រាជធានីភ្នំពេញ ៖ ប្រេងសំាងលក់នៅតាមស្ថានីយ៍ប្រេងឥន្ទនៈនានា ក្នុងថ្ងៃទី ១ខែមីនាឆ្នាំ ២០២១នេះ ផ្តើមឡើងថ្លៃទៀតហើយ ពោលគឺបានឡើងថ្លៃខ្ពស់ពីការកំណត់របស់អាជ្ញាធរការពីពីរសប្តាហ៍មុន ។ នៅថ្ងៃនេះប្រេងបានឡើងថ្លៃ ២០០រៀលក្នុងមួយលីត្របើប្រៀបធៀបការកំណត់ថ្លៃរបស់ក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុន ។
ប្រេងសំាងស៊ុមពែរ លក់ថ្ងៃនេះមួយលីត្រ តម្លៃ ៤០៥០រៀល ប្រេងសំាងធម្មតាមូយលីត្រ ៣ ៧០០រៀល ចំណែកប្រេងម៉ាស៊ូតមួយលីត្រថ្លៃ ៣៣០០រៀល រីឯហ្គាសវិញមួយលីត្រ ២ ២០០រៀល ។ ការកំណត់ថ្លៃដែលចេញដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨កុម្ភៈ ប្រេងសំាងមួយលីត្រថ្លៃតែ ៣៥០០រៀល ចំណែកប្រេងម៉ាស៊ូតមួយលីត្រថ្លៃ៣ ២០០រៀល ។
ប្រេងសំាងឡើងថ្លៃប៉ះពាល់ដល់ជីវភាពពលរដ្ឋ ដោយសារប្រេងសំាងនិងហ្គាសពលរដ្ឋត្រូវប្រើប្រាស់ប្រចំាថ្ងៃ ។ ការឡើងថ្លៃប្រភពថាមពលនេះ អាចធ្វើឲ្យតម្លៃផលិតផលក្នុងស្រុកនានាឡើងថ្លៃផងដែរ ហើយជាចុងបញ្ចប់ពលរដ្ឋអ្នកប្រើប្រាស់ផលិតនិងសេវាកម្ម ត្រូវចំណាយថវិកាច្រើន ។
កន្លងមកសូម្បីអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកបានត្អូញត្អែរ ការចិញ្ចឹមត្រីរបស់គាត់មិនអាចលក់ថោក ប្រកួតប្រជែងជាមួយត្រីដែលនាំចូលពីប្រទេសជិតខាង ដែលថ្លៃដើមផលិតរបស់គេទាបនោះទេ ។ អ្នកចិញ្ចឹមត្រីម្នាក់ឈ្មោះ ដា នៅខេត្តសៀមរាបនិយាយថាថ្លៃទឹក ប្រេង និងចំណីសត្វនៅកម្ពុជាខ្ពស់ជាងប្រទេសជិតខាង ដែលធ្វើឲ្យត្រីដែលគាត់ចិញ្ចឹមបានត្រូវលក់ក្នុងតម្លៃខ្ពស់ជាងត្រីនាំចូលពីប្រទេសជិតខាង ប៉ុន្តែឈ្មួញកណ្តាលដើម្បីបានចំណេញច្រើនពួលគេ បាននាំចូលត្រីពីបរទេសលក់ឲ្យពលរដ្ឋទទួលទាន ចំណែកអ្នកចិញ្ចឹមត្រីក្នុងស្រុករងការខាតបង់ជាខ្លំាង ។ អ្នកចិញ្ចឹមត្រីជាង ១០ឆ្នាំមកហើយ នៅក្នុងខេត្តសៀមរាបដដែលនោះ បញ្ជាក់ថា បច្ចុប្បន្នគាត់មានត្រីអណ្តែកទំហំពេញលក់ចេញប្រមាណ ១៥តោន ប៉ុន្តែគ្មានទីផ្សារនោះទិញឡើយ ។ គាត់កំពុងប្រឈមការខាតបង់ជាខ្លំាងនៅខណៈដែលការចិញ្ចឹមត្រីបន្តទៀតឬអត់នោះ ស្ថិតនៅក្នុងការពិចារណា ។
ចំណែកលោក សុផល អ្នករត់រឺម៉កកង់បីម្នាក់នៅភ្នំពេញនិយាយថា ប្រេងសំាង និងហ្គាសបានឡើងថ្លៃខ្លំាងចាប់ពីពាក់កណ្តាលឆ្នាំ ២០២០មក ពិសេសហ្គាស់តែម្តង ។ លោកថា ហ្គាសបានឡើងថ្លៃពីជាង ១ពាន់រៀលមកដល់ជាង ២ពាន់រៀល នៅក្នុងរយៈពេលតែប៉ុន្មានខែនេះ ។ “ម៉ូតូកង់បីខ្ញុំប្រើសហ្គាសកាលពីហ្គាសថ្លៃ ១២០០រៀលក្នុងលីត្រ ខ្ញុំរត់ម៉ូតូគ្រាន់បានចំណេញខ្លះ តែពេលនេះពិបាករកចំណេញណាស់ ។ អ្នករត់កង់បីក៍ច្រើន ហ្គាស់ក៍ថ្លៃ ។ លុយរកបានត្រូវកាត់ថ្លៃហ្គាស កាត់ថ្លៃសេវាឲ្យក្រុមហ៊ុន Pass App ប្រាក់ចំណេញមានតិចតូចណាស់ ស្របពេលដែលជំងឺកូវីដ ១៩ កំពុងរាតត្បាយការធ្វើដំណើររបស់ពលរដ្ឋបានកាត់បន្ថយ” លោក សុផល ត្អូញត្អែរ ។
គិតតាមទម្លាប់ទៅនៅថ្ងៃទី ១ខែមីនានេះ ក្រសួងពាណិជ្ជកម្មត្រូវចេញប្រកាសពីការកំណត់ថ្លៃប្រេងសំាងឥន្ទនៈ ដែលត្រូវលក់ក្នុងទីផ្សារកម្ពុជាពីរសប្តាហ៍ទៅមុខទៀត តែរហូតមកដល់រសៀលថ្ងៃនេះគេនៅមិនទានទទួលបានសេចក្តីប្រកាសពីក្រសួង ដែលតែងតែចេញជាទៀងទាត់នោះទេ ៕
ចែករំលែកព័តមាននេះ