រាជធានីភ្នំពេញ ៖ លោកនាង សុខណា ហៅទិវា០៦ ហៅត្រេន អតីតអនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតុលាការប្រកាសទោសរួចរាល់ហើយ កាលពីល្ងាចថ្ងៃទី២៨ កុម្ភៈ ២០១១ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងបង់ប្រាក់២០លានរៀល ជាសំណងជំងឺចិត្តទៅភាគីជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតដោយសារកណ្តាប់ដៃជននេះ ។
លោកនាង សុខណា ត្រូវបានតុលាការធ្វើការចោទប្រកាន់ថា បានប្រព្រឹត្តអំពើមនុស្សឃាត ដោយអចេតនាទៅលើកូនចៅរបស់ខ្លួនបណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗ កាលពីអំឡុងជិត១ឆ្នាំមុន គឺនាង សុខណា ប្រើប្រាស់ថ្នាំញៀនលើសកម្រិតដាក់ក្នុងស្រាបៀរ និងមនុស្ស៤នាក់ទៀតក៏ត្រូវប្រកាច់ប្រកិនសន្លប់ធំផងដែរ ក្រោយពេលផឹកស្រាបៀរលាយថ្នាំញៀនដ៏ខ្លាំងនោះ… នៅមាន៤-៥នាក់ ទៀតរងរបួសស្រាល ដោយការផឹកស្រាបៀរលាយគ្រឿងញៀន ព្រោះនៅថ្ងៃកើតហេតុស្លាប់មនុស្សនោះ លោកនាង សុខណា បានប្រមែប្រមូលកូនចៅ (មន្ត្រីប៉ូលិស) ប្រមាណជាង១០នាក់ ទៅជួបជុំផឹកស៊ីសប្បាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលិសចុតមុខ ។
អ្នកតាមដានរឿងនេះបានរិះគន់ថា ការកំណត់ទោសរបស់តុលាការសម្រាប់លោកនាង សុខណា រយៈពេល២ឆ្នាំនេះ គឺស្រាលស្ងើកដូចសំឡីអញ្ចឹង…គ្រាន់តែលោកនាង សុខណា ល្មើសវិន័យប៉ូលិស និងប្រើប្រាស់គ្រឿងញៀននោះ គឺត្រូវមានទោសលើសពីឆ្នាំបាត់ទៅហើយ…ចុះទម្រាំតែបង្កឱ្យស្លាប់មនុស្សទៀត តើវានឹងកើនទោសដល់កម្រិតណា?
ចែករំលែកព័តមាននេះ