ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! អាកា​រៈ «​វិលមុខ​» អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ រហូត​អាច​ប៉ះពាល់​ដល់​ជីវិត​ភ្លាម​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី ភ្នំពេញ ៖ អាកា​រៈ «​វិលមុខ​» អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ ត្រូវ​បាន​លោកស្រី​វេជ្ជបណ្ឌិត អ៊​ន់ ច័ន្ទ​រស្មី ឯកទេស​ប្រសាទ​សាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា…

រាជធានី ភ្នំពេញ ៖ អាកា​រៈ «​វិលមុខ​» អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ ត្រូវ​បាន​លោកស្រី​វេជ្ជបណ្ឌិត អ៊​ន់ ច័ន្ទ​រស្មី ឯកទេស​ប្រសាទ​សាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ៖ វិលមុខ គឺជា​ការ​មាន​អារម្មណ៍​ថា ខ្លួន​របស់​យើង​កំពុង​វិល​នៅ​ក្នុង​លំហ ឬ​លំហ​វិល​ជុំវិញ​ខ្លួន​យើង​។ ការ​វិលមុខ អាច​ជា​សញ្ញា​សំខាន់​មួយ​ដែល​ដាស់តឿន​យើង​ទៅ​រក​ជំងឺ​ណាមួយ ដែល​វា​នឹង​ស្តែង​ចេញ​បន្ទាប់​។ ដូច្នេះ​យើង​មិន​គួរ​ព្រងើយកន្តើយ​ចំពោះ​រោគ​សញ្ញា​នេះ​ទេ​។

ក​) មូលហេតុ​នៃ​ការ​វិលមុខ ៖
មាន​បញ្ហា និង​កត្តា​ផ្សេង​គ្នា​ៗ​យ៉ាងច្រើន ដែល​ជំរុញ​ឱ្យ​មាន​អាកា​រៈ​វិលមុខ​ដូច​ជា ៖

១. បញ្ហា​ប្រព័ន្ធ​ប្រសាទ ៖ ការ​វិលមុខ​ដែល​រួម​ផ្សំ​មក​ជាមួយ​សញ្ញា​ប្រព័ន្ធ​ប្រសាទ​ដូច​ជា ស្ពឹក​មួយ​ចំហៀង​ខ្លួន ឈឺក្បាល​ខ្លាំង​ផ្នែក​ខាងក្រោយ​និយាយ​អាក់​ៗ មើលឃើញ​រូបភាព​បែក​ជា​ពីរ ការ​ថយ​ចុះ​នូវ​វិញ្ញាណ និង​ចលនា ការ​វិល​នៃ​គ្រាប់ភ្នែក​ក្នុង​ទិស​ដៅ​ច្រើន​ជ្រុង សញ្ញា​ប៉ះពាល់​លើ​ខួរ​តូច (​មិន​អាច​ទប់​លំនឹង និង​សម្របសម្រួល​ចលនា ឬ​ដងខ្លួន​) ឈ្លក់ និង​ពិបាក​លេប​។ រាល់​សញ្ញា​ទាំង​អស់នេះ អាច​ប៉ះពាល់​ដល់​ជីវិត​ភ្លាម​ៗ​។

២. បញ្ហា​ត្រចៀក ៖ បញ្ហា​ដែល​ទាក់ទង​នឹង​ត្រចៀក​មាន​ដូច​ជា ៖
ក​. ឈឺ​ក្នុង​ត្រចៀក
ខ​. ស្តា​ប់លែង​សូរ​បាន (​ធ្ងន់ត្រចៀក​)
គ​. ហូរ​ឈាម ឬ​មាន​ហូរ​ទឹករ​ង៉ៃ​តាម​ត្រចៀក ដែល​បណ្តាល​មក​ពី​ការ​រលាក ដោយសារ​មេរោគ
ឃ​. ការ​ប៉ះទង្គិច ឬ​ដុះ​សាច់​ក្នុង​ត្រចៀក​។

៣. បញ្ហា​ផ្សេង​ៗ​ទៀត ៖ ដូច​ជា​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន (​ថ្នាំ​ប្រឆាំង​ការ​កន្ត្រាក់ ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ។​ល​។​) ខ្វះ​គ្រាប់​ឈាម ខ្វះ​ជាតិ​ស្ករ ខ្សោះ​ជាតិ​ទឹក ជំងឺស្រឺត ការ​ថយ​ចុះ​សម្ពាធ​ឈាម​នៅ​ពេល​ដែល​ងើបឈរ​។

ខ​) ការ​ធ្វើ​រោគវិនិច្ឆ័យ ៖

  • ការ​ពិនិត្យ​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​ឈាន​ទៅ​រក​ការ​ព្យាបាល​មូលហេតុ​ច្បាស់លាស់​។
  • ពិនិត្យ​ឈាម និង​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ទំនើប​ស្វ័យប្រវត្តិ​ដូច​ជា ស្កេ​ន​នែរ ឬ អ៊ី​អ៊ែ​អឹ​ម (Scanner, IRM) ដើម្បី​រក​ការ​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ​កណ្តាល និង​ប្រព័ន្ធ​ប្រសាទ​ក្រៅ​។

គ​) ផលវិបាក​នៃ​ការ​វិលមុខ ៖
ការ​វិលមុខ​ញឹកញាប់​អាច​រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកជំងឺ និង​វិ​វត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​។ ការ​វិលមុខ​ខ្លាំង អាច​បណ្តាល​អោយ​ដួល​ភ្លាម​ៗ បង្ក​អោយ​មានការ​ប៉ះទង្គិច​លើ​សរីរាង្គ​ផ្សេង​ៗ និង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

ប្រសិនបើ​លោក​អ្នកមាន​អាកា​រៈ​វិលមុខ​ញឹកញាប់ សូម​ប្រញាប់​មក​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ពិនិត្យ ពិគ្រោះ ផ្តល់​អនុសាសន៍​លម្អិត និង​ដោយ​ស៊ីជម្រៅ​អំពី​បញ្ហា​សុខភាព​របស់​លោក​អ្នក​។

លោកស្រី​វេជ្ជបណ្ឌិត អ៊​ន់ ច័ន្ទ​រស្មី ឯកទេស​ប្រសាទ​សាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកា​រៈ​វិលមុខ និង​ស្វែងរក​ការ​ព្យា​ល​បាល​អោយ​បាន​ត្រឹមត្រូវ និង​ឆាប់រហ័ស ដែល​អាច​អោយ​យើង​ការពារ​អាយុជីវិត​បាន​ប្រាកដ ដូច​ពាក្យស្លោក​ប្រហែស​បាត់ ប្រយ័ត្ន​គង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ