រាជធានីភ្នំពេញ ៖ ជាធម្មតាប្រសិនមនុស្សម្នាក់មានបំណងធ្វើអាជីវកម្មមួយ គេតែងតែគិតថាវានឹងចំណេញឬទេ? បរាជ័យឬអត់? ។ល។
យោងតាមការបកស្រាយ ពីអ្នកជំនាញផ្នែកអាជីវកម្មមួយចំនួនបានចែករំលែកថា ជាធម្មតាអាជីវកម្មមួយអាចដំណើរការបាន លុះត្រាតែម្ចាស់ជីវកម្ម មានជំនាញលើផ្នែកនោះ មានដើមគ្រប់គ្រាន់ ចំណេះដឹងផ្នែកហរិញ្ញវត្ថុជាដើម។
នាឳកាសនេះ សារព័ត៌មានកោះសន្តិភាព នឹងធ្វើការចែករំលែកបទពិសោធន៍ថ្មីមួយ អំពីគន្លឹះខ្លះៗដល់យុវជន ជាពិសេសយុវនារីៗ ដែលកំពុងមានគម្រោងធ្វើអាជីវកម្ម។
តាមរយៈការសំភាសន៍ផ្ទាល់ពីលោកស្រី ប៉ុង លឹមសាន ស្ថាបនិកនៃកម្មវិធីប្រព័ន្ធ គ្រប់គ្រងឌីជីថល “ពេទ្យយើង” បានចែករំលែកបទពិសោធន៍របស់លោកស្រីថា ការធ្វើអាជីវកម្ម ត្រូវតែគិតទៅលើចំណុចមួយចំនួន ជាពិសេស យើងគួរដឹងថា អាជីវកម្មដែលយើងនឹងរៀបចំបើកនោះនឹងត្រូវជួយអ្វីខ្លះដល់សង្គមវិញ។
លោកស្រី ប៉ុង លឹមសាន បានបន្តថា ៖ «ក្នុងនាមខ្ញុំជាសហគ្រិនស្ត្រីម្នាក់នឹងលើកទឹកចិត្តឱ្យស្ត្រីចូលរួមអាជីវកម្មកាន់តែច្រើន ហើយការទទួលបានជោគជ័យគឺមិនមែនត្រឹមតែ មានចំណេះដឹងអំពីអាជីវកម្មនោះទេ ព្រោះថាសហគ្រិនមួយជោគជ័យគឺមិនមែនអាចចេះតែជំនាញរបស់យើងមួយមុខនោះទេ»។
លោកស្រីបានបន្តចែករំលែកដូចនេះថា ៖
ទី១) ត្រូវចាប់ផ្តើមជាមួយនូវអ្វីដែលយើងស្រឡាញ់៖ តើការបង្កើតអាជីវកម្មរបស់ បង្កើតដោយក្តីស្រឡាញ់ គោលដៅរបស់យើង យើងអាចជួយអ្វីខ្លះ ? ក្នុងករណីយើងបើកអាជីវកម្មចំលងពីគេ ភាគរយជោគជ័យគឺតិច។ ប៉ុន្តែប្រសិនក្នុងករណីយើងដឹងថា អាជីវកម្មរបស់យើងបង្កើត ជួយអ្វីខ្លះទៅដល់សង្គម ជួយអ្វីខ្លះទៅដល់អ្នកពាក់ព័ន្ធ ជួយអ្វីខ្លះទៅដល់រដ្ឋាភិបាល និងជួយអ្វីខ្លះទៅដល់អ្នកដែលត្រូវទទួលផលពីយើង (អតិថិជនជាដើម) ។
ទី២) ត្រូវមានភាពស្មោះត្រង់៖ ក្នុងនាមជាសហគ្រិនឬអ្នកធ្វើអាជីវកម្មម្នាក់ ការបង្កើតទំនាក់ទំនងពិតជាសំខាន់ ហើយនឹងមានស្មោះត្រង់នូវអ្វីដែលខ្លួនឯងធ្វើ មិនថាជាមួយនឹងបុគ្គលិកក្តី យើងជាម្ចាស់ត្រូវតែពេលវេលា និងការគោរពគ្នាទៅវិញទៅមក។
ទី៣) ចំណុចរឹតតែសំខាន់នោះគឺ វិធីសាស្ត្រជំនាញដែលយើងមាន ជំនាញផ្នែកអាជីវកម្មកម្រិតណា យើងបានដឹងអ្វីខ្លះពីវា ហើយចំណេះដឹងដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។ ចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងករណីមិនបានដឹងពីចរន្តលុយចេញចូល មិនអំពីពន្ធ ការទំនាក់ទំនងមិនដឹងទៅរកភ្ញៀវយ៉ាងដូចម្តេច ។ និងចំណុចនៃការលក់ ឬចំណេះដឹងផ្នែកទីផ្សារ នោះអាចអាវីវកម្មរបស់យើងនឹងមានហានិភ័យឬការប្រឈមនឹងបញ្ហានេះឯង។
លោកស្រី បន្ថែមថា ម្យ៉ាងវិញទៀតដើមទុនក្នុងការចាប់ផ្តើមអាជីវកម្មក៏សំខាន់ ហើយយើងត្រូវតែពិចារណាឱ្យបានល្អិតល្អន់ ក្នុងការដាក់ទុនគឺជាអាស្រ័យទៅលើម្ចាស់អាជីវកម្មខ្លួនឯង ប៉ុន្តែអ្វីដែលត្រូវគិតនោះ គឺត្រូវមានផែនការអាជីវកម្មឱ្យបានច្បាស់លាស់ ដូចជាត្រូវមានបុគ្គលិកប៉ុន្មាន ត្រូវចំណាយប៉ុន្មាន និងចំណូលចំណាយត្រូវដឹងឱ្យបានច្បាស់លាស់ទៀតផង។ និងការមានអំនួត គឺខ្ញុំមិនលើកទឹកចិត្តនោះទេ យើងទៅដល់ទៅណាក៏ដោយត្រូវបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ៕
ចែករំលែកព័តមាននេះ