ខេត្ដកំពង់ឆ្នាំង ៖ រយៈពេលជិត១សបា្ដហ៍មកហើយ ការល្បី និងភ័យខ្លាចរឿង “ខ្មោចលង” នៅក្នុងវត្ដទេពធីតារាម ហៅវត្ដ យាយទេព កំពុងតែរំជើបរំជួល ។ វត្ដអារាមមួយនេះស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ បើនិយាយពីរឿងថា មានខ្មោចលង វាហាក់ដូចជាមិនគួរឱ្យជឿ និងមានតែក្នុងខ្សែភាពយន្ដប៉ុណ្ណោះ ដែលគេតាក់តែងឡើងទៅ តាមការស្រមើស្រមៃធ្វើឱ្យអ្នកទស្សនារន្ធត់ ចិត្ដតែប៉ុណ្ណោះ ។ ចំណែកធាតុពិតពីបញ្ហាខ្មោចលងនេះ មិនដែលកើតមានជាក់ស្ដែង ម្ដងណាឡើយ ក្រៅតែពីការនិយាយបន្លាចគ្នា ។ ទោះបីជាបែបណា រឿងរ៉ាវខ្មោចលង នេះបាននិងកំពុងកើតមាននៅក្នុងវត្ដយាយទេព រហូតដល់ព្រះចៅអធិការវត្ដត្រៀម រៀបចំពិធីសូត្រមន្ដរំងាប់ព្រលឹងខ្មោចទៀតផង ។ ជុំវិញហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ តាមប្រភពព័ត៌មានបានឱ្យដឹងថា ការភ្ញាក់ផ្អើលបានកើតឡើង៣ទៅ៤ថ្ងៃជាប់ៗគ្នា នៅសបា្ដហ៍នេះ គឺល្បីថា មានខ្មោចស្ដ្រីដែល សម្រាលកូនហើយស្លាប់បានលងគេពេញវត្ដ ទេពធីតារាម ហៅវត្ដយាយទេព ។ ព័ត៌មានទាក់ទិននឹងខ្មោចលងនេះ ភ្នាក់ងារកោះសន្ដិភាពប្រចាំខេត្ដកំពង់ឆ្នាំងបានព្យាយាមស្វះស្វែងរកប្រភពព័ត៌មានខាងលើរហូតដល់ ប្រភពដើម ដែលការល្បីពីមានខ្មោចលង គេបាននិយាយរហូតក្លាយពីក្អែកមួយទៅក្អែកដប់ហើយ ។
ជួបជាមួយលោកតា ហ៊ឹម ឃន អាយុ៦៨ឆ្នាំ ដែលជាអ្នកព្លុក (អ្នកដុតសព) បាននិយាយថា កាលពីយប់ថ្ងៃសុក្រទី៩ កក្កដា មានគេដឹកសពស្ដ្រីម្នាក់មកតំកល់នៅសាលាឆាន់ក្នុងវត្ដ ។ តាមការប្រាប់របស់ក្រុមគ្រួសារសពស្ដ្រីខាងលើបាននិយាយឱ្យគាត់ដឹងថា ស្ដ្រីរងគ្រោះបានសំរាលកូននៅឯភូមិដា ស្រុកកំពង់លែង គឺបង្កើតកូនដោយឆ្មបខ្មែរ ។ ពេលកើតកូនហើយស្ដ្រីជាម្ដាយមានអាការធ្លាក់ឈាមខ្លាំងពេកក្រុមគ្រួសារក៏ដឹកមកមន្ទីរពេទ្យខេត្ដ ។ ប៉ុន្ដែដោយស្ថានភាព កាន់តែធ្ងន់ធ្ងរក៏ដឹកបន្ដទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញបន្ដទៀត ប៉ុន្ដែបានស្លាប់ ហើយក៏ដឹកសពមកវិញ ។ ដោយសារយប់ទៅ ហើយមិនមានកាណូតឆ្លងទើបក្រុមគ្រួសារ យកសពមកសុំតំកល់នៅសាលាឆាន់ក្នុងវត្ដយាយទេពនេះ និងបាននិយាយថា ព្រឹកឡើងនឹងដឹកសពទៅធ្វើបុណ្យនៅស្រុកកំពង់លែង ។ លុះស្អែកឡើងក្រុមគ្រួសារក៏បានប្ដូរចិត្ដមិនបានដឹកសពទៅកំពង់លែងទេ គឺព្រមព្រៀងគ្នាបូជាសពនៅវត្ដយាយទេពនេះតែម្ដង ។ តាព្លុកបានបន្ដថា រូបគាត់ត្រូវបានគេជួលឱ្យបូជាសពស្ដ្រីខាងលើ ព្រោះគាត់ជាអ្នកព្លុក នៅវត្ដនេះស្រាប់ ដោយគ្មានពិធីអ្វីទាំងអស់ ហើយគាត់ក៏បានបូជាសពរួចរាល់នៅម៉ោង៩ ព្រឹកថ្ងៃសៅរ៍ ទី១០ កក្កដា ព្រមទាំងបាន ប្រគល់ធាតុស្ដ្រីដែលស្លាប់ឱ្យក្រុមគ្រួសារយកទៅស្រុកអស់ហើយដែរ ។
ប៉ុន្ដែអ្វីដែលស្មានមិនដល់នោះ គឺក្រោយពីបូជាហើយ ស្រាប់តែនៅម៉ោង១២ថ្ងៃត្រង់ខ្មោចស្រីនោះលងគាត់មុនគេតែម្ដង ។ គាត់រៀបរាប់ថា នៅពេលដែលគាត់ដើរមកជិតសាលាឆាន់ ដែលជាកន្លែងតំកល់សពស្ដ្រីនោះ ស្រាប់តែមានសម្លេងថ្ងូរ “អូយៗ យ៉ាងគ្រលួច” គាត់ស្មានតែមាននរណាមកស្រែក ថ្ងូរនៅសាលាឆាន់ ក៏ចូលទៅមើល ។ ប៉ុន្ដែមិនបានឃើញអ្វីទេ ក៏ដើរចេញមកវិញ ឯសម្លេងនោះក៏បាត់ទៅ ។ តាព្លុកបន្ដថា មានបុរសឈ្មោះសាំង ជា អាយុជាង៤០ឆ្នាំ ក៏បានត្រូវខ្មោចស្រីនោះលងដែរនៅយប់ថ្ងៃសៅរ៍ នោះ ដោយខ្មោចស្រែកសួររកកូន ។ ការស្វែងរកបុរសឈ្មោះសាំង ជា មិនបានជួបទេ ប៉ុន្ដែកូនស្រីគាត់បានអះអាងថា ឪពុកគាត់ពិតជាត្រូវខ្មោចលងនៅជិតខ្លោងទ្វារវត្ដមែន ខណៈដែលគាត់ដើរត្រឡប់មកពីផឹកវិញ ។ ព្រះគ្រូចៅអធិការវត្ដបានមានសង្ឃដីកាឱ្យកោះសន្ដិភាពដឹងថា លោកបានឮគេនិយាយតៗគ្នាក្នុងវត្ដថា មានខ្មោចលងហើយដើម្បីលុបបំបាត់ការភ័យខ្លាចនេះ លោកបានបញ្ឆេះម៉ាស៊ីនភ្លើងបំភ្លឺក្នុងវត្ដទល់ៗភ្លឺប៉ុន្មានយប់មកហើយ ។ ចៅអធិការទំនងជាយល់ថា នោះជាការភ័យខ្លាចផ្ដេសផ្ដាសទើបមានសង្ឃដីកាថា លោកពុំសូវជឿទេ ។
ប៉ុន្ដែនៅយប់ថ្ងៃអាទិត្យ ដោយសង្ស័យ ក្រែងមានជនខិលខូចបំភ័យ ហើយឆ្លៀតឱកាសលបលួចរបស់របរក្នុងវត្ដ លោកក៏បានលបនិមន្ដជាមួយកូនសិស្សទៅសាលាឆាន់ ពេលទៅដល់ម៉ោងប្រហែល៩យប់ ។ លោកមានសង្ឃដីកាថា គ្រាន់តែឈានជើងជាន់កាំជណ្ដើរឡើងសាលាឆាន់បានពីរកាំ ស្រាប់តែមានសម្លេងថ្ងូរបានលាន់ឡើងយ៉ាងគ្រលួច គឺលោក និងកូនសិស្សបានឮដូចគ្នា ហើយក៏និមន្ដត្រឡប់មកកុដិវិញ ។ ព្រះអង្គបានបន្ដសង្ឃដីកាថា តាមអាត្មាដឹងសពស្ដ្រីរូបនោះ ពេលបូជាមិនមានអាចារ្យព័ទ្ធសីមាអ្វីឱ្យបានត្រឹមត្រូវទេ ព្រោះពេលនោះអាចារ្យវត្ដមិននៅ គឺមានតែតាព្លុកអ្នកដុតសពប៉ុណ្ណោះ ។ បើតាមលោកតាអាចារ្យបាននិយាយថា សពបែបនេះគឺសពតៃហោង ព្រោះមិនមានអាចារ្យរៀបចំឱ្យបានត្រឹមត្រូវមុនពេលបូជា លោកតាអាចារ្យនិយាយថា នឹងរៀបចំនិមន្ដព្រះសង្ឃ៤អង្គមកសូត្រមន្ដ ដើម្បីរំងាប់ព្រលឹងខ្មោចស្ដ្រីរូបនោះទៅតាមបវេណី ។ ដោយឡែកយុវតីឈ្មោះវ៉ែន សេង អាយុ២២ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ដែលបានអះអាងថា ខ្មោចលងនាងស្ទើរលស់ព្រលឹងដែរនោះបាននិយាយថា នៅយប់ថ្ងៃសៅរ៍នោះ នាងបានជិះម៉ូតូម៉ាកវីវ៉ាត្រឡប់ពីផ្សារលើវិញជិះកាត់ក្នុងវត្ដយាយទេព ។ ពេលមកដល់មុខសាលាឆាន់ មានមនុស្សស្រី ម្នាក់ស្លៀកពាក់សំពត់ស អាវស បង់កកន្សែង ស បានហៅនាងឱ្យឈប់ម៉ូតូ និងប្រាប់ឱ្យនាង ពន្លត់ភ្លើងម៉ូតូ តែនាងអត់ពន្លត់ទេ ។
ស្រាប់តែភ្លាមនោះភ្លើងម៉ូតូរបស់នាងក៏រលត់ ហើយស្ដ្រីស្លៀកសនោះសួរថា “ឯណាកូនអញ?” នាងឆ្លើយថា នាងមិនបានដឹងទេ ពេលនោះភ្លើងម៉ូតូនាងបានឆេះឡើងវិញ ក៏ឃើញស្ដ្រី នោះយកដៃមកបំរុងចាប់ស្មានាង តែមិន ឃើញដៃទេ ឃើញតែដៃអាវស ។ យុវតីរូបនេះរៀបរាប់ថា មុខស្ដ្រីនោះមានឈាមចេញ តាមភ្នែក ច្រមុះ មាត់ ត្រចៀក ស្រក់ប្រឡាក់អាវ ទើបនាងដឹងខ្លួនថាខ្មោចលង ។ នាងភ័យខ្លាំងណាស់ ក៏មួលហ្គែរម៉ូតូបំបុកស្ដ្រី ខ្មោចនោះ តែមិនបុកខ្មោចទៅជាបុកដើមស្វាយមុខសាលាឆាន់ទៅវិញ បណ្ដាលឱ្យដួលបែកកញ្ចក់មុខម៉ូតូ និងបែកក្បាំងវៀចឈ្នាន់ ម៉ូតូផងដែរ ។ ចំណែកនាងមានរបួសត្រង់ជើងបន្ដិច ហើយភ្លាមនោះក៏មានព្រះសង្ឃ និងសិស្សលោកបានមកជួយលើកម៉ូតូដោយស្មានថា នាងជិះម៉ូតូបុកដើមស្វាយ ។ ពេលនាងទៅដល់ផ្ទះប្រាប់ឪពុកម្ដាយតាមដំណើររឿង ស្អែកឡើងក៏និមន្ដលោកមកស្រោចទឹក ទើបនាងបានស្ងប់អារម្មណ៍ ។ ក្រៅពីសាក្សីរៀបរាប់ខាងលើ នៅមានពាក្យចចាមអារ៉ាមពីរឿងខ្មោចលងនេះជា ច្រើនទៀត ប៉ុន្ដែមិនមានសាក្សីច្បាស់លាស់ ចេញមកបកស្រាយទេ គ្រាន់តែជាពាក្យតៗគ្នា ឬហៅថា ក្អែកមួយជាក្អែកដប់ប៉ុណ្ណោះ ។ ជួបជាមួយលោកជឹម ចុន មេឃុំដា ស្រុកកំពង់លែង តាមទូរស័ព្ទលោកបានឱ្យដឹងថា កាលពីសបា្ដហ៍មុនពិតជាមានស្ដ្រីឆ្លងទន្លេ ហើយស្លាប់មែន គឺឈ្មោះអៀម ថា អាយុ២៧ឆ្នាំ នៅភូមិដា ឃុំដា ។ ក្រោយពីសំរាល កូនប្រុសម្នាក់ជាកូនដំបូង ហើយបានធ្លាក់ ឈាមមិនឈប់ក៏យកទៅពេទ្យ ប៉ុន្ដែបានស្លាប់ ដោយបន្សល់ទុកទារកទើបកើតរស់នៅជាមួយឪពុកពិតមែន ។ ព័ត៌មានខាងលើអ្នកមិនជឿខ្មោចព្រាយ មួយចំនួនបាននិយាយថា ប្រយ័ត្នមានជនខិល ខូចក្លែងបន្លំ រួចឆ្លៀតឱកាសធ្វើអំពើទុច្ចរិត អ្វីមួយ ដូច្នេះសមត្ថកិច្ចមូលដ្ឋានគួរស្រាវជ្រាវ ។
មិនមាននរណាម្នាក់ហ៊ានអះអាងថា តើពិតជាមានខ្មោចលងមែន ឬក៏អត់នោះទេ ដោយសារតែមានតាព្លុក ចៅអធិការវត្ដ សិស្សគណ និងយុវតីម្នាក់បានអះអាងបន្ដ បន្ទាប់ដូចព័ត៌មានខាងលី ។ ទោះបីជាបែបណា ខ្មោចអសុរកាយស្ថិតនៅភពមួយផ្សេង ដែលយើងមិនអាចដឹងបាន ហើយប្រការដែលថា មានខ្មោចលងក្នុងទីអារាមវាក៏មិនគួរឱ្យខ្លាចទេ ព្រោះថា ក្នុងទីអារាមមាន បារមីព្រះពុទ្ធធំណាស់ អសុរកាយទាំងឡាយ មិនអាចធ្វើអ្វីបាននោះឡើយ ។ សូម្បីតែអ្នកចេះអាបធ្មប់ក៏មិនអាចឈានជើងចូលវត្ដបានដែរ ។ ដោយសារហេតុផលអាថ៌កំបាំងនានា ទាក់ទងនឹងពាក្យថា ខ្មោច គឺសំដៅលើអ្នកស្លាប់ អ្នកចែកឋាន គ្មានឫទ្ធីអ្វីមកធ្វើបាបមនុស្សបានទេ ។ ប៉ុន្ដែបើសិនជាមានក៏អាច និយាយបានថា ខ្មោចឯទៀតមិនឱ្យខ្មោចស្រី នោះធ្វើអ្វីផ្ដេសផ្ដាសនោះដែរ មិនខ្វះទេ ព្រលឹងខ្មោចក្នុងទីអារាម ព្រោះមានមនុស្ស មិនតិចទេដែលស្លាប់ត្រូវបានដង្ហែទៅបូជា ហើយដាក់តំកល់ក្នុងចេតិយព្រោងព្រាតក្នុងបរិវេណវត្ដ ។ ក្រៅពីនេះមានតូបទេវតា អ្នកតា ច្រើនទៀតដែលអាចនិយាយបានថា ជាសង្គមអមនុស្សមួយនៅទីនោះពិតជាមិនអាចឱ្យខ្មោចស្ដ្រីនោះដើរលងគេឯងបានឡើយ ។ព័ត៌មានខាងលើដែលនិយាយពីការភ្ញាក់ផ្អើលរឿង “ខ្មោចលង” នោះមិនមានន័យថា ការផ្សាយដោយមិនមានហេតុផលនោះទេ និងគ្រាន់តែជាការផ្សាយនូវព័ត៌មានពីការភ្ញាក់ផ្អើលពីរឿងខ្មោចលងតែប៉ុណ្ណោះ ។ ប៉ុន្ដែត្រង់ថាមានខ្មោចមែន ឬក៏អត់អាស្រ័យ លើការពិចារណា ៕
ចែករំលែកព័តមាននេះ