ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​តែ​បើកចំហ​រលើ​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នៅ​តែ​បើកចំហរ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត ដែល​មានគុណ​ភាពល្អ ។ នេះ​បើ​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ។ ឯកឧត្តម​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នៅ​តែ​បើកចំហរ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត ដែល​មានគុណ​ភាពល្អ ។ នេះ​បើ​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ។

ឯកឧត្តម​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ខ្មែរ​បាន​បញ្ជាក់​ប្រាប់​លោកស្រី អា​ដាល់​ជី​ស្សា អាល់​ប៊ែ​រ​ទីណា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ រដ្ឋមន្ត្រី​ការ​បរទេស​ទី​ម័​រ​ខាងកើត​ថា កម្ពុជា​នៅ​តែ​បើកចំហរ​សម្រាប់​ការ​ពិភាក្សា​លើ​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត តាម​ការ​ស្នើ​សុំ​របស់​ទី​ម័​រ​ខាងកើត កាលពី​ឆ្នាំ​២០២០ ខណៈ​អង្ករ​កម្ពុជា​ត្រូវ​បាន​ពិភពលោក​ថា ជា​អង្ករ​មានគុណ​ភាព​ខ្ពស់ ។

បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ខ្មែរ កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​ឲ្យ​ដឹង​ថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ជួប​ជាមួយ​លោកស្រី អា​ដាល់​ជី​ស្សា អាល់​ប៊ែ​រ​ទីណា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ តាម​ប្រព័ន្ធ​វី​ដេ​អូ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​តំបន់ និង​អន្តរជាតិ​ដែល​ជា​ប្រយោជន៍​រួម និង​ឯកភាព​គ្នា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជា​ច្រើន ក្នុង​នោះ​មាន​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ទេសចរណ៍ ការ​អប់រំ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។

ក្នុង​ជំនួប​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​អញ្ជើញ លោកស្រី​រដ្ឋមន្ត្រី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា បន្ទាប់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្រាល ។

លោក ប្រាក់ សុ​ខុន ក៏​បាន​អបអរសាទរ​ដល់ទី​ម័​រ​ខាងកើត​ដែល​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស ។ ជាមួយ​គ្នា​នោះ លោកស្រី អា​ដាល់​ជី​ស្សា អាល់​ប៊ែ​រ​ទីណា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ ក៏​បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទប់ស្កាត់ និង​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស​បាន​ជោគជ័យ និង​ប្រកបដោយ​ប្រសិទ្ធភាព ទោះបីជា​ពេល​នេះ​កម្ពុជា​កំពុង​ប្រឈម​នឹង «​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​» ឬ​ហៅ​ថា «​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​ទី​២០ ខែកុម្ភៈ​» ក៏​ដោយ​។

លោកស្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ម៉ាស់​ចំនួន ១​លាន និង​បរិក្ខារ​វេជ្ជសាស្ត្រ​មួយ​ចំនួន ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ទី​ម័​រ​ខាងកើត កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ បាន​កត់​សម្គាល់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី នៅ​មាន​កម្រិត​ទាប​នៅឡើយ និង​បាន​ឯកភាព​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​ពីរ​ពិនិត្យ​លទ្ធភាព​បង្កើន​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី តាម​រយៈ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មាន​ស្រាប់ ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ជម្រាប​ជូន​សម​ភាគី​ថា «​កម្ពុជា​នៅ​តែ​បើកចំហរ​សម្រាប់​ការ ពិភាក្សា​លើ​ការ​នាំ​ចេញ​អង្ករ ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត តាម​ការ​ស្នើ​សុំ​របស់​ទី​ម័​រ​ខាងកើត កាលពី​ឆ្នាំ​២០២០ និង​ថា អង្ករ​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ទូ​ទាំង​ពិភពលោក​ថា ជា​អង្ករ​មានគុណ​ភាព​ខ្ពស់​» ។

លោកស្រី ក៏​បាន​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ដ៏​លេចធ្លោ និង​មាន​បំណង​ចង់​សិក្សា​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អ​ៗ ពី​ប្រទេស​កម្ពុជា​។ ជា​ការ​ឆ្លើយ​តប លោក ប្រាក់ សុ​ខុន សម្តែង​សេចក្តី​សោមនស្ស​រីករាយ​ស្វាគមន៍ គណៈប្រតិភូ​របស់​ទី​ម័​រ​ខាងកើត មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច​សិក្សា ភ្ជាប់​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​លោក​ជំទាវ​រដ្ឋមន្ត្រី នៅ​ពេលវេលា​សម​ស្រប​។ ចំពោះ​វិស័យ​អប់រំ លោក ប្រាក់ សុ​ខុន បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​នឹង​បន្ត​គាំទ្រ​ដល់ទី​ម័​រ ខាងកើត​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។

រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ បញ្ចប់​ការ​ចរចា​លើ​ឯកសារ​ចំនួន​ពីរ​គឺ (១.) អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី កិច្ច​សហប្រតិបត្តិការ​ឧត្តម​សិក្សា និង​វិទ្យាសាស្ត្រ រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា និង ក្រសួង​ឧត្តម​សិក្សា វិទ្យាសាស្ត្រ និង​វប្បធម៌ ទី​ម័​រ​ខាងកើត និង (២.) កិច្ចព្រមព្រៀង​ស្តី​ពី កិច្ច​សហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យ​កម្ពុជា និង​ក្រសួង​ឧត្តម​សិក្សា វិទ្យាសាស្ត្រ និង​វប្បធម៌​ទី​ម័​រ​ខាងកើត​។

រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ ក៏​បាន​អបអរសាទរ​គ្នា ចំពោះ​ការ​រីក​ចម្រើន និង​កិច្ច​សហប្រតិបត្តិការ ក្នុង​វិស័យ​សំខាន់​ជា​ច្រើន​ទៀត និង​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំង​ពីរ​ព​ន្លឿ​ន​ការ​ចរចា លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ចំនួន​បី​ផ្សេង​ទៀត ដូច​ជា​៖ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​(១.) កិច្ច​សហប្រតិបត្តិការ​វិស័យ​ទេសចរណ៍ (២.) កិច្ច​សហប្រតិបត្តិការ​ទូទៅ​វិស័យ​ពាណិជ្ជកម្ម និង (៣.) កិច្ចសហការ​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ជាតិ​។

ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ លោក​ជំទាវ​រដ្ឋមន្ត្រី​ការ​បរទេស ទី​ម័​រ​ខាងកើត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បន្ត​គាំទ្រ​របស់​កម្ពុជា ក្នុង​ការ​ចូល​ជា​សមាជិក​អាស៊ាន របស់​ទី​ម័​រ​ខាងកើត​។ ជា​ការ​ឆ្លើយ​តប លោក​ឧបនាយករដ្ឋមន្ត្រី បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​កម្ពុជា ចំពោះ​ការ​ស្នើ​សុំ​របស់​ទី​ម័​រ​ខាងកើត ដើម្បី​ចូល​ជា​សមាជិក​អាស៊ាន ដោយ​ជឿជាក់​ថា សមាជិកភាព​របស់​ទី​ម័​រ​ខាងកើត​ក្នុង​អាស៊ាន នឹង​នាំ​មក​នូវ​ផលប្រយោជន៍ កាន់តែ​ច្រើន​ដល់​អាស៊ាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ