ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយ​ជួង ទូងស្គរ នៅ​តាម​បណ្តា​វត្ត​ក្នុង​ទូ​ទាំង​ខេត្តសៀមរាប បាន​ចាប់​អនុវត្ត​ហើយ​កាលពី​ម៉ោង​៥​ទៀប​ភ្លឺ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក វណ្ណ ប៊ុ​ន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ប្រាប់​នៅ​នៅ​រសៀល​ថ្ងៃ​ទី​២៤ នេះ​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្ដីណែនាំ​របស់…


ខេត្តសៀមរាប ៖ លោក វណ្ណ ប៊ុ​ន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ប្រាប់​នៅ​នៅ​រសៀល​ថ្ងៃ​ទី​២៤ នេះ​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្ដីណែនាំ​របស់ ក្រសួង​ធម្មការ និង​សាសនា ស្តី​ពី​ការ​វាយគង ជួង រគាំង ទូងស្គរ តាម​វត្ត​អារាម ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១​ម្សិលមិញ​រួច​មក លោក​ក៏​បាន​ណែនាំ​បន្ត​ដល់​ព្រះ​គ្រូ ព្រះ​អនុគណ​ក្រុង ស្រុក ក្នុង​ទូ​ទាំង​ខេត្តសៀមរាប ឲ្យ​គ្រប់​វត្ត​ទាំងអស់​ត្រូវ​អនុវត្ត​ចាប់ពី​ម៉ោង​៥​ទាប​ភ្លឺ ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ រហូត​ដល់​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ព្រឹក​មិ​ញ​នេះ លោក​ក៏​បាន​ទទួល​សេចក្ដីរាយការណ៍​ពី​ព្រះ​អនុគណ​ក្រុង ស្រុក​មួយ​ចំនួន​ថា បាន​អនុវត្ត ហើយ​លោក​នឹង​តាមដាន​នូវ​ការងារ​នេះ​ជា​បន្ត​ទៀត​។

ព្រះ​តេជគុណ វន ឡាំ គ្រូសូត្រឆ្វេង វត្ត​ស្វាយ​រមៀត មាន​សង្ឃដីកា​ថា ក្រោយ​ពី​ទទួល​បាន​សេចក្ដីណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា ស្តី​ពី​ការ​វាយ គង ជួង រគាំង ទូងស្គរ តាម​វត្ត​អារាម ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ នៅ​តាម​វត្ត​អារាម​នានា​ក្នុង​ខេត្តសៀមរាប បាន​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ម៉ោង​៥​ទាប​ភ្លឺ ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ រហូត​ដល់​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។ បន្ទាប់​ពី​ទទួល​បាន​សេចក្ដីណែនាំ​នេះ​ហើយ នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​នេះ វត្ត​ស្វាយ​រមៀត បាន​អនុវត្ត​ដោយ​ការ​វាយគង​ផង វាយ​ជួង​ផង និង​ទូងស្គរ​ផង ដើម្បី​ចូលរួម​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ក្រើនរំលឹក​ដល់​ពុទ្ធបរិស័ទ​គ្រប់​ៗ​រូប​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩ ដោយ​អនុវត្ត​នូវ​វិធានការ «៣​ការពារ​» និង «៣​កុំ​»​។

ព្រះ​តេជគុណ​បន្ត​ថា ជា​ទំនៀមទម្លាប់​ខ្មែរ​ពី​បុរាណ​មក​ដល់​បច្ចុប្បន្ន​នេះ ការ​វាយ​ជួង និង​ទូងស្គរ​តាម​វត្ត​អារាម​នានា​នៅ​តែ​ជា​ជំនឿ​មួយ​ដែល​ព្រះសង្ឃ និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​តែងតែ​ជឿ និង​អនុវត្ត​ត​ៗ​មក ដើម្បី​ពញ្ញាក់​ស្មារតី​អ្នក​ភូមិ​ស្រុក បានដឹង​ពី​ហេតុការណ៍​មិនល្អ គ្រោះភ័យ​ចោរ​ចូល​ភូមិ ឬ​មាន​បញ្ហា​អ្វី​ផ្សេង​ៗ រួម​ទាំង​ការ​អបអរសាទរ​នូវ​សមិទ្ធផល​នានា ឬ​ក៏​ជោគជ័យ​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន​ស្រុកភូមិ និង​ទី​អារាម​នានា​ផង​ដែរ​។ ព្រះ​តេជគុណ​បន្ត​ថា ដើម្បី​ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩​នេះ នៅ​វត្ត​ស្វាយ​រមៀត​តែងតែបាន​ណែនាំ​ឱ្យ​ព្រះសង្ឃ​ក៏​ដូច​ជា​ពុទ្ធ​បរិ​ស័​ទ្ធ​អនុវត្ត​ជា​ប្រចាំ​នូវ​វិធានការ «៣​ការពារ​» និង «៣​កុំ​»​។

គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ យោង​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១ ក្រសួង​ធម្មការ និង​សាសនា បាន​ចេញ​សារាចរ​ណែនាំ ស្តី​ពី​ការ​វាយគង ជួង រគាំង ទូងស្គរ តាម​វត្ត​អារាម ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ ដែល​សកម្មភាព​នេះ គឺជា​សញ្ញា​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដោយ​អនុវត្ត​នូវ​វិធានការ «៣​ការពារ​» និង «៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល រហូត​ដល់​ចប់​ព្រឹត្តិការណ៍ ២០​កុម្ភៈ ដោយ​ត្រូវ​អនុវត្ត​ចំនួន​៥​ដង​ក្នុង ១​ថ្ងៃ​គឺ ៖ លើក​ទី​១ នៅ​ម៉ោង ៥​ព្រឹក , លើក​ទី​២ នៅ​ម៉ោង ១១​ព្រឹក​, លើក​ទី​៣ នៅ​ម៉ោង ២ រសៀល​, លើក​ទី​៤ នៅ​ម៉ោង ៥​ល្ងាច និង​លើក​ទី​៥ នៅ​ម៉ោង ៨​យប់​។

ព្រះ​វិបុល​ស​ត្ថា រី សាត ព្រះរាជ​គណៈ​ថ្នាក់​កិត្តិយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​កេស​រា​រាម ស្ថិត​ក្នុង​ក្រុង​សៀមរាប មាន​ថេរ​ដីកា​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្ដីណែនាំ​នេះ​ហើយ នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ព្រឹក​មិ​ញ​នេះ វត្ត​កេស​រា​រាម បាន​អនុវត្ត​ដោយ​ការ​វាយគង​ផង វាយ​ជួង​ផង និង​ទូងស្គរ​ផង ដើម្បី​ចូលរួម​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​គ្រប់​ៗ​រូប ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ដោយ​អនុវត្ត​នូវ​វិធានការ «៣​ការពារ​» និង «៣​កុំ​» ។

ព្រះ​ចៅអធិការ​វត្ត​កេស​រា​រាម មាន​សង្ឃ​ថេរ​ដីកា​ទៀត​ថា ជា​ទំនៀមទម្លាប់​ខ្មែរ​ពី​បុរាណ​មក​ដល់​បច្ចុប្បន្ន​នេះ ការ​វាយ​ជួង និង​ទូងស្គរ​តាម​វត្ត​អារាម​នានា​នៅ​តែ​ជា​ជំនឿ​មួយ​ដែល​ព្រះសង្ឃ និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​តែងតែ​ជឿ និង​អនុវត្ត​ត​ៗ​មក ដើម្បី​ពញ្ញាក់​ស្មារតី​អ្នក​ភូមិ​ស្រុក បានដឹង​ពី​ហេតុភេទ​មិនល្អ គ្រោះភ័យ ចូល​ភូមិ ឬ​ព្រះ​ចៅអធិការ​វត្ត​ទទួល​អនិច្ចធម្ម ដើម្បី​ជា​សញ្ញា​បណ្តេញ​នូវ​ឧ​ប​ទ្រុឌ​ចង្រៃ​ផ្សេង​ៗ រួម​ទាំង​ការ​អបអរសាទរ​នូវ​សមិទ្ធផល​នានា ឬ​ក៏​ជោគជ័យ​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន​ស្រុកភូមិ និង​ទី​អារាម​នានា​ផង​ដែរ ជា​ពិសេស​សំឡេង​ទូងស្គរ ជា​និច្ចការ​តែង​ប្រើ​នៅ​ក្នុង​រដូវ​ចូល​ព្រះ​វស្សា ដើម្បី​ជា​សញ្ញា​ប្រាប់​ម៉ោង​ពេល ហើយ​ឲ្យ​បរិស័ទ​បានដឹង​ឱ្យ​ដឹង​ថា​ដល់​វេលា ឈប់​សម្រាក​ពី​ការងារ​ហើយ និង​ដាស់​ឱ្យ​ភ្ញាក់​ពី​ដំណេក​បន្ត​កិច្ចការ​រៀង​ៗ​ខ្លួន​ទៀត​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ