ខេត្តស្វាយរៀង ៖ មានករណីជនជាតិចិនចំនួន១៣នាក់ ជិះរថយន្ត១គ្រឿងម៉ាកLEXUSRX300
ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2G-9521 បានក្រឡាប់ផ្ងារជើងឡើងលើមិនដឹងថា ពួកជនជាតិចិនទាំងនេះ មកពីណានោះទេ កើតឡើងនៅវេលាម៉ោង៤និង២៥នាទីព្រឹកនៅចំណុចភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងបើកពីទិសខាងលិចទៅកើតយ៉ាងលឿននៅលើកំណាត់ផ្លូវជាតិលេខ១។ លុះមកដល់ចំណុចខាងកើតហេតុ ស្ពានទន្លៀងទី២ ចំម្ងាយ២០០ម៉ែត្រ ស្រាប់តែរេចង្កូតទៅខាងស្តាំធ្លាក់ចិញ្ចើមថ្នល់បានជ្រុលទៅបុកដើមអាកាស្យានៅខាមុខផ្ទះអ្នកស្រុកក្រឡាប់ផ្ងារជើងឡើងលើតែម្តង ខណៈនោះគេឃើញមនុស្សលូនចេញពីខាងក្នុងរថយន្តបន្តបន្ទាប់រហូតទៅ១៤នាក់។

ហើយភ្លាមៗនោះ អ្នកបើកបររថយន្តបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ហើយមនុស្ស៥នាក់ បានរត់ទៅពួនតាមផ្ទះអ្នកស្រុកនៅសល់៨នាក់នៅកន្លែងរថយន្តកើតហេតុ។ ប្រភពបន្តទៀតថា ក្រោយមកសមត្ថកិច្ចនគបាលអធិការដ្ឋាននគបាលក្រុងស្វាយរៀងនិងស្នងការដ្ឋាននគបាលខេត្តបានមកដល់បានឃើញមនុស្សទាំង៨នាក់គឺជនជាតិចិនទើបឃាត់ខ្លួនបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគបាលខេត្ត ដើម្បីសាកសួរនិងបន្តតាមចាប់ខ្លួនជនជាតិចិនបាន៥នាក់ទៀតយកមកសាកសួរសរុប១៣នាក់ ។

ចំណែកអ្នកបើកបររថយន្តសង្ស័យថា ជាជនជាតិខ្មែរសមត្ថកិច្ចកំពុងស្រាវជ្រាវរកដើម្បីទទួលខុសត្រូវនិងសួរព័ត៌មានថា តើគេដឹកជនជាតិចិននេះមកពីណា ។ ប្រភពមិនច្បាស់ការ គឺជនជាតិចិនទាំងនេះមិនព្រមឆ្លើយប្រាប់ឈ្មោះ ហើយមកពីណាទៅណា គ្រាន់តែឆ្លើយថា ពួកគេមកពីប្រទេសចិន មានគេយកមកឲ្យធ្វើការនៅស្រុកខ្មែរ ក៏មិនដឹងថា ទៅធ្វើការនៅកន្លែងណាទេ គេមិនស្គាល់ទេ ក៏ប៉ុន្តែបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនជាតិចិន១៣នាក់នេះគឺរថយន្តដឹកទៅក្រុងបាវិត។

បើតាមលោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការឆ្លងមេរោគកូវីដ១៩ខេត្តស្វាយរៀងបានឲ្យដឹងថា ជនជាតិចិន១៣នាក់នេះសមត្ថកិច្ចបានបញ្ជូនទៅធ្វើចត្តាឡីសក័នៅក្នុងមណ្ឌលធ្វើចត្តាឡីសក័ផ្ទះសំណាក់គ្រូបង្រៀននៃមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ថិតនៅភូមិស្រះវង្សសង្កាត់ស្វាយរៀងក្រុងស្វាយរៀងនិងក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យធ្វើតេស្តកូវីដ១៩នៅរាជធានីភ្នំពេញរួចហើយដែរ។

ហើយចំពោះព័ត៌មានជនជាតិចិនមកពីណានោះ គឺរង់ចាំការស្វែងរកអ្នកបើកបររថយន្តឲ្យឃើញមកបំភ្លឺទើបដឹងការពិតដោយជនជាតិចិនទាំង១៣នាក់ មិនព្រមឆ្លើយ ពីសាវដា និងអត្តសញ្ញាណ ឲ្យសមត្ថកិច្ចបានដឹងនៅឡើយ ។
កោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។





ចែករំលែកព័តមាននេះ