ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋនៅឧត្តរមានជ័យ ពឹងលើការចិញ្ចឹមត្រីអណ្តែងនិងកង្កែបច្រើនឡើង !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅទូទាំងខេត្តមានកសិករចំនួន ១០៥ គ្រួសារបានកំពុងទទួលពីរបរចិញ្ចឹមត្រីអណ្តែង និងកង្កែប ក្នុងនោះ ៧៥ គ្រួសារ ចិញ្ចឹមត្រីអណ្តែង…

រាជធានីភ្នំពេញ ៖ នៅទូទាំងខេត្តមានកសិករចំនួន ១០៥ គ្រួសារបានកំពុងទទួលពីរបរចិញ្ចឹមត្រីអណ្តែង និងកង្កែប ក្នុងនោះ ៧៥ គ្រួសារ ចិញ្ចឹមត្រីអណ្តែង និង ៣០ គ្រួសារ ចិញ្ចឹមកង្កែប ។ បច្ចុប្បន្នសម្រាប់កសិករចិញ្ចឹមត្រីអណ្តែងនៅបន្តចិញ្ចឹម ៣០ គ្រួសារ និងកង្កែបមាន ១០ គ្រួសារ ក្រៅពីនោះ គាត់បានផ្អាកចិញ្ចឹមបណ្តោះអាសន្ន ដោយជាប់រវល់ប្រមូលផលស្រូវប្រាំង ដំឡូងមី និងផលដំណាំផ្សេងៗទៀត ។ 

ដោយសារការចិញ្ចឹមទាំងត្រី និងកង្កែបងាយចិញ្ចឹម ឆាប់បានផល ចំណាយទុនតិច មានទីផ្សារ ពោលត្រីអណ្តែងតម្លៃ ៦០០០ រៀលក្នុងមួយគីឡូក្រាម ចំណែកងកង្កែប មានតម្លៃ ១០ ០០០ រៀល ក្នុងមួយគីឡូក្រាម ។ មន្ត្រីតីកសិកម្មខេត្តឧត្តរមានជ័យឲ្យដឹងថា ការចិញ្ចឹមត្រីអណ្តែង និងកង្កែបអាចឲ្យពលរដ្ឋដោះស្រាយម្ហូបអាហារប្រចាំថ្ងៃផង និងទទួលបានចំណូលពីការលក់ផង ។ 

ក្រៅពីកសិករទាំង ១០៥ គ្រួសារនោះ មានកសិករជាច្រើនបានចាប់អារម្មណ៍ធ្វើការចិញ្ចឹមត្រីអណ្តែង និងកង្កែបទៀត ជាពិសេសកងយុទ្ធពលខេមរភូមិមិន្ទនៅតាមតំបន់ឈរជើង ។ ជាក់ស្តែង កូនត្រីអណ្តែងចំនួន ១៤០ ០០០ កូន ត្រូវបានស្ថានីយកសិកម្មគោករំដួលរបស់មន្ទីរកសិកម្មខេត្ត បានលក់ជូនអតិថិជន ចំពោះកង្កែបកំពុងរង់ចាំត្រៀមបង្កាត់ពូជនារដូវរស្សាខាងមុខ ។

 តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE មន្ទីរកសិកម្មខេត្តបានរៀបចំជា ៣ បណ្តុំក្នុងនោះ អាជីវកម្មត្រីអណ្តែង ២ បណ្តុំមានសមាជិក ៩៨ គ្រួសារ ដែលគ្រួសារនីមួយៗទទួលបានចំណី ២ ការ៉ុង តង់ ៤x៦ កូនត្រីអណ្តែង ៥០០ ក្បាល និងកសិករគំរូ ២ រូបជាអ្នកបង្កាត់ និងភ្ញាស់ត្រី ដែលពួកគាត់ម្នាក់ៗទទួលបានថវិកាសម្រាប់រៀបចំរោង តង់ និងឧបករណ៍បង្កាត់ គិតជាទឹកប្រាក់សរុបចំនួន ៤ ០០០ ០០០ រៀល ។ ដោយឡែក អ្នកចិញ្ចឹមបង្កងមាន ១ បណ្តុំ មានសមាជិក ៤៦ គ្រួសារ ទទួលបាន តង់ ម៉ូទ័រ និងមេ-បាពូជ ២ គូ និងកសិករគំរូ ១ រូបជាអ្នកបង្កាត់ ភ្ញាស់ ទទួលបានថវិកា ២ ៨០០ ០០០ សម្រាប់ធ្វើ រោង អាង និងឧបករណ៍បង្កាត់ ។ កន្លងមកមន្ទីរបានបញ្ជូនមន្ត្រីជំនាញទៅចូលរួមវគ្គបណ្តុះ បណ្តាលបច្ចេកទេសបង្កាត់ពូជត្រីអណ្តែង ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា និង កង្កែប បន្ថែមនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ។ បច្ចុប្បន្ន ពួកគាត់មានសមត្ថភាពបង្កាត់ត្រីអណ្តែង កូនកាត់ អាហ្រ្វិក ដោយជោគជ័យ ហើយជាទិសដៅបន្ត នឹងខិតខំបង្កាត់ត្រីឆ្ពិន ត្រីកន្ធរ ដើម្បីធានាការផ្គត់ផ្គង់កូនត្រី ហើយជំរុញរៀបចំខ្សែច្រវាក់ផលិតកម្មវារីវប្បកម្ម ធានាការផ្គត់ផ្គង់នៅក្នុងមូលដ្ឋានរបស់ខ្លួន និងពង្រីកសមត្ថភាពការចិញ្ចឹមបន្តទៀតសំដៅជំរុញការផលិតដើម្បីនាំចេញក្រៅខេត្ត ។ 

ឯកឧត្តម វេង សាខុន បានឲ្យដឹងថា ខេត្តឧត្តរមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ១១ ដែលទទួលបានគម្រោងស្តីពី «ការធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប ជាលក្ខណគ្រួសារក្នុងក្របខ័ណ្ឌបច្ចេកទេសសមស្រប សាមញ្ញ ដោយប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩» របស់សម្តេចតេជោ ហ៊ុន សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ