ខេត្តរតនគិរី ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្ត បន្ទាប់ពីបានធ្វើសកម្មភាពបំពានសេពសន្ថវៈទៅលើកុមារីជាកូនចុងរហូតដល់ទៅពីរនាក់ឯណោះ ។
ការឃាត់ខ្លួនឪពុកចុងខាងលើនោះ សមត្ថកិច្ចបានធ្វើឡើងនៅកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយមានកម្លាំងអធិការក្រុងបានលុង សហការជាមួយអធិការស្រុកលំផាត់ផងដែរ ទើបឃាត់ខ្លួនជនសង្ស័យជាឪពុកចុងបាននៅចំណុចភូមិអុលធំ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
ជនសង្ស័យដែលជាឪពុកចុងរូបនោះមានឈ្មោះ សាន សុឃីម អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរជាកម្មករ មានទីលំនៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន ដោយកុមារីជាបងអាយុ៩ឆ្នាំ និងប្អូនអាយុ៨ឆ្នាំ ។
លោកវរសេនីយ៍ត្រី សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញថា ជនសង្ស័យ (ឪពុកចុង) និងស្ត្រីជាប្រពន្ធបានទៅស៊ីឈ្នួលដកដំឡូងឱ្យគេនៅចំណុចឃាត់ខ្លួនខាងលើ ហើយក៏បានឲ្យម្ដាយមីងនាំកុមារីរងគ្រោះទាំង២នាក់មកផ្ទះមុន។ ពេលនោះ ម្តាយមីងឃើញកុមារីទាំងពីរនាក់ដើរមានសភាពលំបាក ក៏លួងលោមជជីកសួរក្មេងស្រីទាំង២ ដោយសារតែដេញដោលខ្លាំងពេក ទើបក្មេងស្រីទាំង២នាក់ព្រមប្រាប់ថា ឪពុកបំពានសេពសន្ថវៈខ្លួន។
ក្រោយពីដឹងរឿងថាឪពុកចាប់ក្មេងស្រីរងគ្រោះទាំង២នាក់បំពានសេពសន្ថវៈហើយនោះ ម្ដាយមីងក៏ទូរស័ព្ទរាយការណ៍មកលោកនាយប៉ុស្ដិ៍កាចាញភ្លាម ហើយលោកនាយប៉ុស្ដិ៍ក៏ឲ្យនាំក្មេងរងគ្រោះទាំង២មកប៉ុស្ដិ៍សិន និងនាំក្មេងឲ្យពេទ្យពិនិត្យ ទើបឃើញថា កុមារីទាំងពីរនាក់ ពិតជាត្រូវគេបំពានសេពសន្ថវៈពិតប្រាកដមែន។ ហើយក៏បានរាយការណ៍មកលោកអធិការក្រុងភ្លាមៗផងដែរ លុះស្អែកឡើងរៀបចំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងលើនេះតែម្ដង។
លោកនាយប៉ុស្ដិ៍បន្តថា កុមារីរងគ្រោះទាំងពីរនាក់បងប្អូន ត្រូវបានឪពុកចុងចាប់បំពានសេពសន្ថវៈរហូត១០ដងមកហើយ គឺនៅលើផ្ទះ និងកន្លែងស៊ីឈ្នួលដកដំឡូង ឆ្លៀតពេលដែលម្ដាយកុមារីទាំងពីរនាក់មិននៅ។
បើតាមប្រភពពីម្ដាយក្មេងស្រីរងគ្រោះថា ជារឿយៗ ពេលឪពុកទៅណាមកណាតែងតែនាំក្មេងស្រីទាំងពីរនាក់ទៅតាមរហូត។
បច្ចុប្បន្ន ក្រោយពេលឃាត់ខ្លួន ជនសង្ស័យជាឪពុកចុងត្រូវបានឃុំបណ្តោះអាសន្ននៅអធិការក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕
ចែករំលែកព័តមាននេះ