រាជធានីភ្នំពេញ ៖ នៅពេលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ ពលរដ្ឋជាច្រើនកាន់តែត្រូវការប្រាក់ដើម្បីដោះស្រាយជីវភាពហើយប្រាក់ឥណទានមានតួនាទីសំខាន់ណាស់ក្នុងការដោះស្រាយការលំបាករបស់ពលរដ្ឋ។ លោក ប៊ុន មុនី សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថាទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការឆ្លងរីករាលសហគមន៍នេះក្តី សកម្មភាពផ្តល់ប្រាក់ឥណទានរបស់គ្រឹះស្ថានភាពហិរញ្ញវត្ថុនៅតែសកម្មហើយកាន់តែសកម្មជាងពេលធម្មតាទៅទៀត។ លោកថា “បើគ្រឹះស្ថានហិរញ្ញវត្ថុមិនផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋនៅពេលលំបាកនេះទេ ពួកគាត់កាន់តែលំបាក ហើយសង្គមនឹងមានបញ្ហាហិរញ្ញវត្ថុ”។
លោក ប៊ុន មុនី បានទទួលស្គាល់ថាពលរដ្ឋពិតជាមានការលំបាកនៅក្នុងការរកប្រាក់សងមកធនាគារ ប៉ុន្តែលោកសង្ឃឹមថាយន្តការអនុគ្រោះជាច្រើនដែលដាក់ចេញដោយធនាគារជាតិនិងអាចជួយសម្រួលដល់ពលរដ្ឋនិងអាចធ្វើឲ្យរចន្តហិរញ្ញវត្ថុមានភាពសកម្មនៅក្នុងសង្គមផងដែរ។
យោងតាមរបាយការណ៍របស់ធនាគារជាតិ កាលពិដើមឆ្នាំ២០២១២ ឲ្យដឹងថានៅក្នុងឆ្នាំ២០២០ បញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២០ ប្រាក់បញ្ញើអតិថិជនមាន៣៣.៨ប៊ីលានដុល្លារអាមេរិក មានកំណើន១៥.៥ភាគរយ ក្នុងនោះឥណទានអតិថិជន មានចំនួន៣៧.៣ប៊ីលានដុល្លារអាមេរិក កើនឡើង១៤.៨ភាគរយ និងទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ មាន៥៩.៤លានដុល្លារអាមេរិក កើនឡើងកំណើន១៥.៧ភាគរយ ។
របាយការណ៍បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ ការរៀបចំឥណទានឡើងវិញមាន ២៨៥,០៧៤ គណនីស្មើនឹង៤.២ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះការរៀបចំឥណទានឡើងវិញ របស់គ្រឹះស្ថានធនាគារបានថយចុះក្នុងខែវិច្ឆិកា ហើយសមតុល្យឥណទានរៀបចំឡើងវិញ បានចាប់ផ្ដើមថយចុះចាប់ពីខែកញ្ញាមក។ ចំណែកឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ គណនី និងសមតុល្យឥណទានរៀបចំឡើងវិញ បានថយចុះដល់កម្រិតទាបបំផុតក្នុងខែតុលា ប៉ុន្ដែបានកើនឡើងវិញនៅក្នុងខែវិច្ឆិកា។
ការថយចុះនៃការរៀបចំឥណទានឡើងវិញត្រូវបានកត់សម្គាល់ថាដោយសារស្ថានភាពកូវីដ១៩បានធូរស្រាល នៅក្រោយពីកម្ពុជាបានបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកាឆ្នាំ២០២០ ហើយសកម្មភាពសង្គមជាច្រើនបានវិលទៅរកភាពជាធម្មតា ប៉ុន្តែនៅពេលនេះកម្ពុជាមានករណីផ្ទុះព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ក្នុងទ្រង់ទ្រាយធំទៀត។គេនៅមិនទានដឹងថាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនឹងអាចមានឥទ្ធពលខ្លំាងកម្រិតណាទៀតដល់ជីវភាពពលរដ្ឋ។ តែជាមួយគ្នានេះ គេបានឭសំឡេងថ្ងូររបស់ពលរដ្ឋមួយចំនូន ពិសេសអ្នកប្រកបរបរអាជីវកម្មតូចតាចក្រៅប្រព័ន្ធថាចំណូករបស់គាត់បានធ្លាក់ចុះ ធ្វើឲ្យជីវភាពកាន់តែលំបាក។
អ្នកស្រី សុធា ពលរដ្ឋនៅភ្នំពេញ ដែលរករបរធ្វើម្អូបក្នុងពិធីមង្គលការនិងបុណ្យទានផ្សេងៗបាននិយាយថាគាត់មានការលំបាកជាខ្លំាងនៅពេលនេះ។ អ្នកស្រីថាគាត់ត្រូវការប្រាក់ចំណូលក្នុងខែប្រមាណជា១ពាន់ដុល្លារ ដើម្បីបើកឲ្យបុគ្គលិកប្រចំាការ និងការចំណាយលើការបង់រំលោះផ្ទះ។ “ពលរដ្ឋគ្រប់ត្ងូញតែពីការលំបាក។ សម្រាប់ខ្ញុំនៅពេលគ្មានពិធីការពិធីបុណ្យបែបនេះ គ្មានសងធនាគារទេ។ ខ្ញុំបានខ្ចីធនាគារទិញផ្ទះ និងទិញរថយន្តដឹកតុការ។ ប្រាក់មិនអាចគេដោយគ្មានការប្រាក់ទេ។បើយើងគ្មានប្រាក់បង់ការប្រាក់កាន់តែច្រើន ការដោះបំណុលកាន់តែវែងឆ្ងាយ”។
ស្រ្តីវ័យ៥១ឆ្នាំនេះ និយាយបន្ថែមថា”ពេលនេះបើទោះជាមានដីចង់លក់ដើម្បីដោះស្រាយបញ្ហាក៍លក់មិនចេញដែរ”។
មានការសង្កេតឃើញថាក្នុងរយៈប៉ុន្មានខែនេះគ្រឹះស្ថានហិរញ្ញវត្ថុ ហាក់បានសកម្មនៅក្នុងការផ្តល់ប្រាក់ឥណទានដល់ពលរដ្ឋ។ គេបានឃើញស្ថាប័នខ្លះបានចុះផ្សព្វផ្សាយ ឃោសនា ដល់សហគមន៍ពលរដ្ឋពីការផ្តល់ប្រាក់កម្ចី។ ស្ថាប័នខ្លះបានឃោសនាថា “ខ្ចីរហ័ស លក្ខណ្ឌងាយៗ ” ជាដើម។ ប្រាក់កម្ចីមានប្រយោជន៍ដល់ពលរដ្ឋដោះស្រាយបញ្ហាហិរញ្ញវត្ថុ តែក៍អាចក្លាយជាបំណុលវ័ន្តករនោះដែរ៕
ចែករំលែកព័តមាននេះ