រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់៩ មីនា ឆ្នាំ២០២១តំបន់មួយចំនួនរបស់កម្ពុជានឹងក្តៅ ហើយមានភ្លៀងនឹងផ្គររន្ទះ ។
យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅថ្ងៃទី២ មីនា ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយជាមួយនឹងការបម្រែបម្រួលនៃទិសខ្យល់ ។ ទន្ទឹងនោះក៏ជាអន្តរកាល ពីរដូវរំហើយមករដូវប្រាំងដែលអាចបង្កឲ្យមានជាបាតុភូតកំណកក្នុងបរិយាកាស (CONDENSATION) នៅតាមតំបន់មួយចំនួន ។
ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលសីតុណ្ហភាពអប្បបរមា មានពី២៣-២៦°C និងសីតុណ្ហភាពអតិបរមា មានពី៣៣-៣៦ °Cមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពីសេសនៅបណ្តាខេត្តភាគពាយ័ព្យ ។
ចំណែកបណ្តាខេត្តផាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី២៣-២៦ °c និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៦ °C មានភ្លៀងផ្គររន្ទះពីខ្សោយទៅខ្លាំង ។
ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C នឹងសីតុណ្ហភាពអតិបរមា មានពី៣២-៣៥ °C និងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ។
ជាមួយគ្នានោះដែរ ក្រសួងបានសូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្ត្រាក់ដែលអាចកើតមានក្នុងអំឡុងថ្ងៃទី៣-៤ ខែមីនា ៕
ចែករំលែកព័តមាននេះ