ខេត្តស្ទឹងត្រែង ៖ ស៊ីន ចន្ថា គឺជាស្ត្រីកសិករគំរូម្នាក់ស្ថិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ដែនបានធ្វើយ៉ាងល្អក្នុងការបង្កើតដំណាំសេរីរាង្គផ្គត់ផ្គង់លើទីផ្សារ និងសហគមន៍មូលដ្ឋាន ហើយស្ត្រីរូបនេះក៏បានបង្ហាញអំពីមហិច្ឆតារបស់ខ្លួនក្រោយពីទទួលបានជោគ ជ័យលើការដាំបន្លែ ។
អ្នកនាង ស៊ីន ចន្ថា បាននិយាយថា ការដាំបន្លែតាមបច្ចេកទេសដែលទទួលបានការបង្ហាត់បង្រៀនពីអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីជំនាញផ្នែកកសិកម្មត្រឹមត្រូវមក នាងបានចាប់យករបរដាំបន្លែនេះរហូតក្លាយជាកសិករគំរូ ។ នាងបន្តទៀតថា បច្ចុប្បន្នកំពុងតែពង្រីកបន្ថែមលើផ្ទៃដីដែលមានទំហំជាងមួយហិកតាបន្តទៀត ។ បន្លែដែលនាងបានដាំនោះ គឺជាបន្លែតម្រូវការប្រចាំថ្ងៃដូចជាត្រឡាច ត្រសក់ ម្ទេស ត្រប់ និងសណ្ដែកកួរជាដើម ។ បន្ទាប់ពីដំណាំបានផលអ្នកភូមិក៏មកទិញដល់ផ្ទះរបស់នាងតែម្តង និងមានម៉ូយទិញដល់កន្លែងដើម្បីយកទៅលក់បន្តនៅផ្សារក្រុងស្ទឹងត្រែងផងដែរ ។
ស្រី្តរូបនេះបានបង្ហាញពីទឹកចិត្តស្រលាញ់របររបស់ខ្លួនទាំងប្ដីរបស់គាត់មិនបានគាំទ្រ ក៏ប៉ុន្តែក្រោយពីមិនឱ្យទំនេរដៃរហូតឈានដល់ទិន្នផលហុចមកវិញនៅចំណូលចាស់ដៃផងនោះ ប្តីរបស់គាត់ងាកមកគាំទ្ររបរមួយនេះយ៉ាងពេញទំហឹងតែម្តង ។ បន្ថែមពីនេះនាងចង់ឱ្យប្រជាពលរដ្ឋក្រៅពីធ្វើស្រែចម្ការគួរឆ្លៀតឱកាសចាប់យករបរដាំដំណាំលក់ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះការដាំដំណាំក៏អាចជួយបង្កើនសេដ្ឋកិច្ចគ្រួសារបានមួយកម្រិតទៀតផងដែរ ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្ដីទី លោក ទុំ នីរ៉ូ បានសម្តែងនូវការកោតសរសើរចំពោះកសិករនៅស្រុកសេសាន ក្រោយពីបានចុះជួបផ្ទាល់ និងឃើញថា ពួកគាត់សកម្មក្នុងការដាំដុះ និងអនុវត្តបានយ៉ាងត្រឹមត្រូវទៅលើដំណាំដែលទទួលបានពីផ្នែកបច្ចេកទេសដែលមន្ត្រីមន្ទីរកសិកម្មបានបង្រៀនកន្លងមក ។ លោកបន្ថែមទៀតថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជួយគាំទ្រកសិករយ៉ាងពេញទំហឹងទាំងបច្ចេក ទេស និងធាតុចូលមួយចំនួនទៀតដើម្បីឲ្យកសិករនៅខេត្តស្ទឹងត្រែង មានលទ្ធភាពពង្រីកផលិតភាពកសិកម្មរបស់ខ្លួន ដើម្បីទទួលបានចំណូលខ្ពស់ និងសន្តិសុខស្បៀងសម្រាប់គ្រួសារ ៕
ចែករំលែកព័តមាននេះ