រាជធានីភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យកោះសន្តិភាពដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា ដោយសារនេះជាការងារអាទិភាព យើងកំពុងសម្រុករៀបចំ និងជម្រុញឱ្យបានរួចរាល់យ៉ាងលឿនបំផុត និងបានរៀបចំប្លង់សាងសង់ រៀបចំទីតាំងរួចរាល់ និងបច្ចុប្បន្នកំពុង.តបណ្តាញអគ្គិសនី។
លោកបន្តថា រីឯសំភារៈបច្ចេកទេសគ្រឿងម៉ាស៊ីន (ឡដុត) បានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់ឆាប់ៗនេះហើយ ប៉ុន្តែបើទោះបីជាកិច្ចការនេះ ជាអ្វីដែលយើងបានគ្រោង និងរៀបចំទុក ដើម្បីបង្ការហានិភ័យណាមួយកើតឡើងក៏ដោយ ក៏រហូតមកដល់បច្ចុប្បន្ននេះ គឺករណីអ្នកស្លា.ប់ដោយសារកូវីដ១៩ ក៏កើតមានជាបន្តបន្ទាប់រហូតដល់១១នាក់ហើយ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា នេះក៏ជាសារក្រើនរំលឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋគ្រប់រូប សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានទប់ស្កាត់ការចម្លង ការរីករាលដាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ក៏ដូចជា «៣ការពារ ៣កុំ» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោក ម៉េត មាសភក្ដី បានឱ្យដឹងទៀតថា ផ្ទៃដីប្រមាណ១០ហិកតា ស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកដែលស្លា.ប់ដោយសារជំងឺកូវីដ១៩ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងមមាញឹកឈូសឆាយ និងសាងសង់។ ទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺមានសុវត្ថិភាព និងជាជម្រើសល្អ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។
លោកបន្តថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដាចំនួន៦ ដោយបាននិងកំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃផងដែរ ។
សូមបញ្ជាក់ថា ការសម្រេចជ្រើសរើសទីតាំងនេះ ធ្វើឡើងក្រោយទទួល បានបទបញ្ជារបស់សម្ដេច ហ៊ុន សែន មកកាន់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលកន្លងមក៕
ចែករំលែកព័តមាននេះ