេះ​ឈ្មួញ​ទិញ​ត្រឹមតែ​១​គីឡូក្រាម​ក្នុង​តម្លៃ​៤០០០​រៀល ទៅ​៤៥០០​រៀល​ប៉ុណ្ណោះ ។ លើស​ពី​នេះ​លោក​ក៏​បាន​ច្រក​ជា​កញ្ចប់​ផ្សិត​ជាង​២០០០​កញ្ចប់ លក់​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​បណ្តុះ​នៅ​ឯ​ផ្ទះ ក្នុង​១​កញ្ចប់ លក់​តម្លៃ​១៣០០​រៀល ទៅ​១៥០០​រៀល ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សុទ្ធ វិសាល ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ៖ បច្ចុប្បន្ន​នេះ មុខរបរ​បណ្តុះ​ផ្សិត​លក់ ពុំ​សូវ​មាន​ច្រើន​នោះ​ទេ ក្នុង​ខេត្ត​ប៉ៃលិន ពោល​គឺ​មាន​តែ​៥​ទៅ​៦​គ្រួសារ​ប៉ុណ្ណោះ ។ លោក​បន្ត​ទៀត​ថា ភាគច្រើន​ប្រជាពលរដ្ឋ នាំ​គ្នា​រៀប​ចំការ​បណ្តុះ​ផ្សិត​អំបោះ និង​ផ្សិតចំបើង​លក់ ។

តែ​ក្នុង​នាម​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត លោក និង​ក្រុមការងារ​ក៏​តែងតែ​ចុះ​អនុវត្ត​ផែនការ​ក្នុង​គម្រោង​ដូច​ជា ការ​ផ្តល់​ពូជ និង​ការ​ប្រឹក្សា​ផ្តល់​យោបល់​បច្ចេកទេស ក្នុង​ការ​បណ្តុះ​ផ្សិត និង​បច្ចេកទេស ក្នុង​ការ​លាយ​មេ​ផ្សិត​សំដៅលើ​ប្រើប្រាស់​បាន​យូរ និង​ទទួល​បាន​ផល​ច្រើន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ