ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​ផលិតផល​ដែកថែប​របស់​វៀតណាម​កើនឡើង​25%

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ទី​ភ្នា​ក់ ងារ​វិភាគ​ទីផ្សារ​ឯករាជ្យ watch-dog ឲ្យ​ដឹង​ថា ទីផ្សារ​ដែកថែប​រចនាសម្ព័ន្ធ​ក្នុងស្រុក​បាន​មើលឃើញ​ពី​អត្រាកំណើន​នៅ​ចន្លោះ​២៥%​និង​៣០%​ក្នុង​ការ​លក់

ប្រទេស​វៀតណាម ៖ យោង​តាម​ទី​ភ្នា​ក់ ងារ​វិភាគ​ទីផ្សារ​ឯករាជ្យ watch-dog ឲ្យ​ដឹង​ថា ទីផ្សារ​ដែកថែប​រចនាសម្ព័ន្ធ​ក្នុងស្រុក​បាន​មើលឃើញ​ពី​អត្រាកំណើន​នៅ​ចន្លោះ​២៥%​និង​៣០%​ក្នុង​ការ​លក់ នោះ​ក៏​ព្រោះតែ​ការ​រើប​ឡើង​វិញ​ដ៏​ខ្លាំងក្លា​នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុងស្រុក ។

អ្នកវិភាគ​បាន​ថ្លែង​ថា តម្រូវការ​របស់​ទីផ្សារ ចំពោះ​គ្រឿងសំណង់ ជា​ពិសេស​ផលិតផល​ដែកថែប​រចនាសម្ព័ន្ធ​បាន​កើនឡើង​យ៉ាង​ខ្លាំងក្លា​ចាប់តាំងពី​ដើមឆ្នាំ​នេះ ។
យោង​តាម​ប្រភព​មួយ​ពី​សមាគម​ដែកថែប​វៀតណាម​(VSA)​នៅ​ក្នុងអំឡុងពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ បណ្តា​ក្រុមហ៊ុន​សមាជិក​នានា​លក់ដាច់​បាន​ចំនួន​៣,៥៧​លាន​តោន​ដែល​បាន​ចុះបញ្ជី​កំណើន​៣០%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ដើម្បី​ជួបនឹង​តម្រូវការ​ទីផ្សារ បណ្តា​ក្រុមហ៊ុន​ដែកថែប​របស់​សមាគម​បាន​ប្រតិបត្តិ​ស្ទើរតែ​ពេញ​សមត្ថភាព ។ ជា​លទ្ធផល​ក្នុង​ខែកក្កដា ក្រុមហ៊ុន​ទាំងនោះ​ផលិត​បាន​ដែកថែប​រចនាសម្ព័ន្ធ​ប្រមាណ​ជា​៦១៣.០០០​តោន​កើនឡើង​ជិត ៥១%​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។

ចំណែក​អ្នក​ដែល​ប្រកប​ជំនួញ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​លើក​ឡើង​ថា តួលេខ​នេះ​បាន​បង្កើត​នូវ​កំណត់​ត្រា​មួយ​សម្រាប់​ទសវត្សរ៍​មុន នៅ​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​បាន​ចាប់ផ្តើម​បង្អង់​ល្បឿន ។ អ្នកតំណាង​របស់​ក្រុមហ៊ុន​រួម​ភាគហ៊ុន Hoa Phat Steel ប្រចាំ​ក្រុង​ហាណូយ បាន​និយាយ​ថា ក្រុមហ៊ុន​លក់​ផលិតផល​ដែកថែប​ដាច់​បាន​ចំនួន​៧៨៥.០០០​តោន​ក្នុង​រយៈពេល​៧​ខែ​ដំបូង និង​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​៥១% ។

នៅ​គ្រានោះ​ដែរ​ក្រុមហ៊ុន Hoa Sen Group នៅ​ក្នុង​ខេត្ត​ភាគ​ខាងត្បូង Binh Duong ដែល​កាន់កាប់​ភាគហ៊ុន​ធំ​ជាងគេ​នៃ​ទីផ្សារ​ដែកថែប​សន្លឹក​បាន​លើក​ឡើង​ថា ខ្លួន​បាន​ដាក់​ទិស​ដៅ​លក់​ឲ្យ​បាន​៩០​ម៉ឺន​តោន​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ​ដែល​ច្រើន​ជាង​មុន​១៧% ។

ចំណែក​លោក Dinh Cong Khuong ប្រធាន​ក្រុមហ៊ុន Khuong Mai Steel Trading Service Company ដែល​ជា​អ្នកឯកទេស​នៅ​ក្នុង​ការ​នាំ​ចូល​ដែកថែប​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​របស់​ក្រុមហ៊ុន​បាន​កើនឡើង​ប្រមាណ​ជា​២៥%​និង​៣០% ។ អ្នកវិភាគ​បាន​សន្មត់​ថា កំណើន​នៃ​ការ​ប្រើប្រាស់​ខ្លាំង​របស់​ឧស្សាហកម្ម​ដែកថែប​ក្នុងស្រុក​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យសេដ្ឋកិច្ច​និង​ទីផ្សារ​អចលនទ្រព្យ​។

ដោយឡែក​យោង​តាម គណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាតិ​(NFSC)GDP​របស់​វៀតណាម​នៅ​ក្នុងអំឡុងពេល​៦​ខែ​ដំបូង​សម្រេច​បាន​៦,២៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ហើយ​វា​ក៏​ស្ថិត​នៅ​ក្នុង​ការ​ជំរុញ​នៃ​ការ​រើប​ឡើង​ឆ្ពោះទៅ​មុខ​ផង​ដែរ ។

ស្ថាន​ប័ន​នេះ​ថែម​ទាំង​បាន​ព្យាករ​ទុក​នូវ​កម្រិត​៦,៤%​នៅ​ក្នុងអំឡុងពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ផង​ដែរ ហើយ​៦,៥%​សម្រាប់​ពេញ​មួយ​ឆ្នាំ ។

បណ្តា​អ្នកវិភាគ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ការ​កែប្រែ​ថ្មី​នៃ​ច្បាប់​ស្តី​ពី​ជំនួញ​អចលនទ្រព្យ​និង​លំនៅ​ឋាន​បាន​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​របស់​វៀតណាម​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ថែម​ទៀត ។

ក្រុមហ៊ុន CBRE Vietnam បាន​រាយការណ៍​ថា ខុន​ដូ​រាប់រយ​នៅ​ក្នុង​ក្រុង​ហូ​ជី​មិ​ញ ត្រូវ​បាន​លក់​ឲ្យ​ទៅ​ជនបរទេស​ដែល​មាន​សិទ្ធិ បន្ទាប់​ពី​ច្បាប់​លំនៅ​ឋាន​បាន​ចូល​ជា​ធរមាន​ក្នុង​ខែកក្កដា​រួច​មក ក្នុង​នោះ Vingroup’Vinhomes Central Park តែ​មួយ​ទីតាំង លក់ដាច់​បាន​១១២​ខុន​ដូ​ដល់​ជនបរទេស ។

យោង​តាម​គេហទំព័រ​ព័ត៌មាន VnExpresss ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Novaland បាន​ថ្លែង​ថា ជនជាតិ​វៀតណាម​ដែល​ស្នាក់​នៅ​បរទេស​បាន​នាំ​ម​មក​នូវ​តួលេខ​១០%​នៃ​ការ​ជួញដូរ​សរុប​របស់​ប្រទេស​នេះ​ក្នុង​ខែកក្កដា ។

ចំពោះ​ការ​ប្រកួតប្រជែង ៖ អ្នកវិភាគ​បាន​កត់​សម្គាល់ថា ខណៈ​ពេល​តម្រូវការ​ទីផ្សារ​សម្រាប់​សម្ភារ​សំណង់​រាប់​បញ្ចូល​ផលិតផល​ដែកថែប​បាន​កើនឡើង​យ៉ាង​ខ្លាំង តម្លៃ​បាន​ធ្លាក់​ចុះ​ជា​ពិសេស បន្ទាប់​ពី​ការ​ទម្លាក់​ថ្លៃ​ប្រាក់​យន់​ចិន​។ តួលេខ​ពី​នាយកដ្ឋាន​ពន្ធដារ​ទូទៅ​បង្ហាញ​ថា នៅ​ពាក់កណ្តាល​ខែសីហា ប្រទេស​វៀតណាម​បាន​នាំ​ចូល​ដែកថែប​ជិត​៩,២២​លាន​តោន​ដែល​មាន​តម្លៃ​ទឹកប្រាក់​៤,៨៣២​លាន​ដុល្លារ ក្នុង​នោះ​៥​លាន​តោន​ឬ​៦០%​នៃ​ដែក​ទាំងនោះ​គឺ​នាំ​ចូល​ពី​ប្រទេស​ចិន ។ នៅ​គ្រានោះ​ដែរ តម្លៃ​នាំ​ចូល​បាន​ធ្លាក់​ចុះ​២១,៣% ៕