រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា កន្លងមានស្ថាប័នអង្គការមួយចំនួនបានធ្វើការបណុះបណ្តាលអ្នកសារព័ត៌មានពុំបានសហការជាមួយក្រសួងព័ត៌មាននោះទេ ។ នេះបើតាមលិខិតមួយច្បាប់ របស់ក្រសួងព័ត៌មាន ។
យោងតាមលិខិតមួយច្បាប់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២១ បានលើកជម្រាបទៅម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រធានអង្គការ សមាគមអ្នកសារព័ត៌មានទាំងអស់ ស្តីពីការរៀបចំសិក្ខាសាលា និងបើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកសារព័ត៌មានបានបញ្ជាក់ថា៖«ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រធានអង្គការសមាគមអ្នកសារព័ត៌មានទាំងអស់ ជ្រាបថា កន្លងមកក្រសួងព័ត៌មានបានសង្កេតឃើញមានអង្គភាពសារព័ត៌មាន និងអង្គការ សមាគមមួយចំនួនបានរៀបចំសិក្ខាសាលា និងបើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកសារព័ត៌មាន ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារលើវិស័យព័ត៌មាន និងជាពិសេសក្រុមយុវជន ដែលមានបំណងចង់បំពេញការងារលើវិស័យព័ត៌មានទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែពុំមានកិច្ចសហការជាមួយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើការអប់រំ បណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវតាមក្រឹតក្រមក្បួនខ្នាតក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅឡើយ» ។
លិខិតបន្តថា ដើម្បីធ្វើការអប់រំ បណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សលើវិស័យសារព័ត៌មានឱ្យចំគោលដៅ មានគុណភាព និងមានការទទួលខុសត្រូវក្នុងការបំពេញការងារជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ព្រមទាំងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ក្រសួងព័ត៌មាន សូមធ្វើការណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងអង្គការ សមាគម ដែលមានបំណងរៀបចំសិក្ខាសាលា ឬបើកវគ្គបណ្តុះបណ្តាលលើវិស័យសារព័ត៌មានក្រៅពីអង្គភាពរបស់ខ្លួនត្រូវជូនដំណឹងជាមុនមក ក្រសួងព័ត៌មាន ដើម្បីមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការអប់រំ បណ្តុះបណ្តាលលើវិស័យសារព័ត៌មានដ៏មានសារសំខាន់នេះ កាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ថែមទៀត ។
លិខិតរបស់ក្រសួងព័ត៌មានក៏បានឲ្យស្ថាប័នក៏ដូចជា ម្ចាស់ផ្សព្វផ្សាយទាំងអស់ អនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ចែករំលែកព័តមាននេះ