រាជធានីភ្នំពញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនីមួយៗ ហើយវ៉ាក់សាំងកូវីដ-១៩ តែមួយមុខ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ នោះឡើយ ដូច្នេះដើម្បីវ៉ៃឈ្នះកូវីដ-១៩ នៅពេលនេះ មិនមែនរំពឹងលើតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ។

ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងក្រោយពីលោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានទី២ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ស្តីពីជម្រុញរាជរដ្ឋាភិបាល ពន្លឿនការចាក់វ៉ាក់សាំងនៅចំពោះមុខការរាតត្បាតជំងឺកូវីដ-១៩ ។

លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា «ការវ៉ៃឈ្នះកូវីដ-១៩ នៅពេលនេះ មិនមែនរំពឹងលើតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ។ វិធានការរួមគ្នា មាន «៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង កូវីដ-១៩ = បង្កើតបាននូវកងការពារដ៏រឹងមាំសម្រាប់បុគ្គល ក្នុងការការពារពីភាពធ្ងន់ធ្ងរសុខភាពដែលអាចកើតមានឡើងពីការវ៉ៃលុករបស់វីរុសកូវីដ-១៩ និងកាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យផង និងកាត់បន្ថយបានជាអតិប្បរិមានូវការកើតជំងឺនេះក្នុងសហគមន៍ផង»។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានបន្តថា «ដូច្នេះ ការចាក់វ៉ាក់សាំង ក៏កំពុងតែធ្វើ ជាបន្តបន្ទាប់ ( អាស្រ័យលើចំនួនវ៉ាក់សាំងដែលមានបច្ចុប្បន្ន) គួបផ្សំគ្នាជាមួយនឹងការអនុវត្តវិធានការ «៣ការពារ និង ៣កុំ» ដើម្បីឆ្លើយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ។ សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការខាងលើ ទោះជាមិនទាន់ដល់វេនចាក់វ៉ាក់សាំងក៏ដោយ (សូមអធ្យាស្រ័យដោយវ៉ាក់សាំងទទួលបានមានកម្រិតចំនួន) ក៏មិនត្រូវរង់ចាំតែវ៉ាក់សាំង ហើយភ្លេចខ្លួន ឬមិនបានអនុវត្តន៍វិធានការការពារខ្លួន ៣ការពារ និង ៣កុំ នោះឡើយ»។

លោកស្រី ឱ វណ្ណឌីនបានសង្កត់ធ្ងន់ម្តងជាពីរដងថា « មានតែ ៣ការពារ និង ៣កុំ ដែលជួយលោកអ្នកបានរួចផុតពីការចម្លងវីរុសកូវីដ-១៩ ហើយដល់វេនចាក់វ៉ាក់សាំង សូមស្ម័គ្រចិត្តទីចាក់ ដើម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារខ្លួន និងសុខភាពសហគមន៍របស់ខ្លួនផងដែរ» ។

សូមរម្លឹកថា ក្រសួងសុខាភិបាលនៅថ្ងៃទី ២៨ ខែកុម្ភៈនេះបានប្រកាសថា កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣៩នាក់ទៀត ដែលក្នុងនោះ ៣៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ (ចិន២៤នាក់ វៀតណាម៤នាក់ និងខ្មែរ៥នាក់) នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ ដូច្នេះអ្នកកើតកូវីដ-១៩ នៅកម្ពុជាឡើងដល់៨០៥នាក់ ដោយក្នុងនោះអ្នកជាសះស្បើយវិញមាន៤៧៧នាក់ ខណៈ៣២៨នាក់ កំពុងសម្រាកព្យាបាល ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៦ខែកុម្ភៈ មានអ្នកបានចាក់វ៉ាក់សាំងកូវីដ ១៩ សរុប ១៦៣៩០នាក់ ក្នុងនោះស្រីមានចំនួន ៤៩៧៣នាក់៕
ចែករំលែកព័តមាននេះ