រាជធានីភ្នំពេញ៖ កូវីដ ១៩ ដែលកំពុងរាតត្បាតកម្ពុជាខ្លាំងនៅក្នុងរយៈពេលជិតមួយខែមកនេះ បានធ្វើពលរដ្ឋ អ្នកវិនិយោគទុន ពិសេសប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាតែម្តងរងផលប៉ះពាល់ ។ ក្រៅពីអ្នកជំនួញដែលគម្រោងលុយ នៃសារព័ត៌មានកោះសន្តិភាពបានជួបសម្ភាស នៅថ្ងៃសៅរិ៍ទី ១៣ ខែមីនាចុងសប្តាហ៍នេះសេដ្ឋីកសិកម្មធំមួយរូបនៅកម្ពុជាក៍បានត្អូញពីផលលំបាកដោយសារកូវីដ ១៩ នេះដែរ ។
លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងជាសេដ្ឋីជើងចាស់វស្សាម្នាក់នៅកម្ពុជា បានលើកឡើងថា ក្នុងពេលរាតត្បាតជំងឺកូវីដ ១៩ នេះ លោកសុខចិត្តលក់ស្វាយក្នុងតម្លៃថោកដើម្បីបានប្រាក់ដោះស្រាយជីវភាពកម្មកររបស់លោក ។ លោកឧកញ៉ា បានមានប្រសាសន៍ដូច្នេះថា «យើងប្រមូយផលផ្លែស្វាយកែវរមៀត ចំនួនសាមសិបមួយតោនកន្លះ (៣១,៥០០គីឡូក្រាម) លក់ចេញសាមសិបតោន ជូនទៅអោយរដ្ឋបាលខេត្តព្រះសីហនុចំនួនមួយតោនកន្លះ បើទោះបីជាតម្លៃផ្លែស្វាយកែវរមៀតធ្លាក់ចុះតម្លៃបន្តិចក៏ដោយចុះ ខ្ញុំត្រូវតែបង្ខំចិត្តលក់ដើម្បីយកថវិកាមកដោះស្រាយ ជីវភាពកម្មករក្នុងគ្រាត្រូវឆ្លងកាត់ គ្រោះកាចចង្រៃដ៏សែនមហាប្រល័យកូវីដ ១៩ នេះ» ។
ស្តាប់ប្រសាសន៍របស់សេដ្ឋីដូងប្រេងរូបនេះ គេអាចសន្និដ្ឋានថារូបលោកក៏ទទួលរងផលលំបាកពីជំងឺកូវីដ ១៩ នេះដែរ ។ សេដ្ឋីមានការលំបាកទៅហើយ ចុះពលរដ្ឋធម្មតាវិញយ៉ាងម៉េចវិញ ។ លោកឧកញ៉ា គូច ម៉េងលី ដែលបានវិនិយោគច្រើនវិស័យនៅកម្ពុជាដែល ពិសេសខាងវិស័យសិក្សាធិការ លោកបានលើកឡើងថាវិបត្តិកូវីដ ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជានេះ សឹងគ្រប់វិស័យបានរកផលប៉ះពាល់ ។
សម្រាប់រូបលោកវិញគ្រាន់តែនៅក្នុងវិស័យអប់រំ លោកឧកញ៉ា ខាតថវិកាប្រមាណ ១លានដុល្លារក្នុងមួយខែ ។ លោកថាកូវីដ ១៩ បានធ្វើឱ្យសិស្សពិបាកបង់ថ្លៃមកសាលារៀនតែខាងសាលាបានចំណាយលើសពីពេលធម្មតាដើម្បីទិញសម្ភារៈ បង្កើនសេវាបច្ចេកវិទ្យា បង្កើនបុគ្គលិកដើម្បីដំណើរការសិក្សាតាមអនឡាញ ដូច្នេះរៀងរាល់ខែមានតែខាត នៅពេលសេវាជាច្រើននៅក្នុងសាលាមានសេវាអាហារ ដឹកជញ្ជូនបានផ្អាកដំណើរការនោះ ។ សម្រាប់ឧកញ៉ា គូច ម៉េងលី បើវិត្តកូវីដ ១៩ នៅតែអូសបន្លាសយូរទៀតការវិនិយោគនៅកម្ពុជាមិនថា ក្រុមហ៊ុនតូច ឬធំនោះទេនឹងដូលរលំ ។
ជាមួយគ្នានេះនៅមុននេះប៉ុន្មានថ្ងៃលោកឧកញ៉ា ម៉ុង ឬទ្ធី ក៍បានត្អូញត្អែរពីផលប៉ះពាល់ដល់ក្នុងការវិនិយោគនេះដែរ ពិសេសនៅដំណាំស្វាយកែវរមៀតនេះតែម្តង ។ លោកថា ស្វាយកែវរមៀតរបស់លោកជារៀងរាល់ឆ្នាំនាំទៅលក់នៅសហភាពអឺរ៉ុប ប៉ុន្តែដោយសារវិបត្តិកូវីដ ស្វាយរបស់លោកគ្មានទីផ្សារដោយនៅឆ្នាំនេះ លោកបានបេះស្វាយមួយចំនួនឲ្យសត្វចញ្ចឹមរបស់លោកស៊ី ហើយចុងក្រោយនេះលោកបានបង្ខំចិត្តលក់ស្វាយក្នុងតម្លៃថោកដើម្បីដោះស្រាយជីវភាពឲ្យកម្មកររបស់លោក ។ នេះជាផលប៉ះពាល់មួយផ្នែកពីជំងឺកូវីដ ១៩ ចុះពលរដ្ឋជាទូទៅវិញបានរងគ្រោះក្នុងកម្រិតណាដែរ ? ៕
ចែករំលែកព័តមាននេះ