ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ប្តឹង​សុំ​ជួយ​សង្គ្រោះ ក្រោយ​ត្រូវ​ថៅកែ​ប្រុស​ចាប់​បង្ខាំង​ទុក​ក្នុង​ហាង

3 ឆ្នាំ មុន
  • ព្រះវិហារ

រាជធានី​ភ្នំពេញ ៖ លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តព្រះវិហារ សហការ​ជាមួយ​អធិការ​នគរបាល​ក្រុង​ព្រះ​វិហារ បាន​បំបែកសំណុំរឿង បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ ៖ លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តព្រះវិហារ សហការ​ជាមួយ​អធិការ​នគរបាល​ក្រុង​ព្រះ​វិហារ បាន​បំបែកសំណុំរឿង បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ភ្លាម​ៗ ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ពី​ជន​រង​គ្រោះ និង​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​នារី​រង​គ្រោះ​ដោយ​ជោគជ័យ នៅ​ចំណុច​ទីតាំង​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោ «​ឡុ​ច​សារី បៀរ​» ស្ថិត​ក្នុងភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ ។

ជុំវិញ​ប្រតិបត្តិការ​បង្ក្រាប​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​នៅ​ថ្ងៃ​ដដែល​នោះ លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ​ឈ្មោះ ស្រី​ហៀ​ង អាយុ​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​កំពង់​ប្រណាក តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នោះ​ថា ត្រូវ​បាន​ម្ចាស់​ទីតាំង​ខាងលើ​ដែល​មានឈ្មោះ អ៊ិ​ន ប៊ុ​ន​នឿ​ន ភេទ​ប្រុស អាយុ​ប្រហែល​២៧​ឆ្នាំ ជា​ម្ចាស់​ហាង «​ឡុ​ច​សារី បៀរ​» ស្ថិត​ក្នុងភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ បាន​ចាប់​បង្ខាំង​ខ្លួន​មិន​អោយ​ចេញពី​ហាង​ផឹកស៊ី​តាំងពី​យប់​ថ្ងៃ​ទី​២១ ខែមីនា​មក​ម្ល៉េះ ។

លោក​បន្ត​ថា បន្ទាប់​សុំ​គោលការណ៍​ពី​លោក ទី សុ​វិ​ន​ថា​ល់ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​អធិការ​ក្រុង​ព្រះ​វិហារ ចុះ​ទៅ​ទីតាំង​នោះ​ផ្ទាល់​តែ​ម្តង និង​បាន​ពិនិត្យ​ឃើញជាក់ស្តែង​ថា ទីតាំង​ហាង​នោះ​បាន​ចាក់សោ​ពី​ខាងក្រៅ ។ ដូច្នេះ​ហើយ សមត្ថកិច្ច​ក៏​បាន​ឆែកឆេរ និង​បានឃើញ​មនុស្ស​ស្រី​ម្នាក់​នៅ​ខាងក្នុង​ហាង​នោះ​ពិតប្រាកដ​មែន ។

លោក​ព្រះរាជអាជ្ញា​រង​បន្ត​ថា តាម​ការ​ផ្តល់​ចម្លើយ​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​គឺជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ហាង​មួយ​នេះ ប៉ុន្តែ​នារី​រង​គ្រោះ​បាន​សុំ​លាឈប់​ពី​ការងារ ធ្វើ​ឲ្យ​ថៅកែ​ហាង​ខឹង​ក៏​បាន​បង្ខាំង​រូប​នាង​មិន​ឲ្យ​ចេញ​ក្រៅ​តែ​ម្តង​នៅ​ថ្ងៃ​ទី​២១ ខែមីនា ម្សិលមិញ​នេះ ទើប​រូប​នាង​ដាច់​ចិត្ត​ទូរស័ព្ទ​សុំ​ជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​តែ​ម្តង ។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​កាន់​អធិការ​នគរបាល​ក្រុង​ព្រះ​វិហារ ដោយឡែក​ម្ចាស់​ទីតាំង​ហាង​ខាងលើ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សាកសួរ​បន្ត​នីតិវិធី នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ​ផង​ដែរ ដើម្បី​សាកសួរ​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ