ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​សុ​ី​ហ្គេ​ម​2023​នៅ​សល់​តែ​800​ថ្ងៃ​ប៉ុណ្ណោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​ផ្លូវការ កម្ពុជា​នៅ​សល់​ពេល​តែ​៨០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​ផ្លូវការ កម្ពុជា​នៅ​សល់​ពេល​តែ​៨០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្នុង​ការ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ីហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ។

ក្នុង​ឱកាស​នេះ​ដែរ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ក្រើន​រំ​ឮ​ក​ដល់​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក សហព័ន្ធ​កីឡា​ជាតិ មន្ដ្រី​កីឡា និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ចូលរួម​រាប់​ថយក្រោយ (Countdown) និង​ត្រូវ​មាន​ភាព​ប្រាកដនិយម​ខ្ពស់ ក្នុង​ដំណាក់កាល​ត្រៀមខ្លួន​នេះ ។ ពិសេស​មិន​ត្រូវ​ទោរទន់​ពេក​ទេ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​ឧត្តមភាព និង​ជោគជ័យ​ជូន​ជាតិ​។

លោក វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា យោង​តាម​ស្មារតី​សន្និបាត​របស់ CAMSOC កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ថ្លែង​ហើយ​ថា យើង​នៅ​សល់​ពេល​តែ​ជាង​៨០០​ថ្ងៃ ហើយ​ឥឡូវ​គឺ​សល់​៨០០​ថ្ងៃ​គត់ អ៊ីចឹង​គណៈកម្មការ​ជំនាញ​ទាំងអស់ និង​អគ្គលេខាធិ​ការដ្ឋាន CAMSOC ត្រូវ​ដាក់​ចេញ​នូវ​គោលដៅ​ការងារ​មុត​ស្រួច និង​ស៊ីជម្រៅ ហើយនឹង​ប្រាកដ​ប្រជា​ទៅ​គ្រប់​ជំនាញ​ទាំងអស់ ធ្វើការ​ឲ្យ​បាន​ម៉ត់ចត់ ត្រៀមខ្លួន​ធ្វើ​ផែនការ ធ្វើ​យុទ្ធសាស្ដ្រ ធ្វើ​និ​តី​វិធី ធ្វើ​គ្រប់​កម្មវិធី​លម្អិត​ទាំងអស់ ដើម្បី​ឲ្យ​ពេលវេលា​សេសសល់ ៨០០​ថ្ងៃនេះ ឲ្យ​ប្រាកដ​ថា យើង​នឹង​ទទួល​បាន​ជោគជ័យ​។

លោក​អគ្គលេខាធិការ NOCC និង​CAMSOC​ដដែល​បន្ថែម​ថា ៨០០​ថ្ងៃនេះ គឺជា​ពេលវេលា​ដែល​សម្រួច​បច្ចេកទេស ខិតខំ​កែ​សម្រួល និង​ជំរុញ​ការ​អភិវឌ្ឍ​គុណ​ផល​កីឡា​។

អ៊ីចឹង​សូម​រំឭក​ដាស់តឿន​ដល់​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក​យើង​ទាំងអស់ ឲ្យ​ស្វែងរក​លទ្ធភាព​ក្នុង​ការ​ហ្វឹកហាត់​ឲ្យ​បាន​មុត​ស្រួច ឲ្យ​ខ្លាំងក្លា​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​និច្ច ដើម្បី​បង្កើន​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ។ សូម​រំឭក​ដល់​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក មន្ដ្រី​កីឡា ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​រួម​គ្នា​រាប់​ថយក្រោយ និង​ជំរុញ​ភាព​ប្រាកដនិយម​នៃ​ការ​រៀបចំ​ត្រៀមលក្ខណៈ​នេះ​ឲ្យ​បាន​ពិតប្រាកដ​។

គួរ​បញ្ជាក់​ថា ឆ្នាំ​២០២១ ត្រូវ​បាន CAMSOC ចាត់ទុកជា​ឆ្នាំ​ចាប់ផ្ដើម​ស៊ី​ហ្គេ​ម ឬ Game Operation Time ខណៈ​ពិធី​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​នេះ គឺ​នៅ​សល់​រយៈ​ពេល​៨០០​ថ្ងៃ​គត់ គ្រា​ដែល​ពិធី​បិទ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ។ បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​២​ឆ្នាំ​ម្ដងនេះ កម្ពុជា​នឹង​បន្ដ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​វិញ​ម្ដង គឺ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ដែល​គ្រោង​ចាប់ផ្ដើម​ការ​ប្រកួត​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ