អន្តរជាតិ ៖ ប្រទេសជប៉ុនបានស្នើឱ្យប្រទេសចិនបញ្ឈប់ការធ្វើតេស្តរកកូវីដ១៩តាមរន្ធគូទ លើពលរដ្ឋរបស់ខ្លួន នៅពេលពួកគេធ្វើដំណើរចូលប្រទេសនេះ។

ដើម្បីជាការរឹតបន្តឹង និងបញ្ជៀសការផ្ទុះឡើងវិញនៃវីរុសកូវីដ១៩ ប្រទេសចិនបានចាប់ផ្តើមអនុវត្តការធ្វើតេស្តរកកូវីដ១៩តាមរន្ធគូទលើជនបរទេស ចាប់តាំងពីខែមករាមកម្ល៉េះ។ ខណៈដែលពិធីសារនៃការធ្វើតេស្តនេះ ទទួលបានការត្អូញត្អែរ និងរិះគន់យ៉ាងខ្លាំងពីសំណាក់ជនបរទេស ដែលធ្វើដំណើរចូលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។

លោក Katsunobu Kato ប្រធានលេខាធិការខុទ្ទកាល័យនាយករដ្ឋមន្ដ្រីបាននិយាយថា ពលរដ្ឋជប៉ុនមួយចំនួនបានរាយការណ៍ប្រាប់ស្ថានទូតប្រចាំប្រទេសចិនថា ពួកគេបានទទួលការធ្វើតេស្តរកកូវីដ១៩តាមរន្ធគូទដែលបណ្តាលឱ្យមានការប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង។ ហើយបច្ចុប្បន្នលោកមិនបានដឹងថា តើមានជនជាតិជប៉ុនប៉ុន្មាននាក់ទៀត ដែលទទួលការធ្វើតេស្តតាមរបៀបនេះ?

លោក Kato បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ប្រទេសចិនមិនទាន់បានឆ្លើយតបនឹងសំណើនេះនៅឡើយទេ។ ចាប់តាំងពីរដ្ឋាភិបាលជប៉ុនបានស្នើសុំតាមរយៈស្ថានទូតជប៉ុន ដែលមានមូលដ្ឋានក្នុងទីក្រុងប៉េកាំង៕ (ដកស្រង់ចេញពី BBC)


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ