ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​សុខាភិបាល​ចុះ​បា.ញ់ថ្នាំ​សម្លា.ប់​មេរោគ​កូ​វី​ដ​នៅ​ផ្សារ​ធំ​កំពង់ចាម និង​ផ្សារ​សាមគ្គី​ក្រុង​កំពង់ចាម

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បន្ទាប់​ពី​បាន​រក​ឃើញ​ពលរដ្ឋ​ចំនួន​៥​នាក់ មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​បញ្ចៀស​ការ​ឆ្លង​បន្ត​ទៅ​អ្នក​ដទៃ ។ នា​ល្ងាច ថ្ងៃ​ទី​២៨ មីនា ២០២១…

ខេត្តកំពង់ចាម ៖ បន្ទាប់​ពី​បាន​រក​ឃើញ​ពលរដ្ឋ​ចំនួន​៥​នាក់ មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​បញ្ចៀស​ការ​ឆ្លង​បន្ត​ទៅ​អ្នក​ដទៃ ។ នា​ល្ងាច ថ្ងៃ​ទី​២៨ មីនា ២០២១ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្សារ​ធំ​កំពង់ចាម និង​ផ្សារ​សាមគ្គី​ក្នុង​ក្រុង​កំពង់ចាម ដើម្បី​សម្លាប់​មេរោគ ។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​ដឹកនាំ​ដោយ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិក​សមាជិកា​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​ក្នុង​ខេត្ត រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ធ្វើ​ឡើង​នៅ​សាលាខេត្ត ដើម្បី​រិះរក​មធ្យោបាយ​ទប់ស្កាត់​ជំងឺ covid ។

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​ដោយ​គូសបញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​ផ្ទុះ​ឡើង​ត្រូវ​បាន​រក​ឃើញ​ចំនួន​៥​នាក់ នៅ​ក្នុង​ខេត្តកំពង់ចាម ។ តាម​រយៈ​កម្លាំង​ជំនាញ​សុខាភិបាល​រួម​ជាមួយនឹង​អាជ្ញាធរ​បាន​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​មួយ​រយៈ​នូវ​ទីតាំង​ចំនួន​១៣​កន្លែង ដែល​មានការ​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​នោះ​រួម​មាន ៖

១- គ្លីនិក ម៉ី មុនី​បូ​រិ​ន្ទ នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។
២-​គ្លីនិក​ពេទ្យ​គា ស្ថិត​នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។
៣- តូប​ចំនួន​៦ ក្នុង​ផ្សារ​ធំ ក្រុង​កំពង់ចាម​។
៤- មណ្ឌល​សុខភាព​ខ្ពប​តា​ងួ​ន ស្ថិត​នៅ​ឃុំ​ខ្ពប​តា​ងួ​ន ស្រុក​ស្ទឹង​ត្រង់
ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ស្រុក​ព្រែក​ប្រសព្វ​ខេត្ដក្រចេះ ព្រមទាំង​កន្លែង​ពាក់ព័ន្ធ​ផ្សេង​ទៀត …​។

លោក​វេជ្ជបណ្ឌិត គី​ម​សួរ ភី​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​÷ អ្នក​ដែល​មាន​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​-១៩​ទាំង​៥ នាក់​រួម​មាន​÷
១- ឈ្មោះ ជួប សា​រ៉េ​ត ភេទ​ស្រី អាយុ ៤៥ ឆ្នាំ នៅ​ភូមិ សង្កេត ឃុំ សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ចូល​ច​ត្តា​ឡី​ស័ក​ថ្ងៃ​ទី​២៥​មីនា ២០២១ (​ឆ្លង​ពី​កូន​នៅ​ភ្នំពេញ​)​។
២- វ​ណ្ណា ហ្សា​រី​ន (​កូន​របស់​លោក វ៉ា​ន់​ណា​ក្រូ ប្រធាន​ការិយាល័យ​សុខាភិបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ លើ​) ភេទ​ស្រី អាយុ ១៨​ខែ​។
៣- វ​ណ្ណា ឡូ​ស៉ិ​ច (​កូន​របស់ វ៉ា​ន់ ណា​ក្រូ​) ភេទ​ប្រុស អាយុ ៨​ឆ្នាំ​។
៤-​ឈ្មោះ លាង សុធា​រី (​ប្រពន្ធ វ៉ា​ន់ ណា​ក្រូ​) ភេទ​ស្រី អាយុ ២៧​ឆ្នាំ នៅ​ភូមិ​អូ​ឬ​ស្សី ឃុំ​អូ​ឬ​ស្សី ក្រុង ក្រចេះ ខេត្តក្រចេះ​។
៥- ឈ្មោះ លាង ញ៉ (​ឪពុកក្មេក វ៉ា​ន់ ណា​ក្រូ​) ភេទ​ប្រុស អាយុ ៧៥​ឆ្នាំ នៅ​ភូមិ​ទី​មួយ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ត​ថា ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ទាំង​៥​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​មក​ព្យាបាល​ជំងឺ​ដាក់​នៅ​បន្ទប់​ដាច់​ដោយឡែក​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។

សូម​បញ្ជាក់​ជូន​ថា លោក វ៉ា​ន់ ណា​ក្រូ ជា​មន្ត្រី​នរ​គ​បាល​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ហើយ​បាន​បន្ត​ចម្លងជំងឺ​នេះ ដល់​ឪពុកក្មេក ប្រពន្ធ និង​កូន​ពីរ​នាក់​បន្ថែម​ទៀត ។ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ មិ​នា សុខភាព​របស់​លោក​ម៉ា​ក្រូ បាន​ប្រសើរ​គ្រាន់បើ​ដោយសារ​តែ​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ព្យាបាល ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៨ មីនា ២០២១ ឯកឧត្តម​អ៊ុ​ន​ចាន់​ដា អភិបាលខេត្ត​បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ដោយ​ចុះ​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វី​ដ​នៅ​ផ្សារ​ធំ​កំពង់ចាម និង​បាន​បាញ់​បន្ត​សម្លាប់​មេរោគ​នៅ​ផ្សារ​សាមគ្គី ក្នុង​ក្រុង​កំពង់ចាម ។ ចំពោះ​មូលហេតុ​ដែល​ជំនាញ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នេះ​ដោយសារ​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ម៉ា​ក្រូ ជា​ប្រធាន​ការិយាល័យ​សុខាភិបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​មិន​ស្រួលខ្លួន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម សមាជិក​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ចូល​ផ្សារ​ធំ​កំពង់ចាម​ទិញ​របស់របរ​ប្រើប្រាស់ បន្ទាប់​មក​តាម​រយៈ​ការ​យក​សំណាក​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ា​ស្ទើ ឃើញ​ថា លោក​ម៉ា​ក្រូ​វិជ្ជមាន​ជំងឺ covid ។ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​សម្រេច​បិទ​តូប​លក់ដូរ​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​ធំ ចំណែក​នៅ​ផ្សារ​សាមគ្គី​ក៏​មានការ​ពាក់ព័ន្ធ​ផង​ដែរ​ទើប​កម្លាំង​ជំនាញ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្សារ​ទាំង​ពីរ ។

ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ក្នុង​នាម​អាជ្ញាធរ​ក្រុង​កំពង់ចាម សូម​អំពាវនាវ​ដល់​គណ​:​អាជីវករ​ផ្សារ​ទាំង​ពីរ​ត្រូវ​អនុវត្ត​ដោយ​តម្រូវ​ឲ្យ​អ្នក​ចូល​ផ្សារ​ទាំងអស់​ត្រូវ​តែ​លាងដៃ​នឹង​អាកុល​ពាក់​ម៉ាស់​ជាដើម រួម​និង​អនុវត្ត​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​នៅ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ​៣​កុំ និង​៣​ការពារ ឲ្យ​បាន​ជាប់លាប់​ប្រៀប​បាន​ដូច​ជា អាវ​ក្រោះ​សម្រាប់​ការពារ​ខ្លួន​យ៉ាង​ដូច្នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ