ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅខេត្តព្រះវិហារ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ៖ មន្ត្រីសុខាភិបាល មន្ត្រីនគរបាល និងថ្នាក់ដឹកនាំខេត្ត​មួយចំនួន ​បានទទួលការចាក់វ៉ាក់សាំងកូវីដ ដោយឥតគិតថ្លៃ ក្នុងជំហានដំបូង នាពេលនេះ សម្រាប់ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២…

ខេត្តព្រះវិហារ៖ មន្ត្រីសុខាភិបាល មន្ត្រីនគរបាល និងថ្នាក់ដឹកនាំខេត្ត​មួយចំនួន ​បានទទួលការចាក់វ៉ាក់សាំងកូវីដ ដោយឥតគិតថ្លៃ ក្នុងជំហានដំបូង នាពេលនេះ សម្រាប់ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១​។

​ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនមន្ត្រីសុខាភិបាល និងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើឡើង នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជូនចំពោះប្រទេសជាមិត្តនានា ដូចជា ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសផ្សេងៗទៀត ព្រមទាំងសប្បុរសជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស ដែលបានជួយផ្ដល់នូវ​វ៉ាក់សាំងកូវីដ និងថវិកាឧបត្ថម្ភទិញវ៉ាក់សាំង ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

លោកអភិបាលខេត្តបន្តថា វ៉ាក់សាំងកូវីដ ដែលយកមកចាក់ជូននាពេលនេះ ជាផលិតផលប្រទេសមហាមិត្តចិន បានប្រើប្រាស់រាប់សិបលានដូសរួចមកហើយ ព្រមទាំងប្រទេសនានាលើសកលលោក ក៏បានប្រើប្រាស់រួចរាល់ហើយផងដែរ។

លោកបន្តថា ចំណែកកម្ពុជាវិញ គឺប្រើប្រាស់ក្រោយគេទេ ហើយបើគិតមកដល់ថ្ងៃនេះ ខ្មែរយើង ដែលបានទទួលការចាក់វ៉ាក់សាំង មានរាប់ពាន់នាក់ហើយ ដែលជាថ្នាក់ដឹកនាំសំខាន់ៗ។ ទាំងនេះ សបញ្ជាក់ឱ្យឃើញអំពីគំរូ​វីរៈភាពដឹកនាំ និងបង្ហាញអំពីភាពជឿជាក់លើប្រសិទ្ធភាពរបស់វ៉ាក់សាំង។

លោកអភិបាលខេត្ត បានបន្តថា ដោយសារវ៉ាក់សាំងក្នុងដំណាក់កាលដំបូងនេះ មានចំនួនកំណត់ ទើបយើងសម្រេចចាក់ជូន​មន្ត្រីសុខាភិបាល មន្ត្រីនគរបាល កងទ័ព និងថ្នាក់ដឹកនាំសំខាន់ៗ ជាមុននឹងផ្ដល់ជូនមន្ត្រីរាជការទូទៅ និងប្រជាពលរដ្ឋទាំងអស់ តាមជំហានៗ នាពេលក្រោយ។

លោក បានផ្ដាំផ្ញើ ដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយនេះ ត្រូវថែរក្សាសុខភាព តាមការណែនាំរបស់គ្រូពេទ្យ និងត្រូវត្រឡប់មកចាក់វ៉ាក់សាំង លើកទី២វិញ ឱ្យបានទាន់ពេលវេលាកំណត់​​ និងត្រូវចងចាំថា វ៉ាក់សាំង គឺមិនមានប្រសិទ្ធភាព ១០០% នោះទេ តែវាអាចកាត់បន្ថយឱកាសនៃការឆ្លងជំងឺកូវីដ ឱ្យនៅតិចបំផុត ហេតុដូច្នេះ ចូរយើងត្រូវតែរក្សាការប្រុងប្រយ័ត្ន និងត្រូវតែអនុវត្តគោលការណ៍ ៣កុំ ៣ការពារ ដដែល ។

​ក្នុងឱកាសនោះផងដែរ លោក​បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល កម្លាំងទាំងបី អាជ្ញាធរភូមិ-ឃុំ-សង្កាត់-ស្រុក-ក្រុងខេត្ត និងមន្ត្រីរាជការទាំងអស់ ដែលកន្លងមកបានយកចិត្ត​ទុកដាក់ខ្ពស់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ទទួលបានជោគជ័យ ដោយបានព្យាបាលអ្នកជំងឺកូវីដ ០២នាក់ បានជាសះស្បើយ និងបានអប់រំណែនាំ ការពារអ្នកធ្វើចត្តាឡីស័ក រាប់ពាន់នាក់ផងដែរ​។ ​ចំពោះមុខ គិតត្រឹមថ្ងៃទី០១ ខែមីនា សម្រាប់ខេត្តព្រះវិហារយើង មានអ្នកកំពុងធ្វើចត្តាឡីស័កសរុប ចំនួន ២៧នាក់៕ ដោយ៖ ទ្រី វិច្ឆិកា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ