រាជធានីភ្នំពេញ ៖ «យើងមានការសោកស្តាយដែលទើបទទួលបានព័ត៌មានថា ទេវនាថនិមិត្ត ឯម ធ្ធាយ មរត៌កមនុស្សរស់ថ្នាក់ជាតិឯកទេសរបាំក្បាច់បុរាណខ្មែរ ជានាដកាពីសង្គមវ័យចំណាស់បំផុតដែលនៅរស់រានមានជីវិត បានជួបគ្រោះរអិលដួលក្នុងបន្ទប់ទឹក ហើយកំពុងមានបញ្ហាឈឺចង្កេះ និង ប៉ះពាល់ដល់តម្រងនោម ដែលបណ្តាលមកពីការទទួលទានថ្នាំបំបាត់ការឈឺចាប់ចង្កេះ» ។ នេះជាអ្វីដែលប្រភពខាង Amazing Cambodia បានថ្លែងបញ្ជាក់ ។

ប្រភពដដែលបានបន្តថា ក្រុមគ្រួសារលោកយាយបានប្រកាសជាផ្លូវការដល់មហាជនថា លោកយាយមិនអាចក្រោកសម្តែងក្បាច់របាំជូនក្មេងៗ មើលដូចមុនទៀតបានឡើយ។ សូមជូនពរគ្រាប់ពេជ្ររបាំចុងក្រោយរូបនេះឱ្យមានអាយុយឺនយូរ និង សុខភាពរឹងមាំឡើងវិញឆាប់ៗ ។

អ្វីដែលយើងអាចធ្វើបាននាពេលនេះ គឺសូមទេវតាជួយថែរក្សាយាយផង ព្រឹទ្ធាចារ្យផ្នែកសិល្បៈបុរាណទេវនាថនិមិត្ត ឯម ធ្ធាយ ជាធនធានដ៏កម្រឯកសម្រាប់របាំបុរាណខ្មែរ ។
អតីតនាដកា ឯម ធ្ធាយ មានឪពុកជាទាហានបម្រើផ្ទាល់របស់ព្រះនរោត្តម សុរាម្រិត ព្រះមហាកញ្ចនៈកោដ្ឋ និងម្តាយជាអ្នកបម្រើព្រះស្ងោយថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន កុមារី ឯម ធ្ធាយ មានឱកាសបានចូលហាត់របាំបុរាណខ្មែរតាំងពីអាយុ៧ឆ្នាំមកម្លេះ ។
កន្លងមកព្រឹទ្ធាចារ្យផ្នែកសិល្បៈបុរាណទេវនាដនិម្មិតឯម ធ្ធាយ បានអះអាងថា ដរាបណានៅមានដង្ហើម គាត់នៅតែអាចបង្រៀនចៅៗបាន ក្នុងពេលដែលគាត់បានលះបង់ និងលើកស្ទួយដើម្បីសិល្បៈបុរាណខ្មែរស្ទើរពេញមួយជីវិត ។ ការអះអាងពីព្រឹទ្ធចារ្យរូបនេះ ខណៈលោកយាយធ្លាក់ខ្លួនឈឺ និងជរាពាធ ដែលនេះជាក្តីបារម្ភខ្លាំងពីមហាជន ជាពិសេសកូនសិស្ស និងអ្នកអាជីពសិល្បៈបុរាណ ដែលមិនចង់បាត់បង់ធនធានមនុស្សផ្នែកសិល្បៈដ៏ល្អនេះឡើយ ៕


ចែករំលែកព័តមាននេះ