រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញនៅតែទទូច និងសុំអង្វរដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវផង សូមកុំបោះសំរាមចូលក្នុងប្រឡាយ ព្រោះវាបណ្តាលឱ្យកកស្ទះប្រពន្ធ័ផ្លូវទឹក និងបង្កឱ្យលិចលង់ដល់យើងទាំងអស់គ្នា។
រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗជាដើម ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។
ជាក់ស្ដែងសម្រាប់ពេលនេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តារសំរាមនៅប្រឡាយបឹងត្របែក ដោយចាប់ផ្ដើមអនុវត្តកាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ និងបញ្ចប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១នេះ ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់នៅរដូវវស្សាខាងមុខនេះ ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមការងារអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អង្គភាពលូទឹកបូមទឹក បានធ្វើសកម្មភាពស្តារសំរាមនៅប្រឡាយបឹងត្របែក ដោយចាប់ផ្ដើមអនុវត្តន៍ការងារកាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ និងបញ្ចប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១នេះ ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់នៅរដូវវស្សាខាថមុខនេះ ។
លោកបញ្ជាក់ថា ជាលទ្ធផលយើងដឹកសំរាមចេញបានចំនួន៣៨០រថយន្តស្មើនិង១៩០០ម៉ែត្រគូប ដែលប្រហាក់ប្រហែល១៥០០តោន លើប្រវែងប្រឡាយបឹងត្របែក៩០០ម៉ែត្រ ទទឹង៣០ម៉ែត្រ។
លោកដួង ចាន់សារ៉ាត់ បានសូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវកុំបោះសំរាមចូលក្នុងប្រឡាយ ចូររួមគ្នាថែរក្សារបរិស្ថានទីក្រុងយើងទាំងអស់គ្នាផង ៕
ចែករំលែកព័តមាននេះ