រាជធានីភ្នំពេញ ៖ គណៈគ្រប់គ្រងវត្តស្វាយពពែ រាជធានីភ្នំពេញ សម្រេចរុះរើសំណង់ហោត្រ័យ (បណ្ណាល័យ) បុរាណ ស្ថិតក្នុងរចនាប័ទ្មស្ថាបត្យកម្មសាសនាដ៏កម្រ អាយុកាល៩២ឆ្នាំ ដើម្បីយកដីមកសង់អគារសម្រាប់ព្រះសង្ឃគង់ និងសិស្ស និស្សិតស្នាក់នៅ។
ការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងសោកស្ដាយពីអ្នកស្រឡាញ់ និងចង់អភិរក្សស្នាដៃសំណង់បេតិកភណ្ឌជាតិ។
កំពុងស្ថិតក្នុងសកម្មភាពការដ្ឋានរុះរើនាវត្តស្វាយពពែផ្ទាល់ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ព្រះតេជគុណ សួន តេង ជាមន្ត្រីសង្ឃសហការីវត្តស្វាយពពែ បានផ្ដល់សម្ភាសន៍ដល់ Newsroom Cambodia ថា ការរុះរើសំណង់នេះ គឺដើម្បីយកដីមកសាងសង់អគារសម្រាប់ជាកន្លែងព្រះសង្ឃគង់ និងស្នាក់នៅរបស់សាមណសិស្ស សិស្ស និស្សិត មកពីបណ្ដាខេត្ត ដើម្បីសិក្សារៀនសូត្រ ដោយសារដីវត្តមានទីធ្លាតូចចង្អៀត និងជាផ្នែកនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជា។
ព្រះតេជគុណ សួន តេង មានសង្ឃដីកាថា៖ «ប្រាង្គហ្នឹង បើមើលទៅផ្នែកខាងលើមាំ តែខាងក្រោមអត់ទេ! ខាងក្រោមជាជង្ហុកជ្រៅទៅក្រោម ដែលដក់ទឹកនៅរដូវវស្សា ធ្វើឱ្យពុកផុយរបេះថ្មចេញមក ដែលមិនដឹងថា អាចនៅបានប៉ុន្មានឆ្នាំទៀតទេ។ កន្លងមក យើងបានស្នើសុំក្រសួងថា សំណង់ហ្នឹង អាចរុះរើបានឬអត់? ហើយអ្នកជំនាញបេតិកភណ្ឌរបស់ក្រសួង បានចុះមកសិក្សា។ មែនទែនទៅ សំណង់នេះ ខាងវត្តចង់រក្សាទុកដែរ បើអ្នកជំនាញថា នៅរឹងមាំអាចជួសជុសបាន យើងនឹងរក្សាទុក តែការសិក្សាពីអ្នកជំនាញក្រសួងថាមានការទ្រុឌទ្រោមអាចនឹងមានបញ្ហា ហើយក្រសួងក៏ឯកភាព ណាមួយដើម្បីធានាសុវត្ថិភាព កុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ អ៊ីចឹងខាងវត្តក៏សម្រេចរុះរើ» ។
ព្រះតេជគុណបញ្ជាក់ថា ព្រះតេជគុណគឺជាអ្នកមើលការខុសត្រូវ ចាត់ចែងសកម្មភាព ទៅតាមការសម្រេចរបស់ព្រះចៅអធិការវត្តតែប៉ុណ្ណោះ។
យោងតាមគណនីហ្វេសប៊ុក (Hai Kimhong) បានបង្ហោះសារចែករំលែក កាលពីថ្ងែទី៦ មីនា ២០២១ ដោយភ្ជាប់ជាមួយរូបថត៧សន្លឹកនៃដំណើរការរុះរើ វាយបំបាក់សំណង់ហោត្រ័យ ដែលស្ថិតក្នុងវត្តស្វាយពពែ ព្រមទាំងបានសរសេររៀបរាប់ថា៖ «បាត់បង់សម្បត្តិបេតិកភណ្ឌ គឺជាការបាត់បង់ប្រវត្តិសាស្ត្រជាតិ»។
ក្នុងសម្ភាសន៍តាមសារបណ្ដាញសង្គមរវាង Newsroom Cambodia និងម្ចាស់គណនី(Hai Kimhong) លោក ហៃ តាយគីមហុង មានវ័យ២៣ឆ្នាំ ជាអតីតនិស្សិត បានបញ្ចប់ថ្នាក់ស្ថាបត្យកម្ម និងនគររូបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាអ្នកស្រឡាញ់សិល្បៈបេតិកភណ្ឌសំណង់តាមវត្តអារាម។
លោក គីមហុង ប្រាប់ថា លោកចាប់អារម្មណ៍ខ្លាំងទៅលើស្ថាបត្យកម្មនៅតាមវត្តអារាមខ្មែរ ព្រោះជាទីប្រមូលផ្ដុំសិល្បៈចម្រុះ និងវិសេសៗគ្រប់ប្រភេទ រួមមាន ស្ថាបត្យមកម្មសំណង់ និងគ្រឿងលម្អស្ថាបត្យកម្ម ជាដើម ដែលនៅសេសសល់ ខ្លះដោយកម្រ ហើយក៏កំពុងតែប្រឈមមុខនឹងការបាត់បង់ដែរ។ លោកថា ការណ៍បាត់បង់សំណង់ស្ថាបត្យកម្មទាំងនោះ ជារឿងគួរឲ្យព្រួយបារម្ភ ព្រោះរបស់ទាំងនោះហើយ បានបញ្ជាក់ពីអត្តសញ្ញាណ និងប្រវត្តិសាស្ត្រក្នុងតំបន់នោះ។
«ក្នុងនាមខ្ញុំ ជាអ្នកបានសិក្សាអំពីស្ថាបត្យកម្ម និងក្នុងនាមប្រជាពលរដ្ឋ ស្រឡាញ់សំណង់វត្តអារាមមួយរូប ខ្ញុំពិតជាមានការសោកស្ដាយជាអនេក នូវរាល់ការបំផ្លិចបំផ្លាញសំណង់បុរាណ ដែលដូនតាយើងបានបន្សល់ទុកឱ្យជាកេរមរតក សម្រាប់កូនខ្មែរជំនាន់ក្រោយ យកមកសិក្សារៀនសូត្របន្ត នូវចំណេះ និងផ្នត់គំនិតទាំងនោះ។ ការណ៍ដែលបន្ដបាត់បង់សំណង់បេតិកភណ្ឌ គឺបាត់បង់ទម្រង់សិល្បៈ ប្រវត្តិសាស្ត្រក្នុងអារាមមួយនោះ រួមទាំងតំបន់ទាំងមូល និងជាការបាត់បង់វត្ថុដ៏មានតម្លៃបំផុតមិនអាចកាត់ថ្លៃបាន»។
សួន តេង ដែលជាមន្ត្រីសង្ឃសហការីស្វាយពពែមានសង្ឃដីកាថា ការលើកឡើងជុំវិញ ការរុះរើហោត្រ័យនេះ ជាគំនិតរៀងៗខ្លួនរបស់មហាជន ក្នុងការបញ្ចេញមតិជាសាធារណៈ ប៉ុន្ដែខាងវត្តក៏មាន ផលវិបាករបស់វត្តដែរ។
ដោយឡែក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីបំភ្លឺ ទាក់ទងនឹងការរុះរើសំណង់នេះកាលពីថ្ងៃទី៧ មីនា ២០២១ ថា កំឡុងឆ្នាំ២០១៨ ក្រសួង រួមមាននគរបាលការពារបេតិកភណ្ឌ ព្រមទាំងមន្ទីរធម្មការ និងសាសនា បានជួបព្រះចៅអធិការអចិន្ត្រៃយ៍វត្តស្វាយពពែ ដើម្បីពិនិត្យទីតាំងផ្ទាល់ លើសំណើរសុំកិច្ចសហការរុះរើប្រាង្គនេះ។
យោងតាមការត្រួតពិនិត្យរបស់អ្នកជំនាញ ឃើញថាប្រាង្គនេះ ជាសំណង់ចាស់មួយរាងខ្ពស់ កន្លងមកមានការជួសជុល និងបំពាក់ក្បាច់ថ្មីដោយផ្នែក កន្លែងខ្លះមានស្នាមប្រេះបែក ពុកផុយ ដែកចេញច្រែះ សភាពទ្រុឌទ្រោម បាក់ស្រុត គួបផ្សំនឹងការថ្លឹងថ្លែងរកលំនឹង នៃការអភិរក្ស ការអភិវឌ្ឍ និងតម្រូវការប្រើប្រាស់ជាប្រយោជន៍ក្នុងវត្តទៅថ្ងៃក្រោយ ព្រមទាំងព្រះចៅអធិការវត្តមានជំហរសុំដោយទទូច ក្រសួងក៏បានសម្រេចថា គួរអនុញ្ញាតឱ្យរុះរើប្រាង្គមួយនេះ។
ក្រសួងបន្ថែមថា ក្រសួងបានថតរូប និងគូរប្លង់សំណង់ប្រាង្គខាងលើទុកជាឯកសារ ព្រមទាំងបានទទួលវត្ថុសិល្បៈ និងវត្ថុផ្សេងៗមួយចំនួនទៀត មករក្សាទុកក្នុងសារមន្ទីរជាតិរួចរាល់ហើយ។ លើសពីនេះ ក្នុងលិខិតក្រសួង ក៏បានថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ស្រឡាញ់ ថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប។
កន្លងមក ក្រសួងក៏បានស្នើសុំឱ្យក្រសួងធម្មការ ផ្ដល់ដំណឹង និងសហការជាមួយមន្ត្រីជំនាញរបស់ខ្លួនជាមុនសិន មុននឹងសម្រេចអនុញ្ញាតឱ្យរុះរើសំណង់ព្រះវិហារចាស់ សាងសង់ថ្មី។
គួរបញ្ជាក់ដែរថា កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងមក ក៏មានករណីវាយកម្ទេចក្លោងទ្វារ រួមទាំងរបង វត្តស្វាយពពែ ដែលមានអាយុកាលជិត១០០ឆ្នាំចោល ក៏ប៉ុន្ដែត្រូវបានអាជ្ញាធរចុះទប់ស្កាត់ និងចាត់វិធានការ៕
ដោយ ៖ រ៉ាត់ ទី (RATH THY), សុន រស្មី (SUN RAKSMEY), លាស់ លីបលីប (LORS LIBLIB) ស៊ាម សុភា (SEAM SOPHEA), ប៉ៅ សោភា (PAO SOPHEA)
ចែករំលែកព័តមាននេះ