ខេត្តស្វាយរៀង ៖ កសិករម្នាក់ឈ្មោះនាង ចន្ថាវី ជាប្រជាកសិកររស់នៅក្នុងភូមិស្វាយអាណាតឃុំញរ ស្រុកកំពង់រោទិ៍ បានបើកកសិដ្ឋានខ្នាតតូចលក្ខណៈគ្រួសារសម្រាប់ចិញ្ចឹមសត្វក្រួច ដើម្បីបន្ថែមចំណូលក្រៅពីមុខរបរកសិកម្ម លទ្ធផលទទួលបានប្រាក់ចំណូលសម្រាប់ផ្គង់ផ្គង់ជីវភាពប្រចាំថ្ងៃបានល្អប្រសើរ មិនចាំបាច់ធ្វើចំណាកស្រុក ។
បើតាមកសិករឈ្មោះ នាង ចន្ថាវី ភេទប្រុស អាយុ២៨ឆ្នាំ បានផ្ដល់បទសម្ភាសន៍ថា ការចិញ្ចឹមក្រួចនេះ គឺទើបតែចិញ្ចឹមសាកល្បងលើកទី១ លទ្ធផល គឺបានជោគជ័យ ។ ប្រភពបន្តថា ការចិញ្ចឹមក្រួចមានរយៈពេលខ្លីជាងសត្វមាន់ និងទាព្រោះការចិញ្ចឹមមាន់និងទាមានរយៈពេលយូរខែហើយ សម្រាប់ការចិញ្ចឹមក្រួចមានរយៈពេលខ្លីត្រឹមតែមួយខែអាចលក់បានតម្លៃសមរម្យ១ក្បាល បានតម្លៃចាប់ពី២,៥០០រៀលទៅ ៣,០០០រៀល ។
លោកបានបន្តថា ការលក់ដូរសត្វក្រួចនេះ មិនចាំបាច់រកទីផ្សារធំដុំទេ ព្រោះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ឬនៅក្នុងស្រុកកំពង់រោទិ៍នេះ អាចមកទំនាក់ទំនង និងមកទិញយកទៅធ្វើជាម្ហូបអាហារ តាមតម្រូវការរបស់ប្រជាពលរដ្ឋ គឺលក់ជាប្រចាំថ្ងៃនៅក្នុងផ្ទះតែម្ដង ។ លោកបានបន្តថា ការចិញ្ចឹមក្រួចគេមានចំណីទិញមកពីប្រទេសវៀតណាមស្រាប់ ហើយយើងដាក់ឱ្យស៊ីជាប្រចាំថ្ងៃនៅក្នុងទ្រុងដែលយើងតម្រូវទៅតាមការចិញ្ចឹមតិច ឬច្រើនទ្រង់ទ្រាយតូច ឬទ្រង់ទ្រាយធំ គឺត្រូវមានទីធ្លាសម្រាប់សត្វក្រួចឲ្យវារត់លេងមានបរិស្ថានអនាម័យល្អ ។
លោកបានបញ្ជាក់ថា ក្នុងការសាកល្បងលើកដំបូងនេះ លោកចិញ្ចឹមតែចំនួន១,០០០ក្បាល ក៏ប៉ុន្តែការចិញ្ចឹមពិបាកខ្លះដែរ ព្រោះវាជាសត្វព្រៃហើយមិនស្គាល់ទ្រុង ឬផ្ទះសម្បែងដូចសត្វមាន់សត្វទានោះទេ បើរួចចេញពីទ្រុងច្បាស់ជា រត់ចូលព្រៃបាត់ខ្លួនហើយ ការធ្វើទ្រុងរបស់សត្វក្រួចយើងត្រូវប្រើសំណាញ់ ឬក្រឡាមងល្អិតៗវាំងព័ទ្ធជុំវិញ និងកន្លែងទីធ្លាធំល្មមមានខ្យល់ចេញចូល និងម្លប់ជាជម្រករបស់វានោះជាការស្រេច ។
ហើយបើមានដើមទុនច្រើនយើងអាចចិញ្ចឹមទ្រង់ទ្រាយធំ ហើយក៏អាចរកប្រាក់ចំណូលបានច្រើនដែរ ជាពិសេសពេលមានវិបត្តិកូវីដ១៩ នេះបើប្រជាកសិករងាកមកចិញ្ចឹមសត្វ ឬដាំបន្លែជាកសិដ្ឋានលក្ខណៈគ្រួសារតាមសហគមន៍យើងមានបន្លែ ត្រី សាច់សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងសហគមន៍យើង និងអាចជៀសផុតពីការឆ្លងនូវជម្ងឺកូវីដ១៩ទេ ៕
ចែករំលែកព័តមាននេះ