រាជធានីភ្នំពេញ ៖ គិតមកត្រឹមថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះបានលើផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហិកតា ស្មើនឹង ១៤២,៤៥% នៃផែនការ ៤៥៩ ២០០ ហិកតា លើសពីឆ្នាំមុន ៥២ ០៣១ ហិកតា ។ ចំណែកដំណាំផ្សេងក្រៅពីស្រូវក៍ការដាំដុះលើសផែនការដែលនៅក្នុងពេលកូវីដ ១៩ រាតត្បាតនេះ ។ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មឲ្យដឹង ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ការងារបង្កបង្កើនផលផ្សេងក្រៅពីស្រូវ ដូចជាពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក ជាដើមនោះ អនុវត្តបានចំនួន ៣៨ ១៧០ ហិកតា ស្មើនឹង ១០២,៣០% នៃផែនការ ៣៧ ៣១២ ហិកតា លើសឆ្នាំមុន ៥៤៤ ហិកតា ។ ចំណែកដំណាំឧស្សាហកម្ម ដូចជា ពោតក្រហម ដំឡូងមី, សណ្តែកបាយ, សណ្តែកដី, សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់ និងឈូក អនុវត្តបានចំនួន ៨៩ ៨៦៤ ហិកតា ស្មើនឹង ១០៥,៥៤% នៃផែនការ ៨៤ ៧៧០ ហិកតា លើសឆ្នាំមុន ១០ ១៩០ ហិកតា ។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ ២០២១ នេះសម្រេចបានចំនួន ៤៨៦ ៦៤៦ ហិកតា ស្នើនឹង ៧៤,៩២% នៃផ្ទៃដីអនុវត្តបានសរុបចំនួន ៦៤៩ ៥៣៩ ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ២ ១៧៥ ១៩៧ តោន ក្នុងនេះទទួលបានទិន្នផលជាមធ្យមប្រមាណជា ៤,៤៧ តោនក្នុងមួយហិកតា ។ «ជារួម ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងត្រូវបានបញ្ចប់ជាស្ថាពរ នៅទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ ក្រសួងបានបន្តជំរុញដល់កសិករឲ្យត្រៀមលក្ខណៈការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាដែលនឹងចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដូចជាការពង្រាបដីស្រែ ការភ្ជួររាស់ដី និងការត្រៀមពូជស្រូវជាដើម» ។
លោកស្រី និមល កសិករនៅខេត្តសៀមរាបឲ្យដឹងថា នៅក្នុងពេលផ្ទុះជំងឺកូវីដ ១៩ នេះ កម្លាំងធ្វើកសិកម្ម នៅមូលដ្ឋានលោកស្រី មានច្រើន ដោយសារតែពលរដ្ឋមិនអាចចាកចេញពីភូមិទៅធ្វើការនៅប្រទេសថៃ និងនៅភ្នំពេញបាន ។ ដូច្នេះពលរដ្ឋជាច្រើន បានចុះធ្វើស្រែ ដាំបន្លែ ប៉ុន្តែគួរឲ្យស្តាយកសិផលកសិករដាំដុះបានភាគច្រើនចុះថោក គ្មានទីផ្សារ នៅពេលកម្មវិធីជួបជុំនានា ដូចជាពិធិការ និងបុណ្យទានផ្សេងៗមិនអាចរៀបចំបាន ដើម្បីការពារជំងឺកូវីដ ១៩ នោះ ។ កសិករនៅខេត្តសៀមរាបអះអាងថានៅពេលកសិផលចុះថោក បានបង្កើនការលំបាកដល់ពលរដ្ឋនៅមូលដ្ឋាន ក្នុងការរកប្រាក់សងបំណុលធានាគារ បានខ្ចីគេមកដាំដុះ ៕
ចែករំលែកព័តមាននេះ