រាជធានីភ្នំពេញ ៖ បញ្ហាស្វាយគ្មានទីផ្សារដែលកំពុងចោទដល់ចំណូលអ្នកដាំទំនងអាចដោះស្រាយបានមួយចំនួននៅពេលនេះ ដោយប្រទេសចិន ។ ទីផ្សារចិន និងក្រសួងកសិកម្មកម្ពុជា ទើបតែបញ្ចប់ការពិភាក្សាគ្នាលើនីតិវិធីក្នុងការនាំស្វាយចេញទៅប្រទេសចិន នៅក្នុងពេលខាងមុខនេះ ។
លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហើបដំណឹងល្អនេះថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជូនពរដល់ ក្រុមការងារអគ្គនាយកកសិកម្ម និងភាគីមន្រ្តីអគ្គរដ្ឋបាលគយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលនឹងជួបពិភាក្សាគ្នា និងធ្វើត្រួតពិនិត្យវាយតម្លៃជាក់ស្តែងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី ១០ ខែមីនានេះឲ្យទទួលបានជោគជ័យជាស្ថាពរ ដើម្បីឈានទៅដល់ការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការចេញពីកម្ពុជា ទៅកាន់ប្រទេសចិន» ។
លោករដ្ឋមន្រ្តីបន្ថែមថា យោងទៅតាមការពីគ្រោះយោបល់គ្នាកន្លងមក តាមរយៈសារអេឡិចត្រូនិក និងប្រព័ន្ធវីដេអូពីចម្ងាយ គឺក្រុមការងារទាំងពីរបានសម្រេចជ្រើសយកកសិដ្ឋានស្វាយចំនួន ៣ មកត្រួតពិនិត្យ ។ បើតាមរដ្ឋមន្រ្តីក្រុមហ៊ុនទាំងបីនោះ មានកសិដ្ឋានស្វាយរបស់ក្រុមហ៊ុន UCDL Development កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Angkor Harvest និងកសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Bamin Agriculture Hi-Tech Development ។
កសិកអ្នកដាំស្វាយនៅក្នុងប្រទេសកម្ពុជាទាំងកសិករធម្មតារហូតដល់ឧកញ៉ា បានលើកឡើងថាស្វាយឆ្នាំនេះគ្មានទីផ្សារនោះឡើយ ។ ដោយសារស្វាយអោយផលស្របគ្នា ហើយនៅច្រើនកន្លែង កសិករបានបេះស្វាយចាក់ជាគំនរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ខ្លះយកគនរស្វាយមកក្រាលដេកពីលើ ខ្លះបេះស្វាយឲ្យសត្វស៊ី ។ លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលសល់ស្វាយ ៣០០តោនគ្មានអ្នកទិញបានបេអះស្វាយឲ្យសត្វចិញ្ចឹមរបស់លោកស៊ីហើយបានរៀបរាប់ថា «ចម្ការស្វាយរបស់ខ្ញុំនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យមានចំនួន ៥០.០០០ដើម អាចប្រមូលផលបានប្រមាណជា ៣០០តោន(បីរយតោន) ជារាងរាល់ឆ្នាំ សម្រាប់ពេលនេះសត្វរបស់ខ្ញុំមិនអាចស៊ីមិនអស់ទេមានចំនួនច្រើនខ្លាំងណាស់ ។ លោកថា ឆ្នាំកន្លងទៅស្វាយរបស់លោកនាំចេញទៅសហគមន៍អឺរ៉ុប ដោយសារតែវិបត្តិកូវីដ-១៩ ផ្លែស្វាយធ្លាក់ចុះតម្លៃរហូតដល់ពេលនេះគ្មានអ្នកទិញតែម្តង ។
ដំណោះស្រាយរបស់ក្រសួងកសិកម្មជាមួយទីផ្សារប្រទេសចិនខាងលើ ទំនងបានតែកសិដ្ឋានធំៗ មិនដឹងថាមានវិសាលភាពដល់កសិករដាំស្វាយជាលក្ខណៈគ្រួសារឬយ៉ាងណានោះទេ ។ កន្លងមកប្រឈមនឹងស្វាយធ្លាក់ថ្លៃនេះ ក្រសួងក៍បានអំពាវនាវឲ្យពលរដ្ឋមកចុះបញ្ជីការដាំស្វាយនៅក្រសួងដើម្បីចងក្រងគ្នា ឬដើម្បីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងព័ត៌មានទីផ្សារផងដែរ ៕
ចែករំលែកព័តមាននេះ