ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រូពេទ្យ ដែលត្រូវបណ្តេញចេញពីក្របខណ្ឌ នៅប៉ៃលិន សុំនៅស្ងៀមស្ងាត់ មិនតបត!

5 ឆ្នាំ មុន
  • ប៉ៃលិន

ភ្នំពេញ៖ គ្រូពេទ្យម្នាក់ ដែល​អភិបាលខេត្តប៉ៃលិន បានសម្រេច​បណ្តេញចេញពីក្របខណ្ឌ​ នៅល្ងាច​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ​បានរក្សាការស្ងៀមស្ងាត់ ដោយមិនឆ្លើយតប​នឹង​​ការសម្រេច​របស់​អាជ្ញាធរខេត្តប៉ៃលិនឡើយ​។

លោក ខឹម មុនីកុសល បានប្រាប់កោះសន្តិភាព តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា «សុំទោស​ផងទៅបង! ខ្ញុំចង់មានពេលវេលា​បន្តិច! ចាំពេលក្រោយចុះ បាទ។ អរគុណច្រើន បាទ! អរគុណច្រើន»។​

ការ​ថ្លែងបដិសេធ​ មិនឆ្លើយតប​អ្វីសោះនេះ បានធ្វើឡើង ខណៈដែល​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ប៉ៃលិន នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីបំភ្លឺ ជុំវិញការសម្រេចបណ្តេញ​លោក ខឹម មុនីកុសល ចេញពីក្របខណ្ឌ​មន្ត្រីសុខាភិបាល នៅខេត្តប៉ៃលិន​។​

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន លើកឡើងថា ​លោក ខឹម មុនីកុសល អតីតជាអនុប្រធានមន្ទីរពេទ្យបង្អែក​ខេត្តប៉ៃលិន ក្នុងតួនាទី គាត់​​មិនដែលមកបំពេញការងារ​ក្នុងអង្គភាព​ គាត់តែងតែព្យាយាម​បង្កការញុះញង់​បំបែក​បំបាក់សាមគ្គីភាព​ផ្ទៃក្នុង​របស់អង្គភាព​មន្ទីរសុខាភិបាលខេត្ត​។

សេចក្តីបំភ្លឺដដែល លើកឡើងថា ដោយមានកំហុសឆ្គង​ជាបន្តបន្ទាប់​ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត បានសម្រេចស្នើសុំ​មករដ្ឋបាលខេត្ត ដើម្បីបញ្ចប់​ភារកិច្ច ​កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ យោងតាមលិខិត​ស្នើសុំនេះ រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំ​គណៈអភិបាលខេត្ត ពិនិត្យឃើញថា គាត់ពិតជាមាន​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ពិតប្រាកដមែន និងបានសម្រេចបញ្ចប់​តំណែងពីអនុប្រធានមន្ទីរពេទ្យបង្អែក​ខេត្ត មកជាមន្ត្រី តាមដីកា ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨​។

សេចក្តីបំភ្លឺ បន្តថា ការបញ្ចប់ភារកិច្ច​ពេលនោះ គឺ​ដើម្បី​ទុក​ឱកាសឲ្យមន្ត្រី​រូបនេះ កែខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរូបនេះ នៅតែបន្ត​ការអុកឡុកញុះញង់ បំបែកបំបាក់ សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាពដដែល​។ បច្ចុប្បន្ន​មន្ត្រីអង្គភាព​សុខាភិបាល​ ជួរមុខ​គ្រប់រូបកំពុងមមាញឹករួមសហការ​ជាមួយមន្ត្រីរដ្ឋបាល​ខេត្ត ដើម្បីចូលរួម​ជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ការឆ្លងរីករាលដាល​មេរោគកូវីដ១៩​។

អ្នក​នាំ​ពាក្យ​​រដ្ឋបាល​ ខេត្តប៉ៃលិន បានគូសបញ្ជាក់ក្នុងសេចក្តី​បំភ្លឺថា «លោក ខឹម មុនីកុសល មានតែឈ្មោះជាមន្ត្រីក្នុង​មន្ទីរសុខាភិបាលខេត្ត តែគាត់​មិនបានមកបំពេញការងារទេ​។ ក្នុងគោលបំណង​បង្កភាពវឹកវរ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ គាត់​បានសុំចូល​រួមជាមួយក្រុមគ្រូពេទ្យ​ជួរមុខ​ចូលមកមណ្ឌលចត្តាឡីស័ក ហើយគាត់​ក៏ឆ្លៀត​ឱកាសថតបង្ហោះ​ក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបំប៉ោងព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យចលាចលក្នុងសន្តិសុខសង្គមប៉ះពាល់ដល់​កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលជួរមុខពិតប្រាកដ ដែលកំពុងបំពេញភារកិច្ច​យ៉ាងសកម្ម មិនគិតពីការនឿយ​ហត់​»។​

អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា «ដោយមន្ត្រីរូបនេះ ប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ រដ្ឋបាលខេត្ត ត្រូវតែអនុវត្តទណ្ឌកម្មវិន័យថ្នាក់ទី២ តាមមាត្រា៦៣ នៃព្រះរាជក្រឹត្យ ស្តីពី លក្ខន្តិកៈដោយឡែក សម្រាប់​បុគ្គលិក​រដ្ឋបាលថ្នាក់ក្រោមជាតិ»។

សូម​រម្លឹក​ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញដីកា​ សម្រេចបណ្តេញ​លោក ខឹម មុនីកុសល ចេញពីក្របខណ្ឌ​​មន្ត្រី​សុខាភិបាលជាន់ខ្ពស់។ មូលហេតុ​ ​ត្រូវបាន​លោកជំទាវ​អភិបាលខេត្ត លើកឡើងថា «ប្រព្រឹត្តិកំហុស និងការឆ្គាំឆ្គង​ក្នុងវិជ្ជាជីវៈ»​។

យ៉ាងណាក៏ដោយ ចំ​ពោះ​ការ​សម្រេច​របស់​លោក​ជំទាវ​អភិបាល​ដូច្នេះ ត្រូវ​បាន​មហាជន​ រួមទាំង​ថ្នាក់ដឹកនាំមួយ​ចំនួ​ន​ផង ​បាន​​​លើក​ឡើងច្រើន​តាម​ហ្វេសប៊ុក ក៏ដូចជាក្រុមតេឡេក្រាម។

មុន​​ពេល​​អភិបាល​ខេត្ត​ប៉ៃលិន បានចេញ​សេចក្តីសម្រេ​ចនេះ លោក ខឹម មុនីកុសល ជាមន្ត្រី​នៅការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានសរសេរ​​បង្ហោះហ្វេសប៊ុកផេក ឈ្មោះ​​ «Khem Monykosal» ដោយដាក់ចំណងជើងថា «បញ្ហា ដែលពេទ្យប្រចាំការ នៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរនឹងទទួល»។​

ហ្វេស​ប៊ុក​ដដែល ​លើក​ឡើង​ថា «មន្ត្រីពេទ្យ​ជាបុគ្គលិក​ស្រី ត្រូវបានបងប្អូន​យើង ដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយ​គប់ចំមុខ។ ពេទ្យ​ប្រចាំការ​តាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកហើយ នៅតែទទួលបានការប្រមាថ​បែបនេះ​ទៀត។ បាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ…។ល។ មិនមែនពេទ្យ គួរទទួលខុស​ត្រូវ​ផ្តាច់​មុខ​អញ្ចឹងទេ។ ការងារចែកបាយ ក៏មិនគួរ​តែពពេទ្យជាអ្នករាប់រង​តែឯងដែរ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធ គួរតែរួមចំណែក​ជួយ មិនមែន​មកអង្គុយលេង Face Book ក្នុងតង់ និងថតរូបបង្អួតគេទេ»។

ក៏ប៉ុន្តែ​កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក ខឹម មុនីកុសល បានលុបចេញនូវការបង្ហោះរូបភាព និងអត្ថបទ​ខាងលើនេះ។ តែខ្លឹមសារ​ហ្វេសប៊ុកនោះ ត្រូវបានគេ Screen Shot ចែកចាយ​ពេញហ្វេសប៊ុក និងក្រុមតេឡេក្រាម ហើយសូម្បីតែប្រពន្ធរបស់​លោក ខឹម មុនីកុសល ក៏បានយកទៅបង្ហោះ​​ផ្សាយ​តាមហ្វេសប៊ុក​​ផងដែរ៕